
ចូរនិយាយតែការពិត
ដោយAlistair Begg
March 6, 2026
«កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ» ។ និក្ខមនំ ២០:១៦
រាល់ការបង្គាប់នីមួយៗក្នុងព្រះគម្ពីរប៊ីប មិនគ្រាន់តែជាបទបញ្ជាសម្រាប់ការរស់នៅរបស់យើង តែក៏ជាការឆ្លុះបញ្ចាំងឲ្យយើងដឹងថា ព្រះអង្គគឺជានរណា ។ ក្រឹត្យវិន័យដែលទាស់ប្រឆាំងការផិតក្បត់ មានឫសគល់នៅក្នុងសេចក្តីសុចរិតរបស់ព្រះអង្គ ។ ការហាមមិនឲ្យសម្លាប់ជីវិតមនុស្ស ក៏មានប្រភពចេញពីព្រះអម្ចាស់ ដែលជាអ្នកប្រទានជីវិត ។ ដូចនេះ ក្រឹត្យវិន័យទី៩ ដែលទាស់ប្រឆាំងនឹងការធ្វើបន្ទាល់ក្លែងក្លាយ ក៏មានប្រភពចេញពីព្រះនៃសេចក្តីពិតគ្រប់យ៉ាង ដែលតែងតែធ្វើតាមព្រះបន្ទូលសន្យា មិនអាច ហើយក៏មិនដែលកុហក (ជនគណនា ២៣:១៩) ។
ហេតុអ្វីព្រះអម្ចាស់បានបង្គាប់យើង មិនឲ្យធ្វើបន្ទាល់ក្លែងក្លាយ ? យើងពិតជាអាចសន្និដ្ឋានថា ការបង្គាប់នេះកំពុងតែសំដៅទៅលើការនិយាយស្តីគ្រប់ប្រភេទ ដែលមិនពិត ។ យើងអាចខ្វះសេចក្តីពិតក្នុងការនិយាយស្តី តាមរបៀបជាច្រើន ។ យើងធ្វើបន្ទាល់ក្លែងក្លាយ ដោយការបោកបញ្ឆោត ដោយបើកចំហ ពេលណាយើងផ្តល់ឲ្យព័ត៌មានក្លែងក្លាយ ឬលាក់បាំងការពិតតាមរបៀបណាមួយ ។ យើងធ្វើបន្ទាល់ក្លែងក្លាយ ពេលណាយើងចូលរួមក្នុងការចែកចាយពាក្យចចាមអារ៉ាម និងការនិយាយដើមអ្នកដទៃ ។ យើងធ្វើបន្ទាល់ក្លែងក្លាយ ដោយការឈ្នានីស និងនិយាយបញ្ជោរអ្នកដទៃលើសពីការពិត ។ យើងធ្វើបន្ទាល់ក្លែងក្លាយ ពេលណាយើងនិយាយពន្លើសការពិត បង្ហាញចំណាប់អារម្មណ៍បែបកុហក និងមិនប្រុងប្រយ័ត្នចំពោះការនិយាយការពិត ។ គ្រប់ការទាំងនេះគឺសុទ្ធតែខ្វះមិនដល់ខ្នាតគំរូរបស់ព្រះ ។
ដើម្បីជម្នះការល្បួងឲ្យកុហក យើងចាំបាច់ត្រូវយល់អំពីមូលហេតុចម្បង ដែលយើងកុហក ។ សាតាំងគឺជាប្រភពដើមនៃការកុហក គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលអំពីវាថា «កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូតហើយជាឪពុកនៃសេចក្ដីនោះឯង» (យ៉ូហាន ៨:៤៤) ។ ការបោកបញ្ឆោត គឺជាយុទ្ធសាស្រ្តដែលវាប្រើ ក្នុងសួនច្បារអេដែន គឺនៅពេលដែលវានិយាយកុហកនាងអេវ៉ា ។ គួរឲ្យសោកសៅណាស់ ជាញឹកញាប់ យើងក៏និយាយកុហក តាមការជំរុញចិត្ត