
ក្សត្រដែលបន្ទាបព្រះកាយ
ដោយAlistair Begg
April 2, 2026
«នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយថា ត្រូវចូលទៅក្នុងភូមិនៅខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលា១ គេចងទុក ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកនាំមក ...រួចគេដឹកវាទៅ ថ្វាយព្រះយេស៊ូវ ក៏ក្រាលអាវគេលើខ្នង ហើយថ្វាយទ្រង់គង់» ។ លូកា ១៩:២៩-៣០,៣៥
សព្វថ្ងៃនេះ នៅលោកខាងលិច គេហៅថ្ងៃដែលព្រះយេស៊ូវយាងចូលទីក្រុងយេរូសាឡិមថា ថ្ងៃអាទិត្យនៃស្លឹកចាក ជាថ្ងៃដ៏សំខាន់ ក្នុងសប្តាហ៍សំខាន់បំផុត ក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោកទាំងមូល ។ ក្បួនដង្ហែដ៏ជោគជ័យរបស់ព្រះយេស៊ូវ ចូលទីក្រុងយេរូសាឡិម មុនពេលព្រះអង្គសុគតនៅលើឈើឆ្កាង សុទ្ធតែបានចែងក្នុងកណ្ឌគម្ពីរដំណឹងល្អទាំង៤ ដែលកណ្ឌនីមួយៗក៏បានពិពណ៌នាអំពីព្រឹត្តិការណ៍នេះពីជ្រុងផ្សេងៗគ្នា ។ ពេលយើងមើលរឿងនេះឲ្យបានជិត យើងនឹងបានឃើញភាពស្មុគស្មាញនៃប្រព័ន្ធសង្គមនៅសម័យនោះ ដែលយើងមិនអាចយល់បានគ្រប់ជ្រុងជ្រោយឡើយ បើសិនជាយើងអានតែកណ្ឌគម្ពីរលូកាទេនោះ ។ ជាការពិតណាស់ កណ្ឌគម្ពីរដំណឹងល្អយ៉ូហានបានចែងថា សូម្បីតែពួកសាវ័ករបស់ព្រះយេស៊ូវក៏មិនបានយល់អំពីឥទ្ធិពល នៃការយាងចូលទីក្រុងយេរូសាឡិម រហូតដល់ពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ (យ៉ូហាន ១២:១៦) ។
យើងឃើញថា ការយាងចូលដោយជ័យជម្នះរបស់ព្រះយេស៊ូវ គឺបានឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណរបស់ព្រះអង្គ ខណៈពេលដែលព្រះអង្គបានតាំងព្រះទ័យថា នឹងបែរព្រះភក្ត្រឆ្ពោះទៅរកទីក្រុងយេរូសាឡិម ដោយមិនងាករេ ។ ទ្រង់ជ្រាបថា ទ្រង់កំពុងសម្រេចបទទំនាយកណ្ឌគម្ពីរសញ្ញាចាស់ ដែលបានថ្លែងរាប់រយឆ្នាំហើយថា «ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្ដេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជម្នះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា» (សាការី ៩:៩) ។ កណ្ឌគម្ពីរយ៉ូហានបានចែងថា មានមនុស្សច្រើនកកកុញឈរមើលព្រះយេស៊ូវគង់នៅលើសត្វលា យាងចូលតាមច្រកទ្វារទីក្រុង ព្រោះពួកគេទើបតែបានឃើញព្រះយេស៊ូវប្រោសលោក ឡាសាឲ្យរស់ឡើងវិញ (យ៉ូហាន ១២:១៧-១៨) ។ គេមិនគ្រាន់តែបានចាប់អារម្មណ៍យ៉ាងខ្លាំងមកលើលោក ឡាសា តែក៏ចាប់អារម្មណ៍មកលើព្រះអង្គ ដែលបានធ្វើការអស្ចារ្យនោះផងដែរ ។ នៅពេលដែលពួកគេច្រៀងថា «ស្ដេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ» (លូកា ១៩:៣៨) គឺពួកគេកំពុងតែច្រៀងដោយការរំពឹងដ៏ធំថា ព្រះអង្គសង្គ្រោះរបស់ពួកគេកំពុងគង់នៅកណ្តាលពួកគេ ។ មានមនុស្សតិចណាស់ដែលនឹកស្មានថា ការសរសើរតម្កើងរបស់ខ្លួននឹងប្រែក្លាយជាការចំអក ក្នុងពេលដ៏ខ្លីខាងមុខ ។
ខណៈពេលដែលព្រះអង្គប្រកាសថា ព្រះអង្គគឺជាព្រះមែស៊ី ក្នុងដំណើរយាងចូលដ៏ធំនេះ យើងគួរតែកត់សំគាល់ថា ព្រះអង្គកំពុងបង្ហាញឲ្យគេដឹងថា ព្រះអង្គគឺជាអ្នកគ្រប់គ្រងដែល «ស្លូត ហើយមានចិត្តសុភាព» (ម៉ាថាយ ១១:២៩) ក្នុងលក្ខណៈជាក្សត្រដែលគង់នៅលើខ្នងសត្វលា ។ បទគម្ពីរផ្សេងទៀតមិនបានចែងអំពីការដែលព្រះយេស៊ូវគង់នៅលើខ្នងសត្វពាហនៈផ្សេងទៀតទេ ក្រៅពីកូនសត្វលានោះ កាលព្រះអង្គកំពុងមានព្រះជន្មរស់នៅលើផែនដី ។ ការអង្គុយនៅលើខ្នងរបស់សត្វលាដែលនៅក្មេង ហើយគេមិនទាន់បានបង្វឹក គឺមិនផ្តល់ឲ្យនូវផាសុកភាពទេ ។ ប៉ុន្តែ ព្រះដ៏មានគ្រប់ចេស្ដាបានបង្ហាញការបន្ទាបព្រះកាយទាំងស្រុង ដោយសម្រេចព្រះទ័យគង់នៅលើខ្នងសត្វលា ។
ចូរយើងឈប់បង្អង់ ហើយសួរខ្លួនឯងថា តើក្សត្រប្រភេទណា ដែលយាងមកដោយគង់នៅលើខ្នងសត្វលា ហើយបន្ទាប់មកទ្រង់ពាក់ភួងបន្លាធ្វើជាមកុដ? ដើម្បីធ្វើដូចនេះបាន តើទ្រង់ត្រូវមានការបន្ទាបខ្លួន និងសេចក្តីស្រឡាញ់ប្រភេទណា? មនុស្សជាច្រើន ក្នុងហ្វូងមនុស្សបានរំពឹងថា ព្រះមែស៊ីគឺជាវីរបុរសដែលដឹកនាំទ័ពរំដោះជាតិពួកគេ ពីការគ្រប់គ្រងរបស់សាសន៍ដទៃ ។ ហេតុនេះយើង ពួកគេអាចមានភាពក្លៀវក្លាចំពោះព្រះយេស៊ូវ តែនៅពេលដែលព្រះអង្គធ្វើអ្វីដែលពួកគេរំពឹងចង់បានប៉ុណ្ណោះ ។ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន គឺមិនត្រូវធ្វើការសម្រេចថា ព្រះយេស៊ូវគួរតែធ្វើជាក្សត្រប្រភេទណាសម្រាប់យើង និងចំពោះយើង ហើយចោទប្រកាន់ព្រះអង្គ ពេលណាព្រះអង្គមិនធ្វើតាមចិត្តយើងនោះឡើយ ។ ផ្ទុយទៅវិញ យើងត្រូវតែទទួលស្គាល់ថាព្រះអង្គជានរណា គឺជាក្សត្រដែលបានយាងមកលីឈើឆ្កាង និងត្រាស់ហៅយើងឲ្យលីឈើឆ្កាង នៅពេលដែលយើងដើរតាមព្រះអង្គ ហើយមិនបានសន្យាថា យើងមានជីវិតសុខស្រួលនៅលើផែនដីនេះទេ តែយើងនឹងមានជីវិតអស់កល្ប ។ ព្រះអង្គគឺជាក្សត្រដែលមានក្តីស្រឡាញ់ ល្អ សុភាព និងបន្ទាបព្រះកាយ លើសក្តីស្រមៃរបស់យើង ។
ខគម្ពីរជញ្ជឹងគិត៖ លូកា ១៩:២៨-៤០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ២៧-២៩ និង ហេព្រើរ ៤