នំម៉ាណាប្រចាំថ្ងៃ
ចូរ​និយាយ​តែ​ការ​ពិត

ចូរ​និយាយ​តែ​ការ​ពិត

ដោយAlistair Begg

March 6, 2026

«កុំ​ឲ្យ​ធ្វើ​ជាទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យសោះ» ។ និក្ខមនំ ២០:១៦
រាល់​ការ​បង្គាប់​នីមួយៗ​ក្នុង​ព្រះ​គម្ពីរប៊ីប មិន​គ្រាន់តែ​ជា​បទ​បញ្ជា​សម្រាប់​ការ​រស់នៅ​របស់​យើង តែ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ដឹង​ថា ព្រះអង្គ​គឺជា​នរណា​ ។ ក្រឹត្យ​វិន័យ​ដែល​ទាស់​ប្រឆាំង​ការ​ផិតក្បត់ មាន​ឫសគល់​នៅ​ក្នុង​សេចក្តី​សុចរិត​របស់​ព្រះអង្គ​ ។ ការ​ហាម​មិន​ឲ្យ​សម្លាប់​ជីវិត​មនុស្ស ក៏​មាន​ប្រភព​ចេញពី​ព្រះអម្ចាស់ ដែល​ជា​អ្នក​ប្រទាន​ជីវិត​ ។ ដូច​នេះ ក្រឹត្យ​វិន័យទី៩ ដែល​ទាស់​ប្រឆាំង​នឹង​ការ​ធ្វើ​បន្ទាល់​ក្លែងក្លាយ ក៏​មាន​ប្រភព​ចេញពី​ព្រះ​នៃ​សេចក្តី​ពិត​គ្រប់​យ៉ាង ដែល​តែងតែ​ធ្វើ​តាម​ព្រះបន្ទូល​សន្យា មិន​អាច ហើយក៏​មិន​ដែល​កុហក (ជន​គណនា ២៣:១៩) ។
ហេតុ​អ្វី​ព្រះអម្ចាស់​បាន​បង្គាប់​យើង មិន​ឲ្យ​ធ្វើ​បន្ទាល់​ក្លែងក្លាយ ? យើង​ពិតជា​អាច​សន្និដ្ឋាន​ថា ការ​បង្គាប់​នេះ​កំពុងតែ​សំដៅ​ទៅលើ​ការ​និយាយ​ស្តី​គ្រប់​ប្រភេទ ដែល​មិន​ពិត​ ។ យើង​អាច​ខ្វះ​សេចក្តី​ពិត​ក្នុង​ការ​និយាយ​ស្តី តាម​របៀប​ជា​ច្រើន​ ។ យើង​ធ្វើ​បន្ទាល់​ក្លែងក្លាយ ដោយ​ការ​បោក​បញ្ឆោត ដោយ​បើក​ចំហ ពេលណា​យើង​ផ្តល់​ឲ្យ​ព័ត៌មាន​ក្លែងក្លាយ ឬ​លាក់​បាំង​ការ​ពិត​តាម​របៀប​ណាមួយ​ ។ យើង​ធ្វើ​បន្ទាល់​ក្លែងក្លាយ ពេលណា​យើង​ចូល​រួម​ក្នុង​ការ​ចែកចាយ​ពាក្យ​ចចាមអារ៉ាម និង​ការ​និយាយ​ដើម​​អ្នក​ដទៃ​ ។ យើង​ធ្វើ​បន្ទាល់​ក្លែងក្លាយ ដោយ​ការ​ឈ្នានីស និង​និយាយ​បញ្ជោរ​អ្នក​ដទៃ​លើស​ពី​ការ​ពិត​ ។ យើង​ធ្វើ​បន្ទាល់​ក្លែងក្លាយ ពេលណា​យើង​និយាយ​ពន្លើស​ការ​ពិត បង្ហាញ​ចំណាប់​អារម្មណ៍​បែប​កុហក និង​មិន​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​និយាយ​ការ​ពិត​ ។ គ្រប់​ការ​ទាំង​នេះ​គឺ​សុទ្ធតែ​ខ្វះ​មិន​ដល់​ខ្នាត​គំរូ​របស់​ព្រះ​ ។
ដើម្បី​ជម្នះ​ការ​ល្បួង​ឲ្យ​កុហក យើង​ចាំបាច់​ត្រូវ​យល់​អំពី​មូល​ហេតុ​ចម្បង ដែល​យើង​កុហក​ ។ សាតាំង​គឺជា​ប្រភព​ដើម​នៃ​ការ​កុហក គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​វា​ថា «កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត​ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង» (យ៉ូហាន ៨:៤៤) ។ ការ​បោក​បញ្ឆោត គឺជា​យុទ្ធ​សាស្រ្ត​ដែល​វា​ប្រើ ក្នុង​សួន​ច្បារ​អេដែន គឺ​នៅ​ពេល​ដែល​វា​និយាយ​កុហក​នាង​អេវ៉ា​ ។ គួរ​ឲ្យ​សោកសៅ​ណាស់ ជា​ញឹក​ញាប់ យើង​ក៏​និយាយ​កុហក តាម​ការ​ជំរុញ​ចិត្ត ពី​អំនួត