នំម៉ាណាប្រចាំថ្ងៃ
វាំងនន​ដែល​ព្រះ​ទ្រង់​បាន​ហែក

វាំងនន​ដែល​ព្រះ​ទ្រង់​បាន​ហែក

ដោយAlistair Begg

April 5, 2026

«ពេល​នោះ ប្រហែលជា​ថ្ងៃត្រង់​ហើយ ស្រាប់តែ​កើតមាន​ងងឹត នៅ​គ្រប​ពេញ​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល ។ ថ្ងៃ​ត្រឡប់​ទៅជា​ងងឹត ហើយ​វាំងនន​ក្នុង​ព្រះវិហារ ក៏​រហែក​ចំពាក់​កណ្ដាល» ។ លូកា ២៣:៤៤​-​៤៥
ខណៈ​​ពេល​ដែល​ព្រះរាជកិច្ច​របស់​ព្រះយេស៊ូវ មាន​ដំណើរ​ទៅមុខ ព្រះអង្គ​បាន​អះអាង​ថា ព្រះអង្គ​អាច​បំផ្លាញ​ព្រះវិហារ​នៅ​ទីក្រុង​យេរូសាឡិម ហើយ​សង់​វា​ឡើងវិញ ក្នុង​រយៈពេល​៣​ថ្ងៃ​ (យ៉ូហាន ២:១៩) ។ ការ​អះអាង​នេះ​ស្ថិត​ក្នុងចំណោម​មូលហេតុ​ចម្បង ដែល​ពួក​អ្នកដឹកនាំ​សាសនា​យូដា​មាន​ការ​ព្រួយបារម្ភ​បំផុត ។ ជា​ការពិត​ណាស់ នេះ​គឺជា​ការចោទប្រកាន់​ធំ​បំផុត​មក​លើ​ព្រះអង្គ​ (ម៉ាកុស ១៤:៥៨) ។ កាល​ព្រះយេស៊ូវ​កំពុង​ជាប់​ឆ្កាង គេ​បាន​ចំអក​ឲ្យ​ព្រះអង្គ ដោយ​ស្រែក​ដាក់​ព្រះអង្គ​ថា «ឯង​ដែល​បំផ្លាញ​ព្រះវិហារ ហើយ​សង់​ឡើងវិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយសង្គ្រោះ​ខ្លួន​ចុះ»​ (ម៉ាថាយ ២៧:៤០) ។ ប៉ុន្តែ នៅពេល​នោះ ព្រះអង្គ​នៅតែ​បន្ត​​ជាប់​ឆ្កាង ក្នុង​​ភាព​ងងឹត ។
បន្ទាប់មក នៅក្នុង​ពេល​ងងឹត និង​​ភាព​រំជើបរំជួល​នៃ​ការ​ជាប់​ឆ្កាង ភ្លាមៗ​នោះ ហេតុការណ៍​ដ៏​អាថ៌កំបាំង និង​គួរឲ្យ​ភ្ញាក់ផ្អើល​បាន​កើតឡើង ដោយ​ព្រះ​ទ្រង់​ធ្វើឲ្យ​ខូច​ព្រះវិហារ​ដោយ​អង្គ​ទ្រង់​ផ្ទាល់ ។ កណ្ឌគម្ពីរ​លូកា​បាន​ចែង​ថា «វាំងនន​ក្នុង​ព្រះវិហារ ក៏​រហែក​ចំពាក់​កណ្ដាល» ។ គេ​បាន​ចង​វាំងនន​នោះ ក្នុង​ព្រះវិហារ ដើម្បី​បាំង​ច្រក​ផ្លូវចូល​ទៅ​ក្នុង​ព្រះវត្តមាន​ព្រះ ។ គឺជា​សញ្ញា​បញ្ជាក់​ថា មនុស្ស​ដែល​មិន​ល្អឥតខ្ចោះ​មិន​អាច​ស្ថិត​ក្នុង​កន្លែង​តែ​មួយ ជាមួយ​ព្រះ​ដ៏​បរិសុទ្ធ​បាន​ទេ ។ ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ទាំងមូល អស់​អ្នក​ដែល​មាន​តួនាទី​ចូល​ទៅ​ក្នុង​ព្រះវត្តមាន​ព្រះ តែ​មិន​បាន​ធ្វើការ​លាង​សម្អាត​តាម​ក្រឹត្យវិន័យ និង​ថ្វាយ​យញ្ញបូជា​តាម​ដែល​ចាំបាច់ ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ (ឧទាហរណ៍ ជនគណនា ៣:២​-​៤) ។ ប៉ុន្តែ នៅពេល​ដែល​ព្រះយេស៊ូវ​ហៀបនឹង​អស់​ព្រះជន្ម និមិត្តសញ្ញា​នៃ​រនាំង​នេះ​ត្រូវ​បាន​បំផ្លាញ ។ តាមរយៈ​ការ​បំផ្លាញ​នេះ ព្រះ​ទ្រង់​បាន​ប្រកាស​ថា ទំនៀមទំលាប់​ចាស់ សម្រាប់​ឲ្យ​ពួក​សង្ឃ​ចូល​ក្នុង​ព្រះវត្តមាន​ទ្រង់ ត្រូវ​បាន​លុប​ចោល ហើយ​រនាំង​របស់​បាប ដែល​ញែក​មនុស្សជាតិ​ចេញ​ពី​ព្រះអាទិករ​របស់​ខ្លួន​ក៏​ត្រូវ​បាន​រំលាយ​ចោល ។ យើង​មិន​ចាំបាច់​ត្រូវ​រក្សា​គម្លាត​ពី​ព្រះអង្គ​ឡើយ ។ ផ្ទុយ​ទៅវិញ «យើង​មាន​សេចក្ដី​ក្លៀវក្លា​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយសារ​ព្រះលោហិត​នៃ​ព្រះយេស៊ូវ តាម​ផ្លូវ​ដែល​ទ្រង់ បាន​តាំង​សម្រាប់​យើង​រាល់គ្នា ជា​ផ្លូវ​ថ្មី ហើយ​រស់ ដែល​ចូល​កាត់​វាំងនន គឺជា​រូប​សាច់​របស់​ទ្រង់»​ (ហេព្រើរ ១០:១៩​-​២០) ។ 
ព្រះ​ទ្រង់​មិន​បាន​កំណត់​ថា យើង​ត្រូវ​ចូល​ទៅ​រក​ព្រះអង្គ តាម​អគារ​ព្រះវិហារ ឬ​អគារ​សាសនា​ណាមួយ ឬក៏​ត្រូវ​ចូល​តាម​ពួក​សង្ឃ​ឬ​គ្រូ​ជា​មនុស្ស​នោះ​ឡើយ ។ កាលពី​ជាង​២​ពាន់​ឆ្នាំ​មុន ទ្រង់​យាង​ចូល​ទៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស ដើម្បី​បង្កើត​ផ្លូវចូល​ទៅ​រក​ព្រះអង្គ តាមរយៈ​ព្រះ​យេស៊ូវ ។ សព្វថ្ងៃ​នេះ យើង «មាន​អ្នក​សង្រួបសង្រួម​តែ​១ នៅ​កណ្ដាល​ព្រះ​នឹង​មនុស្ស គឺជា​មនុស្ស​ដ៏​ជា​ព្រះគ្រីស្ទ​យេស៊ូវ​នោះ ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ទុកជា​ថ្លៃលោះ​មនុស្ស​ទាំង​អស់»​ (១​ធីម៉ូថេ ២:៥​-​៦) ។ ព្រះ​ទ្រង់​ជា​អ្នក​ធ្វើឲ្យ​វាំងនន​នៅ​ព្រះវិហារ​រហែក​ជា​ពីរ ជំនួស​យើង ។ អ្នក​មិន​ចាំបាច់​ត្រូវ​ពឹង​ពួក​សង្ឃ និង​ពិធីបុណ្យ​តាម​សាសនា​ឡើយ ។ ផ្ទុយ​ទៅវិញ អ្នក​អាច​ចូល​ទៅ​រក​ព្រះ ដោយ​សណ្ឋាន​ពិត​របស់​អ្នក ដោយ​ទុកចិត្ត​ថា ព្រះអង្គ​នឹង​ស្វាគមន៍ បង្ហាញ​សេចក្ដីមេត្តា និង​ជួយ​អ្នក ដោយសារ​ព្រះ​យេស៊ូវ ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ ហេព្រើរ ១០:១៩​-​២៥
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ លេវីវិន័យ ៤​-​៥ និង ហេព្រើរ ៧