
ឈើឆ្កាងបើកភ្នែករបស់យើង
ដោយAlistair Begg
April 7, 2026
«កាលមេទ័ពបានឃើញការដែលកើតមក នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន» ។ លូកា ២៣:៤៧
យើងមិនបានយល់អំពីឈើឆ្កាងឡើយ ទាល់តែឈើឆ្កាងបានកែប្រែយើងផ្ទាល់ៗខ្លួន ។
កណ្ឌគម្ពីរលូកាបានចែងអំពីប្រតិកម្មរបស់ពួកបណ្តាជន បន្ទាប់ពីព្រះយេស៊ូវ «បានផុតដង្ហើម» (លូកា ២៣:៤៦) ។ «បណ្ដាមនុស្សទាំងហ្វូង ដែលប្រជុំគ្នាមើលការនោះ កាលគេបានឃើញការដែលកើតឡើងដូច្នោះ ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្ដើរ» (ខ.៤៨) ។ ជាការពិតណាស់ ពួកគេមានអារម្មណ៍សោកសៅ ប៉ុន្តែ បន្ទាប់ពីផ្ទាំងទស្សនីយភាពបានបញ្ចប់ ពួកគេក៏បានចាកចេញ ដើម្បីបន្តរស់នៅជាធម្មតា ។ ខ.៤៩ បានចែងថា «ពួកអ្នកដែលស្គាល់ទ្រង់ ... គេក៏ឈរមើលពីចំងាយ» ហើយយើងគ្រាន់តែអាចស្រមៃថា ពួកគេកំពុងគិតអ្វីខ្លះ ។ ប៉ុន្តែ ប្រតិកម្មរបស់មេទ័ពរ៉ូម៉ាំង មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើល និងមានលក្ខណៈផ្ទាល់ខ្លួនបំផុត ដែលកណ្ឌគម្ពីរលូកាបានចែង ។ គាត់បានឃើញហេតុការណ៍ដែលបានកើតឡើង «នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន» ។
ត្រង់ចំណុចនេះ ពន្លឺកំពុងតែភ្លឺឡើង នៅក្នុងភាពងងឹតនៃអ្នកដឹកនាំសាសនាដែលមានពុត ពួករដ្ឋអំណាចដែលអាត្មានិយម និងពួកបណ្តាជនដែលគ្មានមនោសញ្ចេតនា ។ យើងប្រហែលមិននឹកស្នានថា មនុស្សចុងក្រោយដែលបានឃើញសេចក្ដីពិត គឺជាមនុស្សដែលមិនធ្លាប់មានទំនាក់ទំនងជាមួយព្រះយេស៊ូវ មិនដែលមានប្រវត្តិសិក្សាព្រះគម្ពីរសញ្ញាចាស់ និងមិនគោរពប្រតិបត្តិព្រះ តែបានយល់អំពីហេតុការណ៍ដែលគាត់បានឃើញ ហើយក៏បានឆ្លើយតបដោយផ្ទាល់ខ្លួន ។ គាត់បានឃើញហេតុការណ៍នោះ គឺមានន័យថា គាត់បានឮព្រះបន្ទូលព្រះយេស៊ូវ ឃើញមេឃងងឹត ឃើញរបៀបដែលព្រះអង្គសុគត ហើយក៏បានដឹងថា ព្រះអង្គមិនមែនជាមនុស្សធម្មតា គឺខុសពីមនុស្សផ្សេងទៀត ជាមនុស្សមិនមានទោសសោះ និងសុចរិតទាំងស្រុង ។ ជាការពិតណាស់ កណ្ឌគម្ពីរម៉ាកុសបានបញ្ជាក់ថា មេទ័ពនោះបានប្រកាសថា បុរសដែលជាប់ឆ្កាងនោះគឺជា «ព្រះរាជបុត្រានៃព្រះ» (ម៉ាកុស ១៥:៣៩) ។
កណ្ឌគម្ពីរលូកាបានធ្វើការបកស្រាយលម្អិត ដោយនិយាយសង្កត់ធ្ងន់ទៅលើហេតុការណ៍ដែលបានកើតឡើង នៅលើឈើឆ្កាង ។ បានជាអ្នកអានកណ្ឌគម្ពីរនេះគួរតែនឹកចាំថា នៅពេលដែលព្រះយេស៊ូវបានអានក្រាំងគម្ពីរអេសាយ ក្នុងដើមដំបូងនៃព្រះរាជកិច្ចទ្រង់ ទ្រង់បានមានបន្ទូលថា «ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ...បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ... ប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់» (លូកា ៤:១៨) ។ ជាការពិតណាស់ កណ្ឌគម្ពីរដំណឹងល្អលូកាទាំងមូល មានខ្លឹមសារដ៏សំខាន់មួយ ដែលនិយាយអំពីភាពងងឹតដែលបានចាក់ទម្លុះដោយពន្លឺ បានសេចក្តីថា ការភាន់ភាំង និងភាពរឹងទទឹងរបស់ចិត្ត និងគំនិតរបស់ពួកបណ្តាជន ដែលបានចាក់ទម្លុះដោយអំណាចដ៏ជួយរំដោះនៃសេចក្តីពិតរបស់ព្រះ ។
ការព្យាយាមគោរពប្រតិបត្តិនូវជំនឿគ្រីស្ទបរិស័ទ ដោយបដិសេធន៍ភាពជាចំណុចកណ្តាលនៃឈើឆ្កាង មិនអាចនាំទៅរកសេចក្តីជំនឿដែលជួយសង្គ្រោះនោះឡើយ ។ ហើយយើងមិនតែងតែយល់អំពីរបៀបដែលព្រះវិញ្ញាណធ្វើការ ក្នុងការដឹកនាំបុរសស្ត្រីទាំងឡាយ ឲ្យកើតជាថ្មីឡើយ ប៉ុន្តែ ការចែកចាយរបស់យើង ត្រូវតែនិយាយដូចគ្នាថា «ព្រះគ្រីស្ទបានជាប់ឆ្កាង» (១កូរិនថូស ១:២៣) ។ មានតែការមើលទៅឈើឆ្កាងដោយជំនឿទេ ដែលនាំមកនូវជីវិត ដល់អស់អ្នកដែលឆ្លើយតប ចំពោះព្រះដែលបានជាប់ឆ្កាង ដោយសារទ្រង់បានប្រកាសថាទ្រង់ជានរណា និងសរសើរដំកើងព្រះ សម្រាប់ការជួយសង្គ្រោះរបស់ទ្រង់ ។ ទាល់តែយើងបានជឿលើការសុគតនៅលើឈើឆ្កាង ដោយផ្ទាល់ៗខ្លួន ទើបឈើឆ្កាងមានប្រយោជន៍សម្រាប់យើង ។ ដូចនេះ តើអ្នកបានមើលទៅព្រះអង្គសង្គ្រោះរបស់អ្នកដែលជាប់ឆ្កាង ហើយសរសើរដំកើងព្រះ នៅពេលណា?
ខគម្ពីរជញ្ជឹងគិត៖ ១កូរិនថូស ១:១៨-៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ៨-១០ និង ហេព្រើរ ៩