
រូបកាយរបស់យើងដែលនឹងរស់ឡើងវិញ
ដោយAlistair Begg
April 19, 2026
«កាលកំពុងតែប្រាប់រឿងទាំងនោះ ស្រាប់តែព្រះយេស៊ូវទ្រង់ឈរនៅកណ្ដាលគេ មានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តចុះ» ។ លូកា ២៤:៣៦
ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ បានបង្ហាញថា យើងមិនគ្រាន់តែមានពេលអនាគតដ៏អស់កល្បប៉ុណ្ណោះទេ តែក៏បង្ហាញថា ពេលអនាគតនោះមានលក្ខណៈដូចម្តេចផងដែរ ។
ការសុគតរបស់ព្រះយេស៊ូវ បានបណ្តាលឲ្យពួកសាវ័កស្ថិតក្នុងសភាពតក់ស្លុត និងបាក់ស្បាត ។ សេចក្តីស្លាប់ហាក់ដូចជាបានឈ្នះហើយ ។ បន្ទាប់មក នៅពេលដែលពួកគេបានទទួលដំណឹងថា ព្រះអង្គបានបង្ហាញអង្គទ្រង់បន្ទាប់ពីមានព្រះជន្មរស់ឡើងវិញ ពួកគេក៏មានការភាន់ភាំង ហើយដើម្បីឲ្យបាត់ចម្ងល់ គឺទាល់តែព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឲ្យពួកគេបានឃើញដោយផ្ទាល់ ។ ហើយរឿងនេះក៏បានកើតឡើងយ៉ាងដូច្នោះ!
គឺនៅពេលដែលពួកសាវ័កកំពុងជជែកគ្នាអំពីការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ ទ្រង់ក៏បានឈរក្នុងចំណោមពួកគេ ។ អ្នកអាចស្រមៃថា ពួកសាវ័កកំពុងតែជជែកគ្នា ដោយភាពតានតឹង អំពីទីកន្លែងរបស់គ្រូរបស់ពួកគេ ។ បន្ទាប់មក ខណៈពេលដែលពួកគេកំពុងជជែកគ្នា ព្រះយេស៊ូវបានចូលរួមជាមួយពួកគេ! តាមពិត ការបង្ហាញអង្គទ្រង់បានកើតឡើងភ្លាមៗ បានជាពួកសាវ័ក «ភ័យញ័រ ទាំងមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ» (លូកា ២៤:៣៧) ។
ការបង្ហាញអង្គទ្រង់ គឺមិនគ្រាន់តែបានផ្តល់ឲ្យពួកសាវ័កទ្រង់ នូវភស្តុតាងនៃការមានព្រះជន្មរស់ឡើងវិញនៃព្រះកាយរបស់ព្រះអង្គប៉ុណ្ណោះទេ ។ តែក៏បានធ្វើបន្ទាល់អំពីរូបកាយឧត្តមដែលកំពុងរង់ចាំអ្នកជឿព្រះ ក្នុងជីវិតអស់កល្បជានិច្ច ។ ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ដោយព្រះកាយឧត្តមដែលមិនសុគតទៀត ។ នៅលើព្រះកាយព្រះអង្គ សេចក្តីស្លាប់មិនមានអំណាចទេ គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា «សេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ នោះក៏បែបដូច្នោះដែរ» (១កូរិនថូស ១៥:៤២) ។ ពេលណាយើងស្លាប់ក្នុងព្រះគ្រីស្ទ យើងនឹងមិនស្លាប់ទៀតទេ «ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោក អ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ ។ តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក» (ខ.២២-២៣) ។ រូបកាយរបស់យើង ដែលអាចវិនាស នឹងត្រូវព្រះអង្គប្រោសឲ្យរស់ឡើង ដោយមិនចេះវិនាស (ខ.៤២) ។ យើងនឹងមិនស្ថិតក្រោមអំណាចរបស់ជំងឺ ភាពពុកផុយ និងសេចក្តីស្លាប់ទៀតឡើយ ។ ជាងនេះទៅទៀត រូបកាយរបស់យើងក្នុងពេលបច្ចុប្បន្ន ដែល «មានសេចក្ដីអាប់ឱន» និង «សេចក្ដីកម្សោយ» និង «រស់ឡើងវិញ ទាំងមានព្រះចេស្ដា» (ខ.៤៣) ។ យើងនឹងបានរួចផុតពីភាពអាត្មានិយម សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម និងមិនស្ថិតក្រោមអំណាចនៃភាពកម្សោយ និងដែនកំណត់ទៀតទេ ។
ការមានព្រះជន្មឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវមិនគ្រាន់តែបានឈ្នះអំពើបាប និងសេចក្តីស្លាប់ ក្នុងព្រះកាយព្រះអង្គប៉ុណ្ណោះទេ តែក៏ឈ្នះអំណាចរបស់បាបក្នុងរូបកាយយើងផងដែរ ។ ថ្ងៃមួយ យើងនឹងបានឆ្លុះកញ្ចក់ មិនឃើញមានអ្វីដែលធ្វើឲ្យយើងកើតទុក្ខ ឬសោកស្តាយ ឬក៏ភ័យខ្លាចទេ ។ ដូចនេះ នៅថ្ងៃនេះ ទោះរូបកាយអ្នកមានភាពពុកផុយយ៉ាងណា ឬមានបាបយ៉ាងណាក៏ដោយ ចូរមមុលទៅមុខ ដោយផ្ដោតទៅលើអ្វីដែលនៅខាងមុខ ដ្បិត «ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង ។ ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបអង្គឧត្ដមរបស់ទ្រង់ តាមដែលព្រះចេស្ដាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង » (ភីលីព ៣:២០-២១) ។ នេះជាក្តីសង្ឃឹម និងជាមរតកដ៏អស្ចារ្យ!
ខគម្ពីរជញ្ជឹងគិត៖ ១កូរិនថូស ១៥:៣៥-៤៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ៣-៤ និង វិវរណៈ ៦