
ការសម្រាកដោយអំណរ ក្នុងលោកិយដែលវក់វី
ដោយAlistair Begg
April 20, 2026
«មានមនុស្សជាច្រើនដែលនិយាយថា តើអ្នកណានឹងសំដែងឲ្យយើងឃើញសេចក្ដីល្អ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់ បានភ្លឺមកលើយើងខ្ញុំរាល់គ្នា ។ ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្ដីអំណរលើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ នឹងទឹកទំពាំងបាយជូរ របស់គេបានសំបូរផង ។ ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោសឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន» ។ ទំនុកដំកើង ៤:៦-៨
មនុស្សភាគច្រើនកំពុងព្យាយាមដេញតាមខ្យល់ ។ យើងដេញតាមអ្វីៗគ្រប់យ៉ាង ដើម្បីចម្អែតវិញ្ញាណយើង ប៉ុន្តែ យើងនៅតែមិនសល់អ្វី ។ យើងឆ្ងល់ថា «តើនរណាអាចផ្តល់ឲ្យយើងនូវអ្វីដែលធ្វើឲ្យស្កប់ចិត្ត?» ឬឆ្ងល់ថា «តើខ្ញុំអាចរកឃើញអំណរ អត្ថន័យ និងក្តីសង្ឃឹម ក្នុងការដេញតាមយ៉ាងវក់វី និងគួរឲ្យនឿយណាយ ក្នុងជីវិតនេះ ដោយរបៀបណា?»
អរព្រះគុណព្រះអង្គ ដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងមិនបានទុកឲ្យយើងឆ្ងល់ថា យើងត្រូវការអ្វីខ្លាំងជាងគេនោះឡើយ ។ គឺដូចដែលស្តេចដាវីឌបានអធិស្ឋានថា «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់ បានភ្លឺមកលើយើងខ្ញុំរាល់គ្នា» ។ អ្វីដែលមនុស្សត្រូវការខ្លាំងបំផុត ក្នុងសម័យស្តេចដាវីឌ ក៏ដូចជាក្នុងសម័យរាប់ពាន់ឆ្នាំក្រោយមកទៀត ក្នុងសម័យយើង គឺយើងត្រូវឱបក្រសោបព្រះដ៏មានព្រះជន្មរស់ និងត្រូវការឲ្យព្រះអង្គឱបយើង ។ ដូចនេះ ស្តេចដាវីឌបានចង្អុលបង្ហាញឲ្យយើងដឹងថា ការសប្បាយខ្លាំងបំផុត មិនអាចប្រៀបផ្ទឹមនឹងការរកឃើញព្រះពិតដ៏រស់ឡើយ ។ ការមានអំណោយជាច្រើនបរិបូរក្នុងជីវិត ទោះជាផលដំណាំ ឬស្រាទំពាំងបាយជូរ ឬអ្វីផ្សេងទៀតក្តី គឺមិនមែនជាការអាក្រក់ទេ ។ ប៉ុន្តែ ការស្គាល់ព្រះ ដោយដឹងថា ព្រះអង្គគ្មានដែនកំណត់ និងមានសិរីរុងរឿង គឺជាការប្រសើរជាង ។
តើមានមនុស្សប៉ុន្មាននាក់ ដែលកំពុងរស់នៅដោយសង្ឃឹមថា អ្វីដែលពួកគេនឹងទទួលបាននៅថ្ងៃស្អែក នឹងផ្តល់ឲ្យគេនូវអំណរ ដែលខ្លួនហាក់ដូចជាខ្វះនៅថ្ងៃនេះ? «បើមានលុយតែបន្តិចទៀត ខ្ញុំនឹងអាចសប្បាយចិត្តហើយ ។ គ្រាន់តែមានរបស់នេះ ឬរបស់នោះបន្ថែមទៀត នោះខ្ញុំនឹងស្កប់ចិត្តហើយ» ។ ប៉ុន្តែ ការសន្យា អំពីរថយន្តដែលល្អជាង ផ្ទះដែលធំជាង ប្តីឬប្រពន្ធដែលល្អឥតខ្ចោះ ឬការងារដែលល្អជាង នឹងមិនផ្តល់ឲ្យយើងនូវសន្តិភាព និងការសម្រាកដ៏ស្ថិតស្ថេរនោះទេ ។ មានវិធីតែមួយប៉ុណ្ណោះ ដែលយើងអាចប្រាស់ខ្លួនគេង ដោយសន្តិភាព ការស្កប់ចិត្ត និងទំនុកចិត្ត ។ តើធ្វើដូចម្តេចឲ្យយើងអាចសម្រាកយ៉ាងដូចនេះបាន? «ឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោសឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន» ។ គឺទាលតែយើងរកឃើញការស្កប់ចិត្ត នៅក្នុងការស្គាល់ព្រះអម្ចាស់ ហើយដឹងថា ព្រះអង្គកំពុងញញឹមដាក់យើង ទើបយើងអាចប្រាស់ខ្លួនគេង ដោយគ្មានការថប់បារម្ភ ឬស្តាយក្រោយ ។
ខណៈពេលដែលអ្នកគេងនៅលើគ្រែ នៅពេលយប់ ហើយជញ្ជឹងគិតអំពីពេលថ្ងៃនេះ ហើយព្រួយបារម្ភអំពីពេលថ្ងៃស្អែក តើធ្វើដូចម្តេចឲ្យអ្នកមានសន្តិភាពក្នុងចិត្ត? តើមានអ្វីអាចផ្តល់ឲ្យអ្នកនូវស្ថេរភាព និងទំនុកចិត្ត ដែលមនុស្សម្នាក់ៗនៅលើផែនដី កំពុងតែស្រេកឃ្លាន? នៅទីបញ្ចប់ អ្នកនឹងដឹងថា អ្នកមិនស្កប់ចិត្ត ដោយសារលុយនៅក្នុងគណនីធនាគាររបស់អ្នក ប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះរបស់អ្នក ឬការសរសើរពីសហគមន៍របស់អ្នកទេ ។ គឺមានតែព្រះអម្ចាស់ទេ ដែលនាំកូនស្ងួនភ្ងាររបស់ព្រះអង្គ ទៅរកសន្តិភាព ការសម្រាក និងសន្តិសុខពិតប្រាកដ ។ ក្នុងព្រះហស្តនៃអ្នកគង្វាលល្អ អ្នកអាចរស់នៅក្នុងសុវត្ថិភាព និងសម្រាកក្នុងសន្តិភាព ។ ចូរប្រាកដថា នៅពេលដែលអ្នកប្រាស់ខ្លួនគេងនៅពេលយប់នេះ ឬការព្រួយបារម្ភនៅថ្ងៃនេះ ធ្វើឲ្យអ្នកគេងមិនលក់ ចូរចាំថា ព្រះអម្ចាស់ស្រឡាញ់អ្នក ហើយកំពុងថែរក្សាអ្នក ។ នេះជារបៀបដែលអ្នកអាចរកឃើញការសម្រាក និងសន្តិភាពពិតប្រាកដ អស់កល្បជានិច្ច ។
ខគម្ពីរជញ្ជឹងគិត៖ ភីលីព ៤:៤-៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ៥-៧ និង វិវរណៈ ៧