
របៀបចូលទៅរកព្រះ ដោយការអធិស្ឋាន
ដោយAlistair Begg
March 29, 2026
«តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង ។ កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ ។ដ្បិតអ្នកនោះមានចិត្ត២ ចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវ» ។ យ៉ាកុប ១:៦-៨
មានការអធិស្ឋានមួយប្រភេទ ដែលមិនទទួលបានអ្វីសោះពីព្រះ ។
នោះជាការអធិស្ឋានរបស់មនុស្សដែលសង្ស័យ គឺអ្នកដែលមិនបានអធិស្ឋានទូល «សូមដោយចិត្តជឿ» ។ នៅពេលដែលលោក យ៉ាកុបនិយាយថា យើងត្រូវតែទូលសូមដល់ព្រះ «ដោយគ្មានការសង្ស័យ» គាត់មិនចង់មានន័យថា យើងមិនត្រូវមានភាពមិនច្បាស់លាស់ ឬការភាន់ច្រឡំនៅក្នុងគំនិតយើងសោះនោះទេ ។ ការសង្ស័យ ដែលគាត់លើកមកនិយាយនេះ គឺលើសពីការនិយាយថា «ខ្ញុំកំពុងតែពិបាក មិនអាចយល់ច្បាស់អំពីរឿងនេះ» ឬ «ខ្ញុំដឹងថា វាជារឿងពិត តែជួនកាលខ្ញុំមានចម្ងល់» ប៉ុន្តែ គាត់កំពុងនិយាយសំដៅទៅលើការបដិសេធន៍មិនព្រមឲ្យព្រះវរបិតាថែរក្សាយើង ។ វាជាការបង្កើតផែនការដែលពឹងផ្អែកលើការប្រឹងប្រែងរបស់យើង សូម្បីនៅពេលដែលយើងទូលសូមព្រះអង្គជួយយើង ឬទូលសូមអ្វីមួយ ដែលយើងមិនពិតជាចង់បាន ។
លោក ជេប៊ី ភីលីព (J.B. Phillips) បានកាត់ស្រាយខគម្ពីរនេះថា អ្នកដែលទូលសូមដល់ព្រះអម្ចាស់ ត្រូវទូលសូមដោយជំនឿដ៏ស្មោះត្រង់ ដោយមិនមានការសង្ស័យលាក់ទុកក្នុងចិត្ត ដែលមិនដឹងច្បាស់ថា ខ្លួនពិតជាចង់ឲ្យព្រះទ្រង់ជួយឬអត់នោះទេ» ។ លោក យ៉ាកុបកំពុងលើកឡើងអំពីបញ្ហានៃភាពស្មោះត្រង់ដែលបែកជាពីរ ក្នុងន័យថា អ្នកដែលសង្ស័យគឺជាអ្នកដែលអធិស្ឋាន មិនស្របតាមបំណងចិត្តរបស់ខ្លួន ។ អ្នកនោះចូលមកចំពោះព្រះ ហើយទូលសូមអ្វីដែលគាត់មិនមានបំណងចង់ធ្វើ គឺដូចដែលលោកគ្រូអូគូស្ទីន (Augustine) ជាទេវវិទូសតវត្សរ៍ទី៤ បានអធិស្ឋានមុនពេលគាត់ទទួលជឿព្រះថា «ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យបរិសុទ្ធ ប៉ុន្តែ កុំទាល់អាលធ្វើឲ្យទូលបង្គំបរិសុទ្ធក្នុងពេលនេះអី» ។29
ព្រះទ្រង់ជ្រាបថា យើងគ្រាន់តែកំពុងអធិស្ឋានដូចការលេងល្បែង ដោយប្រើភាសា និងការច្រៀងបទចម្រៀង ដោយមិនមានចិត្តដែលចង់ឲ្យជីវិតខ្លួនឯងបានផ្លាស់ប្រែ ដូចពាក្យដែលយើងកំពុងច្រៀង ។ ព្រះអង្គជ្រាបថា យើងពិតជាចង់ឲ្យព្រះអង្គជួយ ឬកំពុងតែចង់ប្រើសិទ្ធិរបស់យើង ដើម្បីធ្វើអ្វីដែលយើងចង់ធ្វើ បើសិនជាប្រាជ្ញារបស់ព្រះអង្គមិនដឹកនាំយើងទៅតាមទិសដៅ ដែលយើងចង់បានទេនោះ ។ សេចក្តីជំនឿមិនមានពុតត្បុតយ៉ាងដូចនេះ ដែលអធិស្ឋានសូមប្រាជ្ញា ប៉ុន្តែ ប្រព្រឹត្តតាមរបៀបដ៏ល្ងង់ខ្មៅ ។ ដូចនេះ សេចក្តីជំនឿដែលកណ្ឌគម្ពីរយ៉ាកុបបានពិពណ៌នា មិនគ្រាន់តែជាការយល់ប៉ុណ្ណោះទេ តែក៏ជាការបង្ហាញចេញនូវការទុកចិត្ត និងការប្តូរផ្តាច់ ។
ភាពស្មោះត្រង់គឺជាចំណុចស្នូលនៃការសុំអ្វីមួយដោយពិតត្រង់ ទោះនោះជាការសុំអ្វីមួយពីឪពុកនៅផែនដី ឬជាការទូលសូមអ្វីមួយពីព្រះវរបិតានៅស្ថានសួគ៌ក៏ដោយ ។ ពេលណាអ្នកចូលមកចំពោះព្រះ អ្នកត្រូវតែ «ចូលទៅជិតទាំងមានចិត្តស្មោះត្រង់ នឹងចិត្តដឹងពិតប្រាកដ» (ហេព្រើរ ១០:២២) ។ ពេលណាអ្នកមានចិត្តស្មោះត្រង់យ៉ាងដូចនេះ អ្នកនឹងមានការប្រាកដច្បាស់ក្នុងចិត្ត ក៏ដូចជាចំពោះព្រះថា អ្នកកំពុងទុកចិត្តថា ព្រះអង្គនឹងស្មោះត្រង់ចំពោះព្រះបន្ទូលសន្យា ហើយអ្នកនឹងពិតជាធ្វើអ្វីក៏ដោយ តាមការដឹកនាំរបស់ប្រាជ្ញារបស់ព្រះអង្គ ។ តើអ្នកដឹងច្បាស់ថា អ្នកត្រូវការប្រាជ្ញារបស់ព្រះអង្គ ក្នុងផ្នែកណាខ្លះនៃជីវិតអ្នក ? ចូរថ្វាយជីវិតអ្នកដាច់ដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ហើយត្រៀមខ្លួនជាស្រេច ដើម្បីដើរតាមការដឹកនាំរបស់ព្រះអង្គ ដើម្បីឲ្យអ្នកបានដើរដោយមិនងាករេ ក្នុងជំនឿ និងក្តីអំណររបស់អ្នក ហើយមិនត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើងឡើយ ។
ខគម្ពីរជញ្ជឹងគិត៖ ១ពេត្រុស ៥:៥-៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ១៦-១៨ និង ទីតុស ៣