
ញែកថ្ងៃសប្ប័ទចេញជាថ្ងៃបរិសុទ្ធ (ផ្នែកទី១)
ដោយAlistair Begg
February 28, 2026
«ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» ។ និក្ខមនំ ២០:៨
ក្នុងប្រវត្តិសាស្រ្តពួកជំនុំទាំងមូល មានគ្រីស្ទបរិស័ទដែលមានបំណងល្អ តែបានកាត់ចោលក្រឹត្យវិន័យមួយ ក្នុងចំណោមក្រឹត្យវិន័យ១០ប្រការ ដោយមិនដឹងខ្លួន ។ អ្នកខ្លះបានសម្រេចថា ក្រឹត្យវិន័យទី៤មិនដូចក្រឹត្យវិន័យផ្សេងទៀតទេ ប៉ុន្តែ បានហួសសុពលភាពហើយ ពោលគឺសម្រាប់តែមនុស្សសម័យបុរាណប៉ុណ្ណោះ ។ តាមពិត ការបង្គាប់ឲ្យនឹកចាំថ្ងៃសប្ប័ទ ឬថ្ងៃឈប់សម្រាក ហើយញែកថ្ងៃនោះជាបរិសុទ្ធ នៅតែមានសារៈសំខាន់ និងមានអំណាចមកលើយើងយើងរាល់គ្នាក្នុងសម័យបច្ចុប្បន្ន ។
ហេតុអ្វីសម័យនេះ មនុស្សមិនឲ្យតម្លៃក្រឹត្យវិន័យដ៏សាមញ្ញនេះ ដូចសម័យដើម? អ្នកខ្លះបានអះអាងថា បទបញ្ជា និងការដាស់ទោស ក្នុងក្រឹត្យវិន័យនេះ មានចំណងទាក់ទងនឹងសេចក្តីសញ្ញាចាស់ ហេតុនេះហើយ វាមិនមានអំណាច មក លើមនុស្ស នៅគ្រាសញ្ញាថ្មីទេ ។ ប៉ុន្តែ យើងមិនបានគិតអំពីក្រឹត្យវិន័យដទៃទៀតយ៉ាងដូចនេះទេ ។ អ្នកខ្លះទៀតនិយាយថា ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គគឺជា «ម្ចាស់លើថ្ងៃឈប់សំរាក» (ម៉ាថាយ ១២:៨) ហើយការអះអាងនេះ បានកាត់បន្ថយសារៈសំខាន់ និងអំណាចនៃក្រឹត្យវិន័យនេះ ។ ប៉ុន្តែ ព្រះយេស៊ូវមិនបានព្យាយាមរំលាយថ្ងៃសប្ប័ទឡើយ ប៉ុន្តែ ព្យាយាមរំលាយច្បាប់ដែលពួកផារិស៊ីបានបន្ថែមពីលើក្រឹត្យវិន័យនេះ ។
ខ្ញុំសង្ស័យថា មូលហេតុដែលគ្រីស្ទបរិស័ទភាគច្រើន មិនបានគិតអំពីក្រឹត្យវិន័យទី៤ ឲ្យបានត្រឹមត្រូវ គឺដោយសារពួកគេមិនចូលចិត្តការតម្រូវក្នុងក្រឹត្យវិន័យនេះ ។ យើងមិនចូលចិត្តរបៀបដែលក្រឹត្យវិន័យនេះបង្គាប់ឲ្យយើងប្រើពេលវេលា ក្នុងជីវិតយើង ក្នុងការសម្រាកលំហែ និងក្នុងការអ្វីដែលយើងគិតថា សំខាន់ជាង ។ ហេតុនេះហើយ យើងប្រព្រឹត្ត ធ្វើមើលតែក្រឹត្យវិន័យនេះស្ថិតក្នុងប្រភេទព្រះរាជបញ្ជាផ្សេងពីក្រឹត្យវិន័យ៩ទៀត ។
