
ក្តីសង្ឃឹមរបស់មនុស្សសុចរិត
ដោយAlistair Begg
April 17, 2026
«ការសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ» ។ សុភាសិត ១០:២៨
ក្នុងវប្បធម៌លោកខាងលិច នៅសម័យបច្ចុប្បន្ន គេមានផ្នត់គំនិតមួយដែលជឿថា សេចក្តីស្លាប់ធ្វើឲ្យមនុស្សទាំងអស់មានភាពស្មើគ្នា ក្នុងន័យថា ទោះអ្នកជឿលើអ្វី និងបានធ្វើ ឬមិនបានធ្វើអ្វីក៏ដោយ ក៏គេនឹងចាត់ទុកអ្នក ជាមនុស្សដែលមានភាពស្មើគ្នាជាមួយអ្នកដទៃ នៅពេលដែលអ្នកស្លាប់ទៅ ។ ព្រះគម្ពីរប៊ីបមិនបានបង្រៀនដូចនេះទេ តែបានបញ្ជាក់ថា មានតែមនុស្សសុចរិតទេ ដែលអាចសង្ឃឹម ដោយទំនុកចិត្តថា នៅក្នុងព្រះវត្តមានព្រះ «មានសេចក្ដីអំណរដ៏ពោរពេញ» ហើយ «នៅព្រះហស្តស្ដាំទ្រង់មានសេចក្ដីអរសប្បាយជាដរាបតទៅ» (ទំនុកដំកើង ១៦:១១) ។
ក្នុងកណ្ឌគម្ពីរនាងអេសធើរ យើងអាចមើលឃើញភាពខុសគ្នារវាងក្តីសង្ឃឹមរបស់មនុស្សសុចរិត និងសេចក្តីរំពឹងរបស់មនុស្សអាក្រក់ ។ បន្ទាប់ពីលោក ហាម៉ានបានទទួលយោបល់ពីប្រពន្ធ និងមិត្តភក្តិរបស់គាត់ហើយ គាត់ក៏បានសម្រេចចិត្តសង់កន្លែងព្យួរកជាសាធារណៈ ទុកសម្រាប់ព្យួរកលោក ម៉ាដេកាយ ជាមនុស្សដែលគាត់មានការទើសទាល់យ៉ាងខ្លាំង (នាងអេសធើរ ៥:១៤) ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃបន្ទាប់ លោក ហាម៉ានក៏បានត្រឡប់ទៅរកប្រពន្ធ និងមិត្តភក្តិរបស់គាត់ ហើយក៏បានប្រាប់ពួកគេថា ស្តេចបានបង្គាប់ឲ្យគាត់នាំផ្លូវដង្ហែរលោក ម៉ាដេកាយ នៅតាមផ្លូវ ដើម្បីផ្តល់កិត្តិយសដល់លោក ម៉ាដេកាយ ។ អ្នកប្រឹក្សាយោបល់ទាំងនោះ ក៏បានផ្លាស់ប្ដូរពីការឲ្យយោបល់ដែលធ្វើឲ្យលោក ហាម៉ានសប្បាយចិត្ត ទៅជាផ្តល់យោបល់ដ៏គ្រោះថ្នាក់ថា «បើសិនជាម៉ាដេកាយនេះជាសាសន៍យូដា ដែលលោកបានចាប់តាំងដួលនៅចំពោះគាត់ហើយ នោះលោកនឹងឈ្នះគាត់មិនបានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាពិតប្រាកដ» (៦:១៣) ។ លោក ហាម៉ានបានរំពឹងថា គេនឹងលើកដំកើងគាត់ ហើយគាត់នឹងឈ្នះសត្រូវរបស់គាត់ ។ មិត្តសំឡាញ់គាត់ហាក់ដូចជា ទទួលស្គាល់ថា ផែនការអាក្រក់របស់គាត់ កំពុងតែបរាជ័យ ហើយគោលបំណងរបស់ព្រះនឹងបានសម្រេច សម្រាប់រាស្រ្តរបស់ទ្រង់ ។
