
ការអញ្ជើញឲ្យទទួលប្រាជ្ញា
ដោយAlistair Begg
April 18, 2026
«តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ» ។ យ៉ាកុប ១:៥
សព្វថ្ងៃនេះ គេមិនសូវឲ្យតម្លៃមកលើពាក្យ «ប្រាជ្ញា» ដូចសម័យមុនឡើយ ។ តើអ្នកបានឃើញគេប្រើពាក្យនេះញឹកញាប់ទេ កាលពីសប្តាហ៍មុន? អ្នកមិនទំនងជាឃើញគេប្រើពាក្យនេះ នៅក្នុងអត្ថបទ ឬឮគ្រូបង្រៀនប្រើពាក្យនេះទេ ។ ពាក្យប្រាជ្ញា ស្ទើរតែបានក្លាយជាពាក្យហួសសម័យទៅហើយ ដោយគេមិនអើពើ ហើយងាកមករកពាក្យផ្សេងទៀត ដូចជាពាក្យ ការយល់ដឹង ព័ត៌មាន និងបញ្ញាវិញ ។ ប៉ុន្តែ ពាក្យទាំងអស់នេះមិនអាចប្រៀបផ្ទឹមនឹងពាក្យប្រាជ្ញាបានទេ ទោះជារួមបញ្ចូលគ្នាក៏ដោយ ។
ប្រាជ្ញាមិនមែនផ្តេកផ្តួលទៅលើផ្លូវចិត្តនោះទេ តែស្របទៅតាមផ្លូវក្រមសីលធម៌ ។ ប្រាជ្ញាគឺជាការស្គាល់របៀបរស់នៅតាមផ្លូវព្រះ ក្នុងពិភពលោករបស់ព្រះ និងអនុវត្តតាមការយល់ដឹងនេះ ។ ព្រះយេស៊ូវបានមានបន្ទូលអំពីប្រាជ្ញា ដោយការប្រៀបធៀបរវាងអ្នកសង់ផ្ទះដែលឆ្លាតវៃ និងអ្នកសង់ផ្ទះដែលល្ងង់ខ្លៅ (លូកា ៦:៤៦-៤៩) ។ បុរសដែលមានប្រាជ្ញាបានសង់ផ្ទះគាត់នៅលើថ្ម ហើយនៅពេលដែលព្យុះភ្លៀងបក់បោកមក ផ្ទះគាត់បានឈរនៅយ៉ាងរឹងមាំ ។ បុរសដែលល្ងង់ខ្មៅបានសង់ផ្ទះគាត់នៅលើដីខ្សាច់ ហើយវាក៏បានដួលរលំ ។ ភាពខុសគ្នារវាងមនុស្សពីរប្រភេទនេះ គឺបានបង្រៀនយើងក្នុងន័យធៀបថា ខណៈពេលដែលមនុស្សទាំងពីរប្រភេទនេះបានឮព្រះបន្ទូល មានតែអ្នកមានប្រាជ្ញាទេ ដែលអនុវត្តតាមព្រះបន្ទូលព្រះអង្គ ដោយសង់ជីវិតនៅលើព្រះបន្ទូលទ្រង់ ដោយអនុញ្ញាតឲ្យព្រះបន្ទូលដឹកនាំការសម្រេចចិត្ត និងបំណងចិត្តរបស់ខ្លួន ។
តាមនិស្ស័យសាច់ឈាមរបស់យើង យើងខ្វះប្រាជ្ញាប្រភេទនេះ ។ ប៉ុន្តែ ការអញ្ជើញឲ្យទទួលប្រាជ្ញា ក្នុងបទគម្ពីរយ៉ាកុបនេះ គឺប្រកបដោយព្រះគុណ និងសម្រាប់មនុស្សទាំងអស់ ។ ដើម្បីទទួលប្រាជ្ញានេះ ជាបឋម យើងត្រូវតែទទួលស្គាល់ថា យើងត្រូវការប្រាជ្ញា ព្រោះការបន្ទាបខ្លួនតែងតែនាំមកនូវប្រាជ្ញា (សុភាសិត ១:៧) ។ ពេលណាយើងទទួលស្គាល់តម្រូវការនេះ កណ្ឌគម្ពីរយ៉ាកុបបានលើកទឹកចិត្តយើង ឲ្យទូលសូមប្រាជ្ញា ដ្បិតព្រះអង្គស្មោះត្រង់ ហើយប្រទាន «គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍» (យ៉ាកុប ១:១៧) ។ ព្រះយេស៊ូវក៏បានប្រាប់យើងដូចនេះផងដែរថា «ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ» (ម៉ាថាយ ៧:៧-៨) ។
បើយើងចូលមករកព្រះអង្គ ដោយចិត្តស្មោះត្រង់ ព្រះអង្គបានសន្យាថានឹងប្រទានប្រាជ្ញា ដោយសប្បុរស ដោយមិនធ្វើឲ្យយើងមានអារម្មណ៍ប្រកាន់ទោសខ្លួនឯង ឬល្ងង់នោះឡើយ ។ យើងច្រើនតែទូលសូម និងបង្ហាញការព្រួយបារម្ភម្តងហើយម្តងទៀត ព្រោះទុក្ខលំបាកមានពិតប្រាកដមែន ហើយផ្លូវក៏ចោទទៀត ប៉ុន្តែ ព្រះទ្រង់មិនធុញទ្រាន់ ឬបណ្តេញយើងចេញឡើយ ។ ព្រះអង្គសព្វព្រះទ័យនឹងជួយយើង!
សាវ័កយ៉ាកុបដឹងថា តាមរយៈក្តីអំណរ និងទុក្ខសោកក្នុងជីវិត យើងប្រហែលជាចង់គិតខុសពីព្រះអង្គ ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចប្រព្រឹត្តដោយប្រាជ្ញា ដោយស្គាល់ព្រះអង្គ ដោយដើរកាត់ជីវិត ដោយជំហានដ៏រឹងមាំ ខណៈពេលដែលយើងព្យាយាមស្តាប់តាមបង្គាប់របស់ព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គនឹងដឹកនាំយើងគ្រប់ជំហាន ។ តាមរយៈប្រាជ្ញារបស់ព្រះអង្គ អ្នកអាចប្រព្រឹត្តឲ្យបានត្រឹមត្រូវ ដោយអរព្រះគុណព្រះអង្គ ដែលមានសេចក្តីសប្បុរស និងព្រះគុណ ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺត្រូវទទួលស្គាល់ថា អ្នកត្រូវការប្រាជ្ញា ហើយចូរទូលសូមប្រាជ្ញា ហើយបន្តរស់នៅ ដោយដឹងថា «ចូរសូម នោះនឹងឲ្យដល់អ្នក» ។
ខគម្ពីរជញ្ជឹងគិត៖ សុភាសិត ១:១-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ១-២ និង វិវរណៈ ៥