បើយើងចង់យល់អំពីសារៈសំខាន់នៃថ្ងៃសប្ប័ទ និងឆ្លើយតប ចំពោះក្រឹត្យវិន័យនេះ តាមរបៀបដែលគោរពប្រតិបត្តិព្រះអង្គ យើងត្រូវតែឱបក្រសោបយកសេចក្តីពិត ដោយជឿថា ព្រះទ្រង់បានញែកថ្ងៃសប្ប័ទជាថ្ងៃពិសេស ដាច់ដោយឡែកពីថ្ងៃផ្សេងទៀត ។ គឺដូចដែលព្រះអង្គបានសម្រាកនៅថ្ងៃទី៧ ហើយប្រកាសថា ថ្ងៃនោះជាថ្ងៃបរិសុទ្ធ ។ ពួកជំនុំ ក្នុងសម័យសញ្ញាថ្មី បានផ្លាស់ប្តូរថ្ងៃឈប់សម្រាក ពីថ្ងៃទី៧ទៅថ្ងៃទីមួយនៃសប្តាហ៍ ដើម្បីកត់សំគាល់ថា ថ្ងៃនោះជាថ្ងៃដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ។ ក្នុងករណីទាំងពីរនេះ យើងឃើញថា លក្ខណៈពិសេសនៃថ្ងៃឈប់សម្រាក ត្រូវបានព្រះទ្រង់ត្បាញចូលទៅក្នុងព្រះរាជកិច្ចនៃការបង្កើត និងការប្រោសលោះរបស់ព្រះអង្គ ។
ពេលណាយើងជឿដូចនេះ យើងអាចមើលឃើញថា ថ្ងៃសប្ប័ទមិនគ្រាន់តែជាថ្ងៃដែលបានញែកចេញពីថ្ងៃផ្សេងនោះឡើយ តែក៏ជាថ្ងៃដែលបានញែកចេញថ្វាយព្រះអម្ចាស់ផងដែរ ។ បើយើងមិនយល់ឃើញដូចនេះទេ យើងនឹងជួបការល្បួងឲ្យយល់ឃើញថា ការចូលរួមកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ គ្រាន់តែជាការធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ ។ បើយើងមានផ្នត់គំនិតដូចនេះ យើងកំពុងតែបំពានក្រឹត្យវិន័យទី៤ហើយ ។
យើងត្រូវឲ្យតម្លៃមកលើថ្ងៃសប្ប័ទ ឲ្យបានត្រឹមត្រូវ ដោយចាត់ទុកថ្ងៃនេះ ជាអំណោយសម្រាប់ឲ្យយើងអរសប្បាយ ដោយគ្មានការរំខានពីការសម្រាកលំហែ ឬដោយការងារ (បើសិនជាអាច) ជាឯកសិទ្ធិក្នុងការចូលព្រះវត្តមានព្រះ សិក្សាព្រះបន្ទូល និងប្រកបគ្នាជាមួយរាស្រ្តរបស់ព្រះ ។ យើងមើលឃើញក្រឹត្យវិន័យនេះជាការអញ្ជើញ មិនគ្រាន់តែឲ្យធ្វើអ្វីដែលយើងគួរធ្វើ តែក៏ជាអ្វីដែលយើងនឹងចូលចិត្តធ្វើផងដែរ ។ បើអ្នកកំពុងតែយល់ឃើញដូចនេះ អំពីថ្ងៃសប្ប័ទរបស់ព្រះ នោះចូរសួរខ្លួនឯងថា តើមានអ្វីរារាំងអ្នកមិនឲ្យគោរពថ្ងៃសប្ប័ទ ដែលជាថ្ងៃនៃព្រះអម្ចាស់? ចូរជម្នះទម្លាប់អាក្រក់របស់អ្នក ហើយទទួលយកអំណោយនៃថ្ងៃសប្ប័ទ ។ ចាប់តាំងពីថ្ងៃអាទិត្យក្រោយទៅ ចូរប្រាកដថា អាទិភាពរបស់អ្នកមិនមែនដើម្បីស្វែងរកការសម្រាកលំហែ នៅថ្ងៃសប្ប័ទនោះឡើយ តែដើម្បីញែកថ្ងៃនេះជាបរិសុទ្ធថ្វាយព្រះអង្គវិញ ។
ខគម្ពីរជញ្ជឹងគិត៖ ហេព្រើរ ៤:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ២៩-៣០ និង យ៉ាកុប ១