
ព្រះគុណសម្រាប់កំហុសនីមួយៗ
ដោយAlistair Begg
April 14, 2026
«... ឃើញពួកសាវក១១នាក់ នឹងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា កំពុងតែនិយាយថា ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកឲ្យស៊ីម៉ូនឃើញ ។ នោះគេក៏និយាយប្រាប់ពីការដែលកើតមានមកតាមផ្លូវ ហើយដែលគេបានស្គាល់ទ្រង់ជាក់ ដោយទ្រង់កាច់នំប៉័ងឲ្យ» ។ លូកា ២៤:៣៣-៣៥
ព្រះគម្ពីរសញ្ញាថ្មីបានចែងពីរដងថា ព្រះគ្រីស្ទបានបង្ហាញអង្គទ្រង់ដល់សាវ័កពេត្រុសបន្ទាប់ពីព្រះអង្គទើបតែមានព្រះជន្មរស់ឡើងវិញ គឺបានចែងក្នុងខគម្ពីរខាងលើនេះម្តង និងម្តងទៀត ក្នុងបទគម្ពីរ១កូរិនថូស ១៥:៥ ។ ហេតុអ្វីក្នុងចំណោមមនុស្សទាំងអស់ លោក ពេត្រុសទទួលបានជំនួបដ៏ពិសេសដូចនេះ?
ចូរយើងចាំថា មុនពេលព្រឹត្តិការណ៍នេះកើតឡើង លោក ពេត្រុសបានប្រព្រឹត្តខុសចំពោះគ្រូរបស់គាត់ នៅពេលដែលទ្រង់ស្ថិតក្នុងពេលដ៏ងងឹតបំផុត ។ មុនពេលព្រះយេស៊ូវត្រូវគេចាប់ខ្លួន ព្រះអង្គបានប្រាប់លោក ពេត្រុសថា គាត់នឹងជួបការល្បងល ។ គឺដូចដែលព្រះអង្គមានបន្ទូលថា «ព្រះអម្ចាស់ក៏មានបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ» ។ តែគាត់ទូលទ្រង់ថា «ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្ដី» ។
នោះទ្រង់មានបន្ទូលថា «ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែក៣ដងថា មិនស្គាល់ខ្ញុំ» (លូកា ២២:៣១-៣៤) ។
តាមពិត លោក ពេត្រុសមិនបានត្រៀមខ្លួនប្រឈមមុខដាក់ការជាប់គុក និងសេចក្តីស្លាប់ ដូចដែលគាត់បានស្រមៃនោះឡើយ ។ យើងក៏បានដឹងថា លោក ពេត្រុសពិតជាបានបន្តបដិសេធព្រះអម្ចាស់របស់គាត់បីដង ដូចព្រះអង្គមានបន្ទូលមែន ។ ហើយក្រោយមក នៅពេលដែលលោក ពេត្រុសបាននឹកចាំអំពីទំនាយរបស់ព្រះយេស៊ូវ និងដឹងខ្លួនខុស គាត់ក៏បានទួញយំ (ម៉ាថាយ ២៦:៧៥ និង លូកា ២២:៦២) ។
ដូចនេះ តើហេតុអ្វីព្រះគម្ពីរសញ្ញាថ្មីបាននិយាយសង្កត់ធ្ងន់ថា ព្រះអម្ចាស់យេស៊ូវបានបង្ហាញអង្គទ្រង់ដល់លោក ពេត្រុស បន្ទាប់ពីព្រះអង្គមានព្រះជន្មឡើងវិញ? គឺមិនមែនដោយសារលោក ពេត្រុសមានភាពស័ក្តិសមលើសអ្នកដទៃនោះទេ ។ ប៉ុន្តែ យើងអាចឆ្ងល់ថា តើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ដល់លោក ពេត្រុស ដោយសារគាត់ត្រូវការឲ្យព្រះអង្គបង្ហាញអង្គទ្រង់ដល់គាត់លើសអ្នកដទៃឬ? លោក ពេត្រុសបានដឹងថា ខ្លួនបានប្រព្រឹត្តខុសទាំងស្រុង តែព្រះយេស៊ូវមិនបានបដិសេធគាត់ ដូចដែលគាត់បដិសេធព្រះអង្គនោះឡើយ ។ តើព្រះយេស៊ូវមានសេចក្តីមេត្តា សេចក្តីល្អ និងសេចក្តីសប្បុរស ព្រមទាំងព្រះគុណ និងសេចក្តីអាណិតខ្លាំងប៉ុណ្ណា បានជាទ្រង់នៅតែសម្រេចព្រះទ័យយាងទៅឈើឆ្កាង ដើម្បីសិស្សរបស់ទ្រង់ដែលបានប្រព្រឹត្តខុសមកលើព្រះអង្គ ហើយបន្ទាប់មក ក៏បានសម្រេចព្រះទ័យបង្ហាញអង្គទ្រង់ដល់គាត់ ក្នុងលក្ខណៈពិសេស!
យើងបានជំពប់ដួល ។ យើងជាមនុស្សដែលបានបដិសេធ និងរត់ចោលព្រះអង្គ ហើយមានចិត្តរេតាមខ្យល់ ។ យើងដឹងថា យើងមិនសមនឹងឲ្យព្រះអង្គយាងមករកយកទេ ។ តែពេលណាយើងទៅរកព្រះបន្ទូលព្រះអង្គ ហើយបើកចំហជីវិតយើងទទួលយកសេចក្តីពិតរបស់ព្រះបន្ទូល យើងស្ទើរតែមានអារម្មណ៍ថា ព្រះយេស៊ូវហាក់ដូចជាបានយាងមកអង្គុយនៅក្បែរយើង ហើយមានបន្ទូលថា ខ្ញុំនៅទីនេះស្រាប់ហើយ ។ ខ្ញុំចង់និយាយប្រាប់អ្នក ។ ខ្ញុំចង់ធានាដល់អ្នក ។ ខ្ញុំចង់អត់ទោសឲ្យអ្នក ។ ខ្ញុំចង់ចាត់អ្នកឲ្យចេញទៅ ដោយព្រះចេស្តារបស់ខ្ញុំ ។
សាវ័កពេត្រុសមិនសមនឹងទទួលសេចក្តីអាណិតពីព្រះយេស៊ូវទេ ហើយបើនិយាយដោយស្មោះត្រង់ទៅ យើងក៏មិនសមនឹងទទួលដែរ ។ កំហុសរបស់យើង បានបង្ហាញយើងម្តងហើយម្តងទៀតថា យើងកាន់តែមិនសក្តិសមនឹងទទួលព្រះគុណរបស់ព្រះ ។ ប៉ុន្តែ ក្នុងសេចក្តីមេត្តារបស់ទ្រង់ ព្រះអង្គសព្វព្រះទ័យនឹងប្រទានព្រះគុណ ព្រមទាំងបន្ថែមឲ្យមិនដែលខាន ។ ព្រះអង្គគឺជាព្រះមានសេចក្តីមេត្តាដូចនេះឯង ។ ហើយអ្នកត្រូវធ្វើជាសិស្សជាទីស្រឡាញ់របស់ព្រះអង្គ ដូចលោក ពេត្រុសផងដែរ ។
ខគម្ពីរជញ្ជឹងគិត៖ យ៉ូហាន ២១:១៥-២៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ២១-២២ និង វិវរណៈ ១