សេចក្តី​សម្អប់ និង​ការ​ភ័យ​ខ្លាច​ ។ យើង​និយាយ​កុហក ដោយសារ​អំនួត ពេលណា​យើង​ចង់​ឲ្យ​អ្នក​ដទៃ​លើក​ដំកើង​យើង​ ។ យើង​បោក​បញ្ឆោត ដោយសារ​សេចក្តី​សម្អប់ ពេលណា​យើង​ចង់​បំផ្លាញ​អ្នក​ដទៃ​ ។ យើង​និយាយ​មិន​ពិត ដោយ​ការ​ភ័យ​ខ្លាច ចំពោះ​ផល​វិបាក ដែល​គិតថា យើង​នឹង​ទទួល​បាន ពេលណា​គេ​ដឹង​ការ​ពិត​ ។ ក្នុង​កាលៈទេសៈ​ទាំង​អស់​នេះ យើង​កុហក ដោយសារ​យើង​ស្រឡាញ់​ខ្លួនឯង ច្រើន​ជាង​យើង​ស្រឡាញ់​ព្រះ និង​អ្នក​ជិត​ខាង​របស់​យើង​ ។
តាម​ពិត ព្រះ​ទ្រង់​ស្អប់​ការ​បោក​បញ្ឆោត (សុភាសិត ៦:១៦-១៩) ។ ដើម្បី​ឲ្យ​យើង​ដើរ​ក្នុង​សេចក្តី​ពិត យើង​ត្រូវតែ​ឆ្កាង​សម្លាប់​អំនួត​របស់​យើង ហើយ​ខ្វល់​អំពី​ការ​គិត​របស់​ព្រះអង្គ​ចំពោះ​យើង ជាជាង​ខ្វល់​អំពី​ការ​គិត​របស់​អ្នក​ដទៃ​ ។ យើង​ត្រូវ​ជៀស​វាង​ការ​ឈ្នានីស ហើយ​ដេញ​តាម​សេចក្តី​ស្រឡាញ់ ចំពោះ​អ្នក​ដទៃ​វិញ ដោយ​ប្ដេជ្ញា​ចិត្ត​ថា នឹង​មិន​និយាយ​ឈ្នានីស ឬ​និយាយ​ដើម​បន្ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ។ ហើយ​យើង​ត្រូវតែ​ជម្នះ​ការ​ភ័យ​ខ្លាច​មនុស្ស ដោយ​ជំនួស​ការ​ភ័យ​ខ្លាច​មនុស្ស ដោយ​ការ​កោត​ខ្លាច​ព្រះ ដែល​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស ហើយ​ប្រកាស​ថា អង្គ​ទ្រង់ «គឺជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត» (យ៉ូហាន ១៤:៦) ។
ព្រះអម្ចាស់យេស៊ូវ​បាន​ប្រទាន​ដល់​រាស្ត្រ​ព្រះអង្គ នូវ​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត (យ៉ូហាន ១៥:២៦) ដែល​ប្រទាន​កម្លាំង​យើង​ឲ្យ​ដើរ​ក្នុង​សេចក្តី​ពិត ហើយ​ជម្រុះ​ចោល​ការ​ភូត​កុហក​ ។ មានតែ​ដោយ​អំណាច​របស់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​យើង​អាច​ផ្លាស់​ប្រែ ស្រប​តាម​រូប​អង្គ​នៃ​ព្រះគ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង ហើយ​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះ ដែល​បាន​ប្រទាន​ក្រឹត្យ​វិន័យទី៩​ ។ ចូរ​យើង​សួរ​ខ្លួន​ឯង​ថា តើ​យើង​ជួប​ការ​ល្បួង​ឲ្យ​ធ្វើ​បន្ទាល់​ក្លែងក្លាយ ភាគ​ច្រើន​នៅ​ក្នុង​ស្ថានភាព​ណា និង​តាម​របៀបណា​ខ្លះ ? តើ​សេចក្តី​ពិត​អំពី​ព្រះយេស៊ូវ ដំណឹង​ល្អ​របស់​ព្រះ​អង្គ​ដែល​ជួយ​សង្គ្រោះ និង​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​ដែល​គង់​សណ្ឋិត​បាន​បណ្តាល​ចិត្ត​អ្នក​ឲ្យ​និយាយ​ស្តី ខុសពី​មុន ចាប់​តាំងពី​ពេល​នេះ ឲ្យ​និយាយ​តែ​សេចក្តី​ពិត ក្នុង​នាម​ជា​អ្នក​ដើរ​តាម​សេចក្តី​ពិត​ឬ​ទេ ? 


ខគម្ពីរ​ជញ្ជឹង​គិត៖ សុភាសិត ៦:១៦-១៩
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យ៉ូប ៣-៤ និង ១កូរិនថូស ២

ប្រភេទ