
ចូរយើងឲ្យតម្លៃព្រះបន្ទូល
ដោយAlistair Begg
February 19, 2026
«រីឯសាំយូអែល ក្មេងនោះ ក៏ធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខអេលី ក្នុងគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាកាន់តែក្រទៅ ឯការជាក់ស្ដែងក៏មិនសូវមានជាញឹកញយដែរ...នោះព្រះយេហូវ៉ាទ្រង់ហៅមកសាំយូអែល» ។ ១សាំយ៉ូអែល ៣:១,៤
នៅចុងបញ្ចប់នៃកណ្ឌគម្ពីរពួកចៅហ្វាយ យើងឃើញថា ភាពវឹកវរបានកើតឡើង នៅពេលដែល «មនុស្សទាំងឡាយតែងប្រព្រឹត្តការអ្វី តាមដែលគេយល់ឃើញថាត្រឹមត្រូវគ្រប់គ្នា» (ពួកចៅហ្វាយ ២១:២៥) ដោយមិនមានអ្នកគ្រប់គ្រងពួកគេ ។ បញ្ហានេះបានឆ្លុះបញ្ចាំងអំពីភាពងងឹតខាងវិញ្ញាណ ក្នុងចំណោមរាស្រ្តរបស់ព្រះ ។ តើមានអ្វីបណ្តាលឲ្យមានភាពងងឹតនេះកើតឡើង? គឺដោយសារការប្រកាសព្រះបន្ទូលព្រះដោយចិត្តស្មោះត្រង់កាន់តែមានភាពកម្រ នៅសម័យនោះ ។ ប៉ុន្តែ មិនមែនមានតែសម័យនោះទេ ដែលជួបប្រទះភាពស្ងាត់ស្ងៀមយ៉ាងដូចនេះ ។ តាមពិត រាស្រ្តរបស់ព្រះបានឆ្លងកាត់រយៈពេលដ៏ស្ងប់ស្ងាត់ និងងងឹតយ៉ាងដូចនេះ នៅគ្រប់ជំនាន់ទាំងអស់ ។
ប៉ុន្តែ ព្រះទ្រង់គឺជាព្រះនៃភាពច្បាស់លាស់ និងប្រកបដោយព្រះគុណ ហេតុនេះហើយ ព្រះអង្គមិនដែលបណ្តោយឲ្យពួកបណ្តាជន រស់នៅដោយគ្មានព្រះបន្ទូលឡើយ ។ ដូចនេះ ទោះពួកបណ្តាជនមានបញ្ហាសេចក្តីជំនឿខ្លាំងយ៉ាងណាក៏ដោយ ក្នុងអំឡុងសម័យពួកចៅហ្វាយ ក៏ព្រះអង្គកំពុងតែត្រៀមនាំព្រះបន្ទូលព្រះអង្គ ដល់ពួកគេ តាមរយៈ ក្មេងប្រុស «សាំយូអែល» ។ ព្រះអង្គតែងតែធ្វើយ៉ាងណា ឲ្យរាស្រ្តព្រះអង្គបានឮព្រះបន្ទូលព្រះអង្គ តាមមធ្យោបាយណាមួយ ហើយសព្វថ្ងៃនេះ ក្នុងសង្គមលោកខាងលិច យើងមិនអាចអះអាងថា ព្រះអង្គ «កម្រ» មានបន្ទូលមកកាន់រាស្រ្តព្រះអង្គឡើយ ។ យើងមានឯកសិទ្ធិទទួលព្រះបន្ទូលព្រះអង្គ យ៉ាងងាយស្រួល ក្នុងព្រះគម្ពីរប៊ីប ។ ក្នុងរយៈពេលពីរបីសតវត្សរ៍នេះ គ្រូអធិប្បាយអាចនិយាយទៅកាន់ពួកជំនុំថា «សូមបើកព្រះគម្ពីររបស់អ្នកទៅកាន់ខគម្ពីរនេះ ឬខគម្ពីរនោះ» ព្រោះមុនពេលម៉ាស៊ីនបោះពុម្ពត្រូវបានគេឆ្នៃបង្កើតឡើយ មានមនុស្សតិចណាស់ ដែលមានព្រះគម្ពីរប៊ីបមើល ឬបើពួកគេមានព្រះគម្ពីរមើល ក៏ពួកគេមិនអាចអានភាសាដើមបានដែរ ។ នៅសតវត្សរ៍ទី១៨ នៅពេលដែលលោកគ្រូ ចន ញូតុន (John Newton) ចែកចាយព្រះបន្ទូលទៅកាន់ពួកជំនុំរបស់គាត់ គាត់បានកត់សំគាល់ថា «ខ្ញុំចាត់ទុកខ្លួនខ្ញុំថា មានកិត្តិយស និងមានសុភមង្គល ដែលបានចែកចាយព្រះបន្ទូលទៅកាន់មនុស្សដែលមានសេរីភាព គឺអ្នកដែលមានព្រះគម្ពីរប៊ីបនៅក្នុងដៃ» ។19 ហើយនៅមានកន្លែងជាច្រើនក្នុងពិភពលោក ដែលគេបានបំផ្លាញព្រះគម្ពីរប៊ីប ឬដាក់បម្រាមមិនឲ្យនាំចូល បានជាគេត្រូវលួចនាំចូលព្រះគម្ពីរប៊ីប ។ សម្រាប់បងប្អូនប្រុសស្រីរបស់យើង ក្នុងប្រទេសទាំងនោះ ការមានព្រះគម្ពីរប៊ីបតែមួយភាគតូច គឺប្រៀបដូចជាការមានព្រះគម្ពីរប៊ីបជាច្រើនក្បាល ។
តែក្នុងសង្គមរបស់យើងវិញ មនុស្សជាច្រើនមានកិត្តិយស និងឯកសិទ្ធិ ក្នុងការមានព្រះគម្ពីរប៊ីបអាន ប៉ុន្តែ យើងនៅតែរស់នៅដោយភាពស្ងាត់ស្ងៀមយ៉ាងអសកម្ម ដោយយើងកាន់តែកម្រអានព្រះបន្ទូលព្រះអង្គ ក្នុងការរស់នៅរបស់យើង ។ តើព្រះគម្ពីរប៊ីបពិតជាមានវត្តមានក្នុងជីវិតអ្នក និងក្នុងកន្លែងថ្វាយបង្គំរបស់អ្នកឬទេ គឺមិនគ្រាន់តែមានវត្តមានជាសៀវភៅ តែក៏មានវត្តមានជាសម្លេងដែលគេប្រកាស និងស្តាប់ដោយយកចិត្តទុកដាក់ឬទេ? ការមានព្រះគម្ពីរប៊ីប ឬថែមទាំងបានអាន និងរៀនព្រះបន្ទូល មានសារៈសំខាន់ ប៉ុន្តែ ដែលសំខាន់បំផុតនោះ គឺយើងត្រូវស្តាប់បង្គាប់តាមសេចក្តីពិត និងស្រឡាញ់ ហើយឲ្យតម្លៃព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ដែលព្រះគម្ពីរប៊ីបបានបើកសម្ដែង!
លោកគ្រូ អាឡិច ម៉ូតយ័រ (Alec Motyer) បានសរសេរថា «តើយើងនៅមានព្រះគម្ពីរប៊ីបក្នុងដៃរបស់យើងទេ? ចូរយើងឲ្យតម្លៃនិងអានព្រះគម្ពីរប៊ីប ហើយប្តេជ្ញាចិត្តទទួលយកសេចក្តីពិតដ៏មានតម្លៃ ទុកនៅក្នុងចិត្ត និងគំនិតរបស់យើង ។ ព្រះគម្ពីរប៊ីបមិនមែនជារបស់ទ្រព្យដែលគេមិនអាចដកចេញពីយើងនោះទេ ពោលគឺយើងអាចបាត់បង់ឱកាសអានជារៀងរហូត» ។20 សូមឲ្យពាក្យពេចន៍របស់គាត់បានជំរុញចិត្តអ្នក ឲ្យស្វែងរក និងឲ្យតម្លៃព្រះបន្ទូលព្រះ ដើម្បីឲ្យអ្នកអាចដើរក្នុងពន្លឺ ដោយស្តាប់ព្រះអង្គមានបន្ទូល អំពីព្រះរាជបុត្រា តាមរយៈកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ១១៩:១៧-២៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ៩-១១ និង ១ថែស្សាឡូនិច ១