នៅពេលយប់ នៅចន្លោះពេលនៃការសន្ទនាទាំងពីរលើកនេះ លោក ម៉ាដេកាយ ប្រហែលកំពុងគេង ។ សេចក្តីស្លាប់កំពុងតែតាមគាត់យ៉ាងប្រកិត ប៉ុន្តែ គាត់មិនបានដឹងអំពីគ្រោះថ្នាក់ដែលហៀបនឹងកើតឡើងទេ ។ ទោះគាត់បានដឹងថា លោក ហាម៉ានបានរៀនផែនការអ្វី ដើម្បីកំចាត់គាត់ក៏ដោយ ក៏គាត់នៅតែមិនមានវិធីជួយសង្គ្រោះខ្លួនឯងដែរ ។ គាត់មានតែសង្ឃឹមដល់ការគ្រប់គ្រងរបស់ព្រះ ហើយក្តីសង្ឃឹមនេះ គឺល្មមនឹងឲ្យគាត់មានសន្តិភាពក្នុងចិត្ត ។
ក្នុងព្រឹត្តិការណ៍នោះ លោក ហាម៉ានបែរជាត្រូវបង្ខំចិត្តធ្វើការប្រកាស ដើម្បីលើកកិត្តិយសសម្រាប់លោក ម៉ាដេកាយវិញ ។ គាត់មិនសប្បាយចិត្តចំពោះរឿងនេះទេ ។ ស្រដៀងគ្នានេះដែរ ព្រះគម្ពីរបានចែងថា នៅថ្ងៃព្រះគ្រីស្ទយាងមកវិញ នៅពេលដែលជង្គង់ទាំងអស់លុតចុះ នៅចំពោះព្រះយេស៊ូវគ្រីស្ទ ហើយប្រកាសថា ព្រះអង្គជាព្រះអម្ចាស់ (ភីលីព ២:១០-១១) អ្នកខ្លះនឹងក្រាបបង្គំដោយបង្ខំចិត្ត ហើយខ្លះទៀតនឹងក្រាបបង្គំដោយអំណរ ។ ម្យ៉ាងទៀត ការរំពឹងចង់បានរបស់មនុស្សអាក្រក់នឹងត្រូវវិនាស គឺដូចលោក ហាម៉ានដែរ ប៉ុន្តែ ក្តីសង្ឃឹមរបស់មនុស្សសុចរិត នឹងស្ថិតស្ថេរអស់កល្ប ។
បើអ្នកបានទទួលជឿព្រះគ្រីស្ទ ហើយបានទទួលសេចក្តីសុចរិតពីព្រះអង្គ អ្នកអាចក្រាបនៅចំពោះព្រះអង្គ ដោយអំណរដ៏អស្ចារ្យ ក្នុងលក្ខណៈព្រះអង្គជាព្រះអង្គសង្គ្រោះ ជាមិត្តសំឡាញ់ ក៏ដូចជាព្រះអម្ចាស់របស់អ្នក ។ ដោយក្តីសង្ឃឹមនេះ អ្នកមានហេតុផលគ្រប់យ៉ាងដែលត្រូវសម្រាកដោយសន្តិភាពក្នុងចិត្ត ដ្បិតអ្នកអាចទន្ទឹងរង់ចាំពេលដែលអ្នកបានចូលក្នុងព្រះវត្តមានព្រះអង្គអស់កល្បជានិច្ច ទោះអ្នកកំពុងមានអំណរ ទឹកភ្នែក ការឈឺចាប់ ការខកចិត្ត និងការស្តាយក្រោយក៏ដោយ ។
ខគម្ពីរជញ្ជឹងគិត៖ លូកា ២៣:៣២-៤៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ២៦-២៧ និង វិវរណៈ ៤