
ការស្កប់ចិត្តទាំងស្រុង
ដោយAlistair Begg
March 18, 2026
«តែទ្រង់មានបន្ទូលឆ្លើយថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ...គេបានបរិភោគឆ្អែតគ្រប់គ្នា» ។ ម៉ាកុស ៦:៣៧,៤២
កាលព្រះយេស៊ូវបង្គាប់ពួកសាវ័កឲ្យចែកអាហារដល់មនុស្ស៥ពាន់នាក់ ដែលបូករួមទាំងបុរសស្ត្រី និងក្មេងៗផង ពួកសាវ័កមិនមានអាហារអ្វីក្រៅពីនំប៉័ង៥ដុំ និងត្រី២កន្ទុយ ដែលពួកគេទទួលបានពីក្មេងប្រុសម្នាក់ ដូចនេះ ពួកគេកំពុងប្រឈមមុខដាក់កិច្ចការដែលពួកគេមិនអាចធ្វើបាន ។ គឺដូចដែលសាវ័កអនទ្រេបានទូលសួរព្រះអង្គថា «ដែលមានតែប៉ុណ្ណោះ តើមានប្រយោជន៍អ្វី ដល់មនុស្សច្រើនទាំងម្ល៉េះ ?» (យ៉ូហាន ៦:៩) ។ ប៉ុន្តែ សាវ័កទាំង១២នាក់បានធ្វើតាមបង្គាប់របស់ព្រះយេស៊ូវ ដោយឲ្យពួកគេអង្គុយជាក្រុមៗ ហើយក៏បានបែងចែកនំប៉័ង និងត្រីនោះ ។ ពួកគេក៏បន្តចែកហើយចែកទៀត ដោយមិនបានដឹងថា ការអស្ចារ្យកំពុងតែកើតឡើង ។
ពួកគេបានចែកអាហារដល់មនុស្ស៥ពាន់នាក់ ដោយប្រើនំប៉័ងតែ៥ដុំ និងត្រី២កន្ទុយ ហើយមិនមែនដោយកាច់ត្រី និងនំប៉័ងជាបំបែកតូចៗនោះទេ តែបានចែកដល់ហ្វូងមនុស្សជាបរិបូរ បានជា «ពួកគេបានបរិភោគឆ្អែតគ្រប់គ្នា» ។ តាមពិត រឿងនេះហាក់ដូចជាកំប្លែងបន្តិច នៅពេលដែលពួកគេថែមទាំងនៅសល់អាហារទៀតផង ។ គឺដូចដែលព្រះទ្រង់បានធ្វើ កាលប៉ុន្មានសតវត្សរ៍មុន ដោយប្រើនំម៉ាណា ក្នុងវាលរហោស្ថានជាយ៉ាងណា (និក្ខមនំ ១៦) នោះព្រះដែលជាអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល ទ្រង់ក៏បានបង្ហាញឲ្យគេស្គាល់ព្រះអង្គ និងផ្គត់ផ្គង់តម្រូវការទ្រង់ ក្នុងន័យត្រង់ ក៏ដូចជាបានធ្វើជានិមិត្តរូបផងដែរ ។ យើងមិនអាចពិចារណាអំពីរឿងនេះបានទេ បើសិនជាយើងមិនបានដឹងថា ព្រះបានគ្រប់គ្រងស្ថានភាព ដែលពិបាកលើសសមត្ថភាពយើង និងប្រើធនធានដែលហាក់ដូចជាតិចពេក ហើយព្រះអង្គពង្រីកធនធាននោះ ដើម្បីជាប្រយោជន៍ដល់អ្នកដទៃ និងដើម្បីព្រះកិត្តិនាមព្រះអង្គ ។ ព្រះអង្គអាចធ្វើយ៉ាងដូចនេះ តាមរយៈជីវិតយើងផងដែរ ។
ក្នុងគ្រួសារ កន្លែងធ្វើការ ឬថ្នាក់រៀនរបស់អ្នក ប្រហែលមានតែអ្នកទេដែលជាគ្រីស្ទបរិស័ទ ហើយអ្នកប្រហែលជាមានចម្ងល់ដូចសាវ័កអនទ្រេផងដែរថា «ហេតុអ្វីខ្ញុំស្ថិតក្នុងចំណោមអ្នកមិនជឿ ដែលមានគ្នាច្រើនដូចនេះ ? តើខ្ញុំអាចនិយាយអ្វីបាន ? តើខ្ញុំអាចធ្វើអ្វីបាន ?» ប៉ុន្តែ សំណួរដែលយើងត្រូវសួរនោះគឺ «តើខ្ញុំពិតជាបានថ្វាយធនធានខ្ញុំដល់ព្រះ ដែលរាប់បញ្ចូលពេលវេលា ប្រាជ្ញា កម្លាំង អំណោយ និងទ្រព្យសម្បត្តិឬទេ ?» អំណោយទានទាំងនោះប្រហែលមិនច្រើនទេ ។ ប៉ុន្តែ ព្រះអង្គអាចបង្កើនឲ្យបានច្រើនឡើងជាពហុគុណ!
អ្នកស្រី គ្លេឌីស អេលវ៉ដ (Gladys Aylward) គឺជាបេសកជន រស់នៅក្នុងទីក្រុងឡុងដ៍ ដែលមិនមានការអប់រំ និងប្រាក់សន្សំទេ ។ ប៉ុន្តែ អ្វីដែលគាត់មាននោះ គឺចិត្តដែលឆេះឆួលចង់ចេញទៅប្រទេសចិន ដើម្បីផ្សាយដំណឹងល្អ ។ គាត់ជាស្រ្តីមានមាឌតូចល្អិត ដែលមានសក់ត្រង់វែងពណ៌ខ្មៅ ។ គាត់បានចាប់ផ្តើមការធ្វើដំណើរ ពីដំបូងដោយរថភ្លើង និងក្រោយមកដោយកប៉ាល់ឆ្លងកាត់មហាសមុទ្រ ហើយទីបំផុតក៏បានទៅដល់ទីក្រុងសៀងហៃ ។ នៅពេលដែលគាត់ឈរនៅលើកប៉ាល់ មើលទៅទីក្រុងនោះ គាត់ក៏បានឃើញជនជាតិចិនមានមាឌតូច សក់ត្រង់វែងពណ៌ខ្មៅ ហើយភ្លាមៗនោះ គាត់ក៏បានដឹងថា ព្រះទ្រង់មានផែនការ និងគោលបំណង សម្រាប់គាត់តាំងពីដើមមក ។ ទ្រង់បានរៀបចំ DNA របស់គាត់ តាំងពីមុនពេលគាត់ចាប់កំណើត ដើម្បីឲ្យគាត់មានភាពសក្ដិសមឥតខ្ចោះ ក្នុងការក្លាយជា «ស្ត្រីតូចល្អិត» ដែលនឹងទៅឈោងចាប់ក្មេងតូចៗ ដោយការផ្សាយដំណឹងល្អ ដែលទាំងអស់នេះ គឺដោយសារគាត់បានថ្វាយជីវិតគាត់ដាច់ដល់ព្រះ ហើយព្រះអង្គជួយឲ្យគាត់បង្កើតផលផ្លែជាពហុគុណ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ ។
ពេលណាអ្នកគិតអំពីការអ្វីដែលនឹងកើតឡើងនៅថ្ងៃ និងសប្តាហ៍ក្រោយ ចូរថ្វាយខ្លួនអ្នកដល់ព្រះអង្គ ។ ព្រះអង្គប្រើភាពខ្វះចន្លោះនៃសមត្ថភាពរបស់អ្នក ជាឱកាស ។ ភាពកម្សោយ និងចិត្តដែលចង់ពឹងផ្អែកលើព្រះអង្គ គឺជាឱកាសសម្រាប់ឲ្យព្រះអង្គបង្ហាញឲ្យគេដឹងថា ព្រះអង្គមានភាពរឹងមាំ ដែលគេអាចពឹងផ្អែកបាន ។ ព្រះអង្គបានចម្អែតមនុស្សរាប់ពាន់នាក់ ដោយគ្រាន់តែប្រើត្រី និងនំប៉័ងតែបន្តិចបន្តួចប៉ុណ្ណោះ ។ ដូចនេះ ព្រះអង្គក៏អាចប្រើអ្នកធ្វើការធំ ដែលមានតម្លៃអស់កល្បជានិច្ច បើសិនជាអ្នកគ្រាន់តែទូលសូមព្រះអង្គប្រើអ្នកប៉ុណ្ណោះ ។
ខគម្ពីរជញ្ជឹងគិត៖ ម៉ាកុស ៦:៣០-៤៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៣៤-៣៥ និង ១កូរិនថូស ១១:១៧-៣៤