
ការងាកទៅរកព្រះគម្ពីរ
ដោយAlistair Begg
April 22, 2026
«ពីព្រោះ ឯព្រះបន្ទូលនៃព្រះ នោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ» ។ ហេព្រើរ ៤:១២
សម្រាប់អ្នកអានកណ្ឌគម្ពីរហេព្រើរ នៅសម័យដើម ពាក្យប្រៀបប្រដូច ក្នុងខគម្ពីរខាងលើនេះប្រាកដជាធ្វើឲ្យពួកគេគិតដល់ដាវមុខពីររបស់កងទ័ពរ៉ូម៉ាំង ។ ដាវនោះមានប្រវែងខ្លី មានចុងស្រួចស្រដៀងនឹងរូបរាងរបស់អណ្តាត ។ហេតុនេះហើយ កណ្ឌគម្ពីរហេព្រើរបានប្រៀបប្រដូចព្រះបន្ទូលព្រះ ទៅនឹងដាវមុខពីរនោះ ។ ក្នុងបទគម្ពីរវិវរណៈ ព្រះយេស៊ូវក៏បានមានបន្ទូលសំដៅទៅលើព្រះបន្ទូលដ៏មានអំណាចរបស់ព្រះអង្គ ដោយប្រើពាក្យ «ដាវ ដែលនៅមាត់អញ» (វិវរណៈ ២:១៦) ។ ដាវនៃព្រះបន្ទូលព្រះមានភាពមុតស្រួចល្មមនឹងបំពេញតម្រូវការគ្រប់យ៉ាងរបស់យើង ទោះក្នុងការចាក់ទំលុះបញ្ញាចិត្ត កាត់ចោលការក្លែងបន្លំរបស់យើង កាត់ផ្តាច់ការកុហករបស់សាតាំង ឬផ្តល់ឲ្យយើងនូវការកម្សាន្តចិត្តក្តី ។
ព្រះយេស៊ូវបានជ្រាបអំពីភាពគ្រប់គ្រាន់នៃព្រះគម្ពីរ ក្នុងកាលៈទេសៈនីមួយៗ និងបានធ្វើជាគំរូនៃការពឹងផ្អែកលើព្រះបន្ទូល សម្រាប់ឲ្យយើងយកតម្រាប់តាម ។ ក្នុងពេលព្រះអង្គជួបការល្បួង ព្រះអង្គងាកទៅរកព្រះគម្ពីរប៊ីប ដើម្បីឆ្លើយតបអារក្ស ដោយជ័យជម្នះមកលើការវាយប្រហាររបស់វា (ម៉ាថាយ ៤:១-១១ លូកា ៤:១-១២) ។ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ដើម្បីលើកទឹកចិត្តបុរសពីរនាក់ នៅតាមផ្លូវទៅភូមិអេម៉ោស ព្រះអង្គបានងាកទៅរកព្រះបន្ទូលព្រះ ហើយ «ទ្រង់ក៏ស្រាយន័យសេចក្ដី ដែលតំរូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្ដាប់ ចាប់តាំងពីគម្ពីរលោក ម៉ូសេ នឹងគម្ពីរពួកហោរារៀងមក» (២៤:២៧) ។ ហេតុអ្វីព្រះអង្គមិនបង្ហាញព្រះហស្តរបស់ព្រះអង្គដែលមានស្នាមដែកគោល នៅពេលនោះតែម្តងទៅ? ព្រោះព្រះអង្គជ្រាបថា មានមនុស្សមិនច្រើនទេ ដែលមានឱកាសមើលឃើញស្នាមរបួសរបស់ព្រះអង្គ ក្នុងរយៈពេលដ៏ខ្លី តែនឹងមានមនុស្សជាច្រើនជំនាន់ ដែលដើរតាមពួកសាវ័ក តែមិនអាចដើរតាមផ្លូវជាមួយព្រះអង្គដូចពួកគេ តែពួកគេនឹងមានព្រះគម្ពីរសម្រាប់អានសេចក្តីដែលបានចែងអំពីព្រះអង្គ ។ សេចក្តីពិតនៃព្រះបន្ទូលព្រះដែលមិនចេះខុស មានភាពគ្រប់គ្រាន់សម្រាប់រាស្រ្តព្រះអង្គ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
យើងរស់នៅក្នុងបរិយាកាស សេចក្តីជំនឿដែលគេបានប្រកាន់ខ្ជាប់តាំងពីយូរមកហើយ កំពុងមានការរង្គោះរង្គើ ។ ទំនុកចិត្