ពីអំនួត សេចក្តីសម្អប់ និងការភ័យខ្លាច ។ យើងនិយាយកុហក ដោយសារអំនួត ពេលណាយើងចង់ឲ្យអ្នកដទៃលើកដំកើងយើង ។ យើងបោកបញ្ឆោត ដោយសារសេចក្តីសម្អប់ ពេលណាយើងចង់បំផ្លាញអ្នកដទៃ ។ យើងនិយាយមិនពិត ដោយការភ័យខ្លាច ចំពោះផលវិបាក ដែលគិតថា យើងនឹងទទួលបាន ពេលណាគេដឹងការពិត ។ ក្នុងកាលៈទេសៈទាំងអស់នេះ យើងកុហក ដោយសារយើងស្រឡាញ់ខ្លួនឯង ច្រើនជាងយើងស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់យើង ។
តាមពិត ព្រះទ្រង់ស្អប់ការបោកបញ្ឆោត (សុភាសិត ៦:១៦-១៩) ។ ដើម្បីឲ្យយើងដើរក្នុងសេចក្តីពិត យើងត្រូវតែឆ្កាងសម្លាប់អំនួតរបស់យើង ហើយខ្វល់អំពីការគិតរបស់ព្រះអង្គចំពោះយើង ជាជាងខ្វល់អំពីការគិតរបស់អ្នកដទៃ ។ យើងត្រូវជៀសវាងការឈ្នានីស ហើយដេញតាមសេចក្តីស្រឡាញ់ ចំពោះអ្នកដទៃវិញ ដោយប្ដេជ្ញាចិត្តថា នឹងមិននិយាយឈ្នានីស ឬនិយាយដើមបន្តពីមាត់មួយទៅមាត់មួយ ។ ហើយយើងត្រូវតែជម្នះការភ័យខ្លាចមនុស្ស ដោយជំនួសការភ័យខ្លាចមនុស្ស ដោយការកោតខ្លាចព្រះ ដែលបានយាងមកយកកំណើតជាមនុស្ស ហើយប្រកាសថា អង្គទ្រង់ «គឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិត» (យ៉ូហាន ១៤:៦) ។
ព្រះអម្ចាស់យេស៊ូវបានប្រទានដល់រាស្ត្រព្រះអង្គ នូវព្រះវិញ្ញាណនៃសេចក្តីពិត (យ៉ូហាន ១៥:២៦) ដែលប្រទានកម្លាំងយើងឲ្យដើរក្នុងសេចក្តីពិត ហើយជម្រុះចោលការភូតកុហក ។ មានតែដោយអំណាចរបស់ព្រះអង្គប៉ុណ្ណោះ ដែលយើងអាចផ្លាស់ប្រែ ស្របតាមរូបអង្គនៃព្រះគ្រីស្ទកាន់តែខ្លាំងឡើង ហើយឆ្លុះបញ្ចាំងឲ្យគេស្គាល់ចារិកលក្ខណៈរបស់ព្រះ ដែលបានប្រទានក្រឹត្យវិន័យទី៩ ។ ចូរយើងសួរខ្លួនឯងថា តើយើងជួបការល្បួងឲ្យធ្វើបន្ទាល់ក្លែងក្លាយ ភាគច្រើននៅក្នុងស្ថានភាពណា និងតាមរបៀបណាខ្លះ ? តើសេចក្តីពិតអំពីព្រះយេស៊ូវ ដំណឹងល្អរបស់ព្រះអង្គដែលជួយសង្គ្រោះ និងព្រះវិញ្ញាណរបស់ព្រះអង្គដែលគង់សណ្ឋិតបានបណ្តាលចិត្តអ្នកឲ្យនិយាយស្តី ខុសពីមុន ចាប់តាំងពីពេលនេះ ឲ្យនិយាយតែសេចក្តីពិត ក្នុងនាមជាអ្នកដើរតាមសេចក្តីពិតឬទេ ?
ខគម្ពីរជញ្ជឹងគិត៖ សុភាសិត ៦:១៦-១៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៣-៤ និង ១កូរិនថូស ២