
វាំងននដែលព្រះទ្រង់បានហែក
ដោយAlistair Begg
April 5, 2026
«ពេលនោះ ប្រហែលជាថ្ងៃត្រង់ហើយ ស្រាប់តែកើតមានងងឹត នៅគ្របពេញលើផែនដី ដរាបដល់ម៉ោង៣រសៀល ។ ថ្ងៃត្រឡប់ទៅជាងងឹត ហើយវាំងននក្នុងព្រះវិហារ ក៏រហែកចំពាក់កណ្ដាល» ។ លូកា ២៣:៤៤-៤៥
ខណៈពេលដែលព្រះរាជកិច្ចរបស់ព្រះយេស៊ូវ មានដំណើរទៅមុខ ព្រះអង្គបានអះអាងថា ព្រះអង្គអាចបំផ្លាញព្រះវិហារនៅទីក្រុងយេរូសាឡិម ហើយសង់វាឡើងវិញ ក្នុងរយៈពេល៣ថ្ងៃ (យ៉ូហាន ២:១៩) ។ ការអះអាងនេះស្ថិតក្នុងចំណោមមូលហេតុចម្បង ដែលពួកអ្នកដឹកនាំសាសនាយូដាមានការព្រួយបារម្ភបំផុត ។ ជាការពិតណាស់ នេះគឺជាការចោទប្រកាន់ធំបំផុតមកលើព្រះអង្គ (ម៉ាកុស ១៤:៥៨) ។ កាលព្រះយេស៊ូវកំពុងជាប់ឆ្កាង គេបានចំអកឲ្យព្រះអង្គ ដោយស្រែកដាក់ព្រះអង្គថា «ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ» (ម៉ាថាយ ២៧:៤០) ។ ប៉ុន្តែ នៅពេលនោះ ព្រះអង្គនៅតែបន្តជាប់ឆ្កាង ក្នុងភាពងងឹត ។
បន្ទាប់មក នៅក្នុងពេលងងឹត និងភាពរំជើបរំជួលនៃការជាប់ឆ្កាង ភ្លាមៗនោះ ហេតុការណ៍ដ៏អាថ៌កំបាំង និងគួរឲ្យភ្ញាក់ផ្អើលបានកើតឡើង ដោយព្រះទ្រង់ធ្វើឲ្យខូចព្រះវិហារដោយអង្គទ្រង់ផ្ទាល់ ។ កណ្ឌគម្ពីរលូកាបានចែងថា «វាំងននក្នុងព្រះវិហារ ក៏រហែកចំពាក់កណ្ដាល» ។ គេបានចងវាំងនននោះ ក្នុងព្រះវិហារ ដើម្បីបាំងច្រកផ្លូវចូលទៅក្នុងព្រះវត្តមានព្រះ ។ គឺជាសញ្ញាបញ្ជាក់ថា មនុស្សដែលមិនល្អឥតខ្ចោះមិនអាចស្ថិតក្នុងកន្លែងតែមួយ ជាមួយព្រះដ៏បរិសុទ្ធបានទេ ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល អស់អ្នកដែលមានតួនាទីចូលទៅក្នុងព្រះវត្តមានព្រះ តែមិនបានធ្វើការលាងសម្អាតតាមក្រឹត្យវិន័យ និងថ្វាយយញ្ញបូជាតាមដែលចាំបាច់ ក៏បានស្លាប់បាត់បង់ជីវិត (ឧទាហរណ៍ ជនគណនា ៣:២-៤) ។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវហៀបនឹងអស់ព្រះជន្ម និមិត្តសញ្ញានៃរនាំងនេះត្រូវបានបំផ្លាញ ។ តាមរយៈការបំផ្លាញនេះ ព្រះទ្រង់បានប្រកាសថា ទំនៀមទំលាប់ចាស់ សម្រាប់ឲ្យពួកសង្ឃចូលក្នុងព្រះវត្តមានទ្រង់ ត្រូវបានលុបចោល ហើយរនាំងរបស់បាប ដែលញែកមនុស្សជាតិចេញពីព្រះអាទិកររបស់ខ្លួនក៏ត្រូវបានរំលាយចោល ។ យើងមិនចាំបាច់ត្រូវរក្សាគម្លាតពីព្រះអង្គឡើយ ។ ផ្ទុយទៅវិញ «យើងមានសេចក្ដីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ តាមផ្លូវដែលទ្រង់ បានតាំងសម្រាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់» (ហេព្រើរ ១០:១៩-២០) ។
ព្រះទ្រង់មិនបានកំណត់ថា យើងត្រូវចូលទៅរកព្រះអង្គ តាមអគារព្រះវិហារ ឬអគារសាសនាណាមួយ ឬក៏ត្រូវចូលតាមពួកសង្ឃឬគ្រូជាមនុស្សនោះឡើយ ។ កាលពីជាង២ពាន់ឆ្នាំមុន ទ្រង់យាងចូលទៅក្នុងប្រវត្តិសាស្រ្តមនុស្ស ដើម្បីបង្កើតផ្លូវចូលទៅរកព្រះអង្គ តាមរយៈព្រះយេស៊ូវ ។ សព្វថ្ងៃនេះ យើង «មានអ្នកសង្រួបសង្រួមតែ១ នៅកណ្ដាលព្រះនឹងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ ទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់» (១ធីម៉ូថេ ២:៥-៦) ។ ព្រះទ្រង់ជាអ្នកធ្វើឲ្យវាំងនននៅព្រះវិហាររហែកជាពីរ ជំនួសយើង ។ អ្នកមិនចាំបាច់ត្រូវពឹងពួកសង្ឃ និងពិធីបុណ្យតាមសាសនាឡើយ ។ ផ្ទុយទៅវិញ អ្នកអាចចូលទៅរកព្រះ ដោយសណ្ឋានពិតរបស់អ្នក ដោយទុកចិត្តថា ព្រះអង្គនឹងស្វាគមន៍ បង្ហាញសេចក្ដីមេត្តា និងជួយអ្នក ដោយសារព្រះយេស៊ូវ ។
ខគម្ពីរជញ្ជឹងគិត៖ ហេព្រើរ ១០:១៩-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ៤-៥ និង ហេព្រើរ ៧