
ព្រះចេស្ដាព្រះក្នុងពេលដែលឈឺចាប់
ដោយAlistair Begg
April 16, 2026
«យើងខ្ញុំមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកំឡាំងនៃយើងខ្ញុំទៅទៀត ដល់ម្ល៉េះបានជាយើងខ្ញុំអស់សង្ឃឹមនឹងនៅរស់ផង ។ យើងខ្ញុំក៏មានសាន្តក្រមនៃសេចក្ដីស្លាប់ នៅក្នុងខ្លួនយើងខ្ញុំដែរ ដើម្បីមិនឲ្យយើងខ្ញុំទុកចិត្តដល់ខ្លួនឡើយ គឺឲ្យទុកចិត្តដល់ព្រះ ដែលទ្រង់ប្រោសឲ្យមនុស្សស្លាប់ បានរស់ឡើងនោះវិញ ។ ទ្រង់បានប្រោសយើងខ្ញុំ ឲ្យរួចពីសេចក្ដីស្លាប់យ៉ាងសំបើមនោះហើយ ក៏ចេះតែប្រោសឲ្យរួចតទៅ ហើយយើងខ្ញុំសង្ឃឹមថា ទ្រង់នឹងប្រោសឲ្យរួចទៅមុខទៀតដែរ» ។ ២កូរិនថូស ១:៨-១០
គ្រីស្ទបរិស័ទមិនចាំបាច់ត្រូវធ្វើពុតជាសប្បាយរីករាយគ្រប់ពេលវេលានោះឡើយ ។
ជាការពិតណាស់ សាវ័កប៉ុលមិនបានហាមយើងមិនឲ្យទទួលស្គាល់ថា ជីវិតមានទុក្ខលំបាកនោះឡើយ ។ តាមពិត ទុក្ខលំបាករបស់សាវ័កប៉ុលបានបណ្តាលចិត្តគាត់ ឲ្យនិយាយអំពីបញ្ហាដែលគាត់ជួប នៅតំបន់អាស៊ីមីន័រយ៉ាងដូចនេះថា «យើងខ្ញុំមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកំឡាំងនៃយើងខ្ញុំទៅទៀត ដល់ម្ល៉េះបានជាយើងខ្ញុំអស់សង្ឃឹមនឹងនៅរស់ផង» ។ ទុក្ខលំបាក និងបញ្ហានឹងកើតមានដោយជៀសមិនរួច ហើយយើងក៏មិនចាំបាច់ត្រូវធ្វើពុតជាសប្បាយជានិច្ចដែរ ។
ពេលណាយើងស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃ ក្នុងការទទួលស្គាល់ទុក្ខលំបាករបស់យើង យើងក៏ត្រូវតែរំឭកខ្លួនឯងផងដែរថា ព្រះទ្រង់មានផែនការក្នុងទុក្ខលំបាករបស់យើង ។ សាវ័កប៉ុលបាននិយាយថា ទុក្ខលំបាកបានកើតមាន ដើម្បីកុំឲ្យយើងពឹងផ្អែកលើខ្លួនឯង ។ តើពិតទេ? ពេលណាជីវិតយើងមានភាពល្អប្រសើរ ពេលដែលអ្វីៗហាក់ដូចជាមានដំណើរការល្អ យើងច្រើនតែរស់នៅដោយមិនខ្វល់អ្វីសោះ ។ បន្ទាប់មក ពេលណាយើងជួបបញ្ហា ហើយភ្លាមៗនោះ យើងក៏បានងាកទៅពឹងផ្អែកលើព្រះអង្គវិញ ។ ព្រះអង្គមានគោលបំណង នៅក្នុងទុក្ខលំបាក ដែលមានដូចជាជំងឺ ការបាត់បង់ ទុក្ខលំបាកក្នុងកន្លែងធ្វើការ កូនដែលវង្វេង គឺដើម្បីកុំឲ្យយើងពឹងផ្អែកលើខ្លួនឯង តែពឹងលើព្រះអង្គតែប៉ុណ្ណោះ ។ តើសាវ័កប៉ុលបានមានប្រសាសន៍ថា ព្រះដែលយើងពឹងផ្អែកលើ មានលក្ខណៈដូចម្តេចខ្លះ? គឺព្រះអង្គជាព្រះ «ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ» ។ ក្នុងសេចក្តីស្លាប់នីមួយៗ គឺរាប់បញ្ចូលទាំងសេចក្តីស្លាប់នៃក្តីស្រមៃ ក្តីសង្ឃឹម និងសុខភាព ក្នុងជីវិត និងសេចក្តីស្លាប់ដែលជាការបញ្ចប់នៃជីវិត យើងអាចតោងឲ្យជាប់ព្រះ ដែលបានឈ្នះសេចក្តីស្លាប់ និងដឹកនាំយើងទៅរកភាពពេញលេញនៃជីវិត ក្នុងភាពអស់កល្បជានិច្ច ។ មានតែតាមរយៈការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលព្រះទ្រង់បានរំដោះយើងឲ្យរួចពីបាប ក្នុងពេលសព្វថ្ងៃ និងរំដោះយើងឲ្យមានក្តីសង្ឃឹម ក្នុងការរំដោះម្តងជាសម្រេច ឲ្យរួចពីទុក្ខវេទនា និងសេចក្តីស្លាប់ ។ ខណៈពេលដែលយើងរង់ចាំពេលដែលក្តីសង្ឃឹមរបស់យើងក្លាយជាការពិត ដោយការរស់ឡើងវិញ ព្រះទ្រង់បន្តប្រើទុក្ខលំបាក និងភាពកម្សោយ ដើម្បីនាំយើងចូលមកជិតព្រះអង្គ ។
ក្នុងព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដី អំណាចនៃការរស់ឡើងវិញបានកើតមាន បន្ទាប់ពីទ្រង់ទទួលរងការឈឺចាប់នៃការសុគតនៅលើឈើឆ្កាង ។ ជីវិតរបស់យើងក៏មានដំណើរទៅមុខតាមគំរូនេះផងដែរ ។ ក្នុងការស្លាប់ យើងមានជីវិតរស់ ។ ក្នុងភាពកម្សោយយើងរឹងមាំ ។ ក្នុងភាពខ្វះចន្លោះ យើងមានភាពពេញលេញ ។ ក្នុងការបំភ្លេចខ្លួនឯង យើងរកឃើញសន្តិសុខ និងទំនុកចិត្តពិតប្រាកដ នៅក្នុងព្រះ ។
ពេលណាព្រះទ្រង់អនុញ្ញាតឲ្យទុក្ខលំបាក ធ្វើឲ្យជីវិតអ្នករង្គោះរង្គើ ចូរចាំថា ទ្រង់មានផែនការ ដោយប្រើទុក្ខលំបាកនីមួយៗ ដើម្បីនាំយើងចូលទៅជិតព្រះអង្គ ហើយពឹងផ្អែកលើព្រះអង្គកាន់តែខ្លាំង ។ ហើយពេលណាអ្នករៀនពឹងផ្អែកលើព្រះអង្គកាន់តែច្រើនថែមទៀត កម្លាំងរបស់ព្រះអង្គនឹងបញ្ចេញពន្លឺចែងចាំងតាមរយៈសេចក្តីកម្សោយរបស់អ្នក ហើយអ្នកនឹងស្គាល់អំណាចខាងវិញ្ញាណ ទោះតាមរយៈការឈឺចាប់ក៏ដោយ ។
ខគម្ពីរជញ្ជឹងគិត៖ ២កូរិនថូស ១:៣-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ២៥ និង វិវរណៈ ៣