
របៀបប្រឈមមុខដាក់ពួកគ្រូខុសឆ្គង
ដោយAlistair Begg
March 24, 2026
«ត្រូវតែបំបាត់មាត់គេ... ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានសេចក្ដីជំនឿត្រឹមត្រូវវិញ» ។ ទីតុស ១:១១,១៣
ពេលណាអគារកំពុងតែត្រូវភ្លើងឆេះ អ្វីដែលគេចាំបាច់ត្រូវធ្វើ គឺមិនគ្រាន់តែត្រូវប្រកាសអាសន្នឲ្យមនុស្សគ្រប់គ្នាមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ប៉ុណ្ណោះទេ តែក៏ត្រូវព្យាយាមពន្លត់ភ្លើងផងដែរ ។
ក្នុងសំបុត្រដែលសាវ័កប៉ុលផ្ញើទៅលោក ទីតុស គាត់មិនគ្រាន់តែបានដាស់តឿនសមាជិកពួកជំនុំ ឲ្យមានការប្រុងប្រយ័ត្នចំពោះមនុស្សដែលអាចបង្កគ្រោះថ្នាក់ដល់ពួកជំនុំប៉ុណ្ណោះទេ តែគាត់ក៏បានបង្គាប់សិស្សរបស់គាត់ អំពីរបៀបពន្លត់ភ្លើងដែលកំពុងឆេះក្នុងពួកជំនុំផងដែរ ។
ការបង្គាប់របស់សាវ័កប៉ុលត្រង់ចំណុចនេះ មិនមានភាពទន់ភ្លន់នោះទេ ។ ជាដំបូង គាត់មានប្រសាសន៍ថា «ត្រូវតែបំបាត់មាត់គេ» ។ ពាក្យ «បំបាត់មាត់» អាចបកប្រែមកថា «ឃ្លុំមាត់» ។ បើសត្វឆ្កែព្រុស និងខាំមនុស្សជាញឹកញាប់ គេមានដំណោះស្រាយដ៏ច្បាស់លាស់មួយ ។ នេះជាអ្វីដែលសាវ័កប៉ុលបានបង្គាប់លោក ទីតុសឲ្យធ្វើ ចំពោះពួកគ្រូខុសឆ្គង ដោយមិនប្រើពាក្យវែងឆ្ងាយគឺ ឲ្យឃ្លុំមាត់ពួកគេ! គាត់ក៏បានប្រាប់លោក ទីតុសឲ្យ «ស្តីបន្ទោសពួកគេយ៉ាងតឹងរឹង» ។ គាត់មិនបន្ធូរដៃឡើយ ។
ពេលណាយើងអានបទគម្ពីរនេះ ក្នុងលក្ខណៈជាមនុស្សនៅក្រៅពួកជំនុំ យើងអាចយល់អំពីមូលហេតុដែលនរណាម្នាក់អាចនិយាយថា «ខ្ញុំមិនសូវស្គាល់សាវ័កប៉ុលទេ ប៉ុន្តែ ពាក្យសម្តីគាត់ហាក់ដូចជាកាចណាស់ ។ កំរិតនៃការទ្រាំទ្ររបស់គាត់ មិនអាចទទួលយកបានទេ ។ ពាក្យសម្តីគាត់ហាក់ដូចជាមានការកាត់ទោសគេខ្លាំងណាស់» ។
ជាការពិតណាស់ បើយើងមិនពន្យល់អត្ថន័យនៃការបង្រៀនរបស់សាវ័កប៉ុលទេ អ្នកខ្លះអាចបដិសេធសេចក្តីពិតនៃដំណឹងល្អក្នុងការបង្រៀនរបស់សាវ័កប៉ុល ដោយសារពាក្យពេចន៍របស់គាត់ដែលធ្វើឲ្យពួកគេរវាតចិត្ត ។ គាត់និយាយត្រង់ៗដូចនេះ គឺដោយសារភាពបន្ទាន់នៃស្ថានភាពរបស់ពួកជំនុំ ។ ការទ្រាំទ្ររបស់សាវ័កប៉ុល គឺស្រដៀងគ្នានឹងការទ្រាំទ្ររបស់គ្រូពេទ្យជំនាញជំងឺមហារីក ដែលគាត់បានព្យាយាមកំចាត់ជំងឺមហារីកចេញពីរូបកាយរបស់អ្នកជំងឺ ។ បញ្ហានេះត្រូវតែដោះស្រាយ យ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យសុខភាពអាចល្អឡើងវិញ ។ គោលជំហរដែលផ្ដោតទៅលើភាពបន្ទាន់ និងមានគោលការណ៍យ៉ាងដូចនេះ គឺមិនបានបង្ហាញថាគាត់ចិត្តអាក្រក់ទាល់តែសោះ ។ គាត់ចង់មានប្រសាសន៍ថា យើងមិនអាចអនុញ្ញាតឲ្យជំងឺនេះបន្តរីករាលដាលពេញពួកជំនុំនោះទេ ព្រោះវាអាចបណ្តាលឲ្យមានសេចក្តីស្លាប់ខាងវិញ្ញាណ ។
ព្រះទ្រង់កំពុងស្វែងរកមនុស្សដែលនឹងក្រាបនៅទៀបព្រះបាទព្រះរាជបុត្រាទ្រង់ ដោយទូលទ្រង់ថា «អ្វីដែលទូលបង្គំអាចធ្វើបាននោះ គឺត្រូវស្រឡាញ់ព្រះអង្គ ជាការឆ្លើយតបចំពោះភាពអស្ចារ្យនៃសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះទូលបង្គំ ដែលបានបើកសម្ដែងក្នុងការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង» ។ ពួកជំនុំនៅកោះក្រេត កំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការបាត់បង់សេចក្តីស្រឡាញ់នេះ ។ ទោះនៅកោះក្រេត ទីក្រុងភ្នំពេញ ឬនៅទីក្រុងញូយ៉កក្តី យើងត្រូវឆ្លើយតប ចំពោះការបង្រៀនខុសឆ្គង ដោយព្រះគុណ យ៉ាងម៉ឺងម៉ាត់ ជាបន្ទាន់ និងដោយក្តីអាណិត ដើម្បីការពាររាស្រ្តរបស់ព្រះអង្គឲ្យរួចផុតពីការបង្រៀនខុសឆ្គង ។ ពួកជំនុំមិនត្រូវបើកឱកាសឲ្យនរណាម្នាក់ឡើងបង្រៀនសេចក្តីអ្វីដែលទាស់ប្រឆាំងនឹងដំណឹងល្អ ហើយគ្រីស្ទបរិស័ទមិនត្រូវបើកត្រចៀកស្តាប់ការបង្រៀនខុសឆ្គងទាំងនោះឡើយ ។
ក្នុងព្រះគម្ពីរប៊ីប សូម្បីតែការបង្គាប់ដែលហាក់ដូចជាកាច និងមិនមានការទ្រាំទ្រចំពោះភាពខុសឆ្គង ក៏បានទទួលការបណ្តាលចិត្តពីសេចក្តីស្រឡាញ់ដែលព្រះទ្រង់មានចំពោះកូនទ្រង់ និងដោយបំណងព្រះទ័យទ្រង់ ដែលចង់ការពារពួកគេឲ្យរួចពីគ្រោះថ្នាក់ ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងបន្តរស់នៅ ដោយការស្ញប់ស្ញែងចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយពេលណាយើងរស់នៅយ៉ាងដូចនេះ ព្រះអង្គសព្វព្រះទ័យឲ្យយើងប្រាកដថា យើងបានការពារចិត្ត និងពួកជំនុំរបស់យើង ។
ខគម្ពីរជញ្ជឹងគិត៖ ២ពេត្រុស ២:១-១០ក
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ៦-៧ និង ១កូរិនថូស ១៥:២៩-៥៨