
ទឹករស់
ដោយAlistair Begg
April 21, 2026
«ព្រះយេស៊ូវមានបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច» ។ យ៉ូហាន ៤:១៣-១៤
កាលព្រះយេស៊ូវជួបស្ត្រីសាសន៍សាម៉ារី នៅអណ្តូងទឹក ហើយបានសុំទឹកនាងសោយ នាងក៏បានសន្និដ្ឋានថា នាងនឹងបានបំពេញតម្រូវការរបស់ទ្រង់ ដោយថ្វាយទឹកដល់ព្រះអង្គសោយ ។ តែផ្ទុយទៅវិញ នាងក៏បានដឹងថា តាមពិតនាងត្រូវការទឹកខាងវិញ្ញាណ ជាទឹករស់ ដែលមានតែអង្គបុគ្គលនេះទេ អាចផ្តល់ឲ្យនាងបាន ។
ព្រះយេស៊ូវបានជួយឲ្យនាងមើលឃើញតម្រូវការនេះ ដោយគ្រាន់តែបង្គាប់នាងថា «ចូរទៅហៅប្ដីនាងមកឯណេះ» (យ៉ូហាន ៤:១៦) ។ ព្រះអង្គបានឲ្យនាងធ្វើការអ្វីដែលនាងមិនអាចធ្វើបាន ។ ទោះនាងបានរៀបការ៥ដងហើយក៏ដោយ ក៏នៅពេលនោះ នាងកំពុងរស់នៅជាមួយបុរសម្នាក់ដែលមិនមែនជាប្តីរបស់នាង ។ ព្រះអង្គបានជួយឲ្យនាងដឹងថា ការដែលនាងខំស្វែងរកការស្កប់ចិត្ត បានធ្វើឲ្យនាងកាន់តែមានភាពចន្លោះប្រហោងក្នុងចិត្ត ។ លោក ប្លេស ប៉ាស្កាល់ (Blaise Pascal) ជាគណិតវិទូ និងទស្សនវិទូ បានសរសេរថា ក្នុងចិត្តរបស់យើងម្នាក់ៗ មានចន្លោះប្រហោងមួយ ដែលមានរូបរាង្គដូចព្រះ ។33 ហើយនាងក៏ដូច្នោះដែរ ។
យើងម្នាក់ៗបានជីកអណ្តូងខាងវិញ្ញាណ គ្រប់ទីកន្លែង នៅតែមិនអាចបំបាត់ការស្រេកទឹកបាន (យេរេមា ២:១៣) ពោលគឺជីកនៅក្នុងអាជីព ទំនាក់ទំនងប្តីប្រពន្ធ មិត្តភាព គ្រួសារ ទ្រព្យសម្បត្តិ ការសម្រាកលំហែ ឬបទពិសោធន៍អ្វីក៏ដោយដែលធ្វើឲ្យយើងសប្បាយចិត្ត ។ ប៉ុន្តែ ពួកវាធ្វើឲ្យយើងកាន់តែស្រេកទឹកខាងវិញ្ញាណ ។ យើងនឹងបន្តជីក និងផឹកយ៉ាងដូចនេះទៀត ទាល់តែយើងបានស្គាល់តម្រូវការពិតប្រាកដ គឺនៅពេលដែលយើងដឹងថា យើងត្រូវការការលាងសម្អាត និងការអត់ទោសឲ្យបាបរបស់យើង បំណងចិត្តយើងត្រូវផ្លាស់ប្តូរ ហើយចិត្តរបស់យើងចាំបាច់ត្រូវពេញដោយព្រះយេស៊ូវ ។ មានតែព្រះអង្គទេ ដែលអាចទទួលបន្ទុកនៃក្តីសង្ឃឹម និងសេចក្តីប៉ងប្រាថ្នារបស់យើង ។
ស្រ្តីនេះបានទៅដល់អណ្តូងទឹក ដោយចន្លោះប្រហោងក្នុងចិត្ត ការស្វែងរក និងភាពអស់សង្ឃឹម ។ គាត់ក៏បានជួបព្រះគ្រីស្ទ ជាព្រះដែលបានបង្កើតចិត្តរបស់យើងមក និងជ្រាបពាក្យសម្តីរបស់យើង មុនពេលយើងនិយាយ ហើយអាចរៀបរាប់ថា យើងបានធ្វើអ្វីខ្លះ (យ៉ូហាន ៤:១៩ និង ទំនុកដំកើង ១៣៩:៤,១៣) ។ នាងបាននាំអតីតកាលដែលមានបាប ទៅរកការលាងសម្អាត ដែលមានតែព្រះយេស៊ូវទេដែលផ្តល់ឲ្យនាង ។ នាងទទួលបានក្តីសង្ឃឹមសម្រាប់ពេលអនាគត ពីព្រះដែលជ្រាប់អំពីនាងគ្មានកន្លែងចន្លោះ និងនៅតែស្រឡាញ់នាង ល្មមនឹងបំបាក់ការស្រេកទឹករបស់នាងជារៀងរហូត ។
តើអ្នកបានជួបការល្បួងឲ្យដាក់ក្តីសង្ឃឹមទៅលើអ្វី ក្រៅពីព្រះ? តើអ្នកស្វែងរកការស្កប់ចិត្តនៅទីណា ក្រៅពីព្រះយេស៊ូវ? ព្រះអង្គបានប្រទានទឹក ដែលធ្វើឲ្យអ្នកឈប់ស្រេកជារៀងរហូត និងជាប្រភពទឹកដែលមិនចេះរីងស្ងួត ។ ព្រះអង្គបានទទួលយកអ្វីដែលព្រះអង្គមិនសមនឹងទទួល គឺទោសនៃបាបរបស់យើង ដើម្បីឲ្យព្រះអង្គអាចប្រទានអ្វីដែលអ្នកមិនសមនឹងទទួល គឺសេចក្តីសង្គ្រោះ ការអត់ទោស និងសេចក្តីសង្ឃឹម។ ចូរដងទឹកចេញពីអណ្តូងដែលជួយសង្គ្រោះនេះ ពីមួយពេលទៅមួយពេល ជារៀងរាល់ថ្ងៃ នោះអ្នកនឹងមិនស្រេកទៀតឡើយ ។
ខគម្ពីរជញ្ជឹងគិត៖ យ៉ូហាន ៤:១-២៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ៨-១០ និង វិវរណៈ ៨