
សន្តិភាពប្រភេទថ្មីមួយ
ដោយAlistair Begg
March 27, 2026
«ព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្ដាលពួកសិស្ស មានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ កាលទ្រង់មានបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត នឹងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះ ពួកសិស្សមានចិត្តត្រេកអរដោយបានឃើញព្រះអម្ចាស់» ។ យ៉ូហាន ២០:១៩-២០
មនុស្សជាច្រើន ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ អាចនឹកចាំពេលដែលពួកគេមានអារម្មណ៍ពិបាកដកដង្ហើម រៀងរាល់ពេលយប់ បន្ទាប់ពីពួកគេជួបការបាត់បង់នោះ ។ ពួកគេអង្គុយជាមួយអ្នកដទៃ ដោយសោកសង្រេង ក្នុងភាពស្ងប់ស្ងាត់ ដែលភាគច្រើនដិតដាមទៅដោយការសញ្ជប់សញ្ជឹង ។
នៅពេលល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីព្រះយេស៊ូវសុគត យើងអាចស្រមៃថា ពួកសិស្សទ្រង់កំពុងឆ្លងកាត់បទពិសោធន៍ស្រដៀងនេះផងដែរ ។ ប្រហែលក្នុងចំណោមពួកគេ មានម្នាក់និយាយថា តើអ្នកចាំទេថា យើងមានចិត្តរំភើប និងមានក្តីសង្ឃឹមប៉ុណ្ណា នៅពេលដែលយើងបានឃើញព្រះអង្គដើរនៅលើទឹក ? ប្រហែលម្នាក់ទៀតនិយាយបន្ថែមថា ខ្ញុំចាំថា ព្រះអង្គកំពុងព្រះកន្សែងនៅក្បែរផ្នូររបស់លោក ឡាសារ ។ ខ្ញុំមិនអាចភ្លេចរឿងនេះបានទេ ។ ក្នុងការនឹកគិតអំពីរឿងដែលបានកន្លងទៅ ពួកគេប្រាកដជាមានអារម្មណ៍ឈឺចាប់ ដោយគិតឃើញថា ពួកគេនឹងមិនបានឃើញព្រះភ័ក្ត្រព្រះអង្គនៅលើផែនដីនេះទៀតទេ ។ ពួកគេមានការភ័យខ្លាចចំពោះពេលអនាគត ។ ពួកគេទើបតែបានឃើញព្រះយេស៊ូវជាប់ឆ្កាង ហើយពួកគេក៏បានលាក់ខ្លួនក្នុងបន្ទប់បិទជិត (យ៉ូហាន ២០:១៩) ដោយការព្រួយបារម្ភថា ពួកគេនឹងក្លាយជាគោលដៅ បន្ទាប់ ។
ព្រះយេស៊ូវបានជ្រាបអំពីរឿងនេះ ។ ហេតុនេះហើយ នៅពេលដែលព្រះអង្គបានបង្ហាញអង្គទ្រង់ស្ងាត់ៗ ក្នុងចំណោមពួកគេនៅយប់នោះ ពាក្យដំបូងបំផុតដែលចេញពីព្រះឱសទ្រង់គឺ «សេចក្តីសុខសាន្ត» (ឬសន្តិភាព) ឬក៏សាឡូម ។ នេះជាពាក្យជំរាបសួរ តាមប្រពៃណីនៅមជ្ឈិមបូព៌ា ប្រកបដោយភាពកក់ក្តៅ ដោយមិនមានការស្តីបន្ទោស ឬការខកចិត្តឡើយ ។
បន្ទាប់មក ព្រះអង្គក៏បានបង្ហាញព្រះហស្ត និងចំហៀងរបស់ព្រះអង្គ ។ អង្គបុគ្គលដែលកំពុងឈរចំពោះមុខពួកគេ គឺជាព្រះយេស៊ូវ ដែលមុននោះ ពួកគេមិននឹកស្មានថា នឹងបានជួបព្រះអង្គទៀតទេ ។ នៅពេលដែលព្រះអង្គមានបន្ទូលថា «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ» ពួកសាវ័កក៏បានមានអំណរឡើង មិនគ្រាន់តែដោយសារពួកគេបានដឹងថា ព្រះអង្គមិនសុគតទៀតទេ តែក៏ដោយសារមូលហេតុធំជាងនេះទៀតគឺ ដោយព្រោះការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ ព្រះអង្គបានយាងមកប្រទានសន្តិភាពថ្មីមួយទៀត ដោយសារព្រះលោហិតទ្រង់បានហូរដាបឈើឆ្កាង ។ ហើយសេចក្តីសុខសាន្ត ឬសន្តិភាព ដែលទ្រង់បានមានបន្ទូលជាពាក្យជំរាបសួរទៅកាន់ពួកគេ គឺជាសន្តិភាពដែលព្រះអង្គប្រទានដល់មនុស្សមានបាបទាំងអស់ ដែលបានទទួលការអត់ទោសបាបហើយ ។
ពាក្យសន្តិភាព មានអត្ថន័យថ្មីស្រឡាង សម្រាប់អ្នកដែលបានរកឃើញសន្តិភាពនេះ ។ យើងដឹងថា ព្រះអង្គនៅតែស្វែងរកយើង ក្នុងលោកិយដ៏ហត់នឿយរបស់យើង ដែលពេញទៅដោយទុក្ខលំបាក និងភាពប្រេះបែកគ្របសង្កត់ និងប្រឡាក់ទៅដោយការមិនជឿ ឬបដិសេធន៍ព្រះដ៏មានចេស្តា ។ ដែលព្រះអង្គបានបង្ហាញអង្គទ្រង់នៅពីក្រោយនាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នៅផ្នូរទទេ (យ៉ូហាន ២០:១១-១៨) និងបង្ហាញអង្គទ្រង់ដល់ពួកសាវ័កពីរនាក់ ក្នុងដំណើរទៅភូមិអេម៉ោសជាយ៉ាងណា (លូកា ២៤:១៣-៣៥) នោះព្រះអង្គក៏តាមរកអ្នក និងខ្ញុំ ដោយក្តីស្រឡាញ់ ដោយត្រាស់ហៅយើងឲ្យស្វែងរកសន្តិភាពក្នុងព្រះអង្គ ជាព្រះដែលពួកទេវតាបានច្រៀង កាលព្រះអង្គប្រសូត្រថា «សូមសេចក្តីសុខសាន្តកើតមាននៅផែនដី» (លូកា ២:១៤) ។
នៅចំពោះមុខនៃការភ័យខ្លាច លោកិយរបស់យើងកំពុងស្រេកឃ្លានសន្តិភាព ។ ប៉ុន្តែ ការស្រេកឃ្លានសន្តិភាព និងច្រៀងអំពីសន្តិភាព មិនបង្កើតឲ្យមានសន្តិភាពនោះទេ ។ គេអាចរកសន្តិភាពក្នុងព្រះបន្ទូលព្រះយេស៊ូវ ដែលបានប្រកាសថា នៅក្នុងព្រះអង្គ យើងអាចរកឃើញសន្តិភាព (យ៉ូហាន ១៦:៣៣) ។ ការមានព្រះជន្មរស់ឡើងវិញ មិនគ្រាន់តែមានន័យថា មានអង្គបុគ្គលម្នាក់ជាព្រះគ្រីស្ទប៉ុណ្ណោះទេ ។ តែក៏មានន័យផងដែរថា ព្រះគ្រីស្ទមានព្រះជន្មគង់នៅជារៀងរហូត ហើយព្រះអង្គឲ្យយើងមានសន្តិភាពជាមួយព្រះវរបិតា ហើយក្នុងចិត្តយើង នៅថ្ងៃនេះ និងជារៀងរហូត ។ ទោះមានខ្យល់ព្យុះអ្វីកំពុងតែកក្រើករំពើកនៅជុំវិញអ្នក និងនៅក្នុងចិត្តអ្នក ចូរប្រាកដថា អ្នកបានឮព្រះសូរសៀងព្រះអង្គសង្គ្រោះរបស់អ្នក នៅថ្ងៃនេះ និងជារៀងរហូត ដែលមានបន្ទូលថា «សូមសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នា» ។
ខគម្ពីរជញ្ជឹងគិត៖ យ៉ូហាន ២០:១១-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ១០-១២ និង ទីតុស ១