
ដើម្បីដំណឹងល្អ
ដោយAlistair Begg
February 13, 2026
«បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ ។ ដល់ម្ល៉េះបានជានៅពេញក្នុងផ្ទៃវាំង នឹងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ» ។ ភីលីព ១:១២-១៣
រឿងដែលបានចែងអំពីសាវ័កប៉ុល ក្នុងកណ្ឌគម្ពីរកិច្ចការ អាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនអាចតាមគាត់ទាន់ឡើយ ។ គាត់តែងតែផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយជានិច្ច ។ មានពេលមួយនោះ គាត់ធ្វើតង់លក់ នៅកន្លែងមួយ បន្ទាប់មក គាត់ប្រោសក្មេងជំទង់ម្នាក់ ឈ្មោះ អើទីកុស ឲ្យមានជីវិតរស់ឡើងវិញ នៅកន្លែងមួយទៀត ហើយក្រោយមក គាត់បានរួចជីវិត បន្ទាប់ពីត្រូវសត្វពស់ចឹក នៅក្រោយពេលសំពៅលិច ហើយក៏បានធ្វើការប្រោសជំងឺ នៅកោះម៉ាលតា ។ ល្បឿននៃការផ្លាស់ទីរបស់គាត់ពីកន្លែងមួយទៅកន្លែងមួយ អាចធ្វើឲ្យអ្នកស្រមៃថា អ្នកមិនអាចតាមគាត់ទាន់ឡើយ ។ ជាការពិតណាស់ រឿងដែលគាត់ជាប់ឃុំខ្លួនក្នុងផ្ទះរយៈពេល២ឆ្នាំ ជាជារឿងអាក្រក់បំផុតដែលបានកើតឡើងចំពោះមនុស្សដូចគាត់ (កិច្ចការ ២៨:៣០-៣១) ។
អ្នកអាចស្រមៃថា អារក្សមានការឆ្លើយតបដូចម្តេច ចំពោះការជាប់គុករបស់សាវ័កប៉ុល : វាប្រហែលជានិយាយថា ឥឡូវនេះ អញបានបំបិទមាត់វាហើយ! ការជាប់ឃុំខ្លួននេះ នឹងធ្វើឲ្យវាមិនអាចធ្វើអ្វីកើតទេ ។ វានឹងមិនអាចចេញទៅណាបានឡើយ ក្នុងរយៈពេលដ៏យូរយ៉ាងនេះ ។ វានឹងលែងឆេះឆួលទៀត ហើយវានឹងស្លាប់ក្នុងការជាប់ឃុំនេះ ។ ជាការពិតណាស់ អារក្សមិនបានឈ្នះសាវ័កប៉ុលឡើយ ។ ក្នុងអំឡុងពេលដែលគាត់ជាប់ឃុំខ្លួន គាត់បានសរសេរសំបុត្រដែលគួរឲ្យកត់សំគាល់បំផុត ដោយការបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ គឺសំបុត្រដែលព្រះទ្រង់នៅតែបន្តប្រើ ដើម្បីកែប្រែជីវិតមនុស្សជាច្រើន អស់រយៈពេលជាង២ពាន់ឆ្នាំហើយ ។ ហើយ គួរកត់សំគាល់ថា ដំណឹងល្អបានចម្រើនឡើង ទោះគាត់ជាប់ច្រវាក់ក៏ដោយ តែក៏ថែមទាំងបានចម្រើនឡើង ដោយសារការជាប់ច្រវាក់នោះឯង ។
សាវ័កប៉ុលមានលក្ខណៈខុសប្លែកយ៉ាងខ្លាំងពីអ្នកទោសដទៃទៀត ។ ពួកទាហានដែលយាមគាត់ ប្រហែលនិយាយគ្នាថា គាត់ជាមនុស្សដែលមានលក្ខណៈគួរឲ្យកត់សំគាល់បំផុត ដែលយើងធ្លាប់ជួបក្នុងគុក ។ យើងធ្លាប់តែឃើញអ្នកទោសដែលតែងតែនិយាយពាក្យអសុរោះ ស្រែកឡូឡា បង្កសម្លេងរំខាន និងរអ៊ូរទាំជាប់ជានិច្ច ។ ប៉ុន្តែ ម្នាក់ឈ្មោះប៉ុលនេះ មានអំណរ និងគោលបំណង ហើយគាត់តែងតែចែកចាយព្រះបន្ទូល!
ដោយសារការចែកចាយព្រះបន្ទូលទៅកាន់ពួកទាហានទាំងនោះ ពួកទាហានក៏បាននិយាយតៗគ្នាពេញក្នុងវាំង ពីមាត់មួយទៅមាត់មួយថា មូលហេតុដែលបុរសម្នាក់នេះ ជាប់គុក គឺដោយសារព្រះយេស៊ូវ ។ ពួកគេនិយាយត្រូវ ព្រោះសាវ័កប៉ុលបានជាប់ច្រវាក់ ក្នុងគុក ដោយសារគាត់បានជាប់ច្រវាក់ជាមួយព្រះយេស៊ូវគ្រីស្ទ ។
ពួកអ្នកយាមខ្លះ ហាក់ដូចជាមិនគ្រាន់តែបានឮដំណឹងល្អប៉ុណ្ណោះទេ តែក៏បានឆ្លើយតបផងដែរ ។ នៅពេលដែលពួកគេទៅប្រចាំការនៅកន្លែងថ្មី នៅទូទាំងចក្រភពរ៉ូម ដំណឹងល្អក៏បានឮទៅដល់កន្លែងផ្សេងទៀតតាមរយៈពួកគេ ។ ដូចនេះ ការជាប់គុករបស់សាវ័កប៉ុល ពីដំបូងហាក់ដូចជាបានរារាំងការផ្សាយដំណឹងល្អ ប៉ុន្តែ តាមពិត មានសារៈសំខាន់ចំពោះដំណឹងល្អ ។
អ្នកមិនចាំបាច់ត្រូវក្លាយជាអ្នកទោស បេសកជន ឬពួកសាវ័ក ដើម្បីឲ្យព្រះទ្រង់ប្រើអ្នក ក្នុងការផ្សាយដំណឹងល្អឡើយ ហើយអ្នកក៏មិនចាំបាច់ត្រូវរង់ចាំកាលៈទេសៈដែលសមប្រកប ក្នុងជីវិតអ្នក ដែលត្រូវនឹងចិត្តអ្នក មុននឹងប្រាប់គេអំពីព្រះយេស៊ូវឡើយ ។ ទោះអ្នកជាប់គុក នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងការិយាល័យ នៅទីវាល ឬនៅកន្លែងណាក៏ដោយ ក៏អ្នកមិនដែលនៅឆ្ងាយពីមនុស្សដែលត្រូវការឮរឿងដ៏អស្ចារ្យនៃព្រះគុណព្រះ ទោះអ្នកបានដឹងខ្លួនឬអត់ក៏ដោយ ។ តើអ្នកកំពុងប្រឈមមុខដាក់ស្ថានភាពអ្វី ដែលអ្នកគិតថា វាជាឧបសគ្គ ដល់ការផ្សាយដំណឹងល្អ តើអ្នកអាចប្រើវាជាឱកាស ដើម្បីផ្សាយដំណឹងល្អដូចម្តេចខ្លះ? តើនរណាគឺជាមនុស្សបាត់បង់ និងកំពុងស្រេកឃ្លានសេចក្តីសង្គ្រោះ ដែលព្រះទ្រង់បានដាក់ ក្នុងជីវិតអ្នកនៅថ្ងៃនេះ? ពួកគេត្រូវការព្រះរបស់អ្នក ។ ហើយពួកគេប្រហែលជាមានឱកាសជួបព្រះអង្គ តាមរយៈភាពក្លាហានដោយក្តីស្រឡាញ់របស់អ្នក ។
ខគម្ពីរជញ្ជឹងគិត៖ ភីលីព ១:១២-១៨ក
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៦០-៦១ និង ម៉ាកុស ១៤:១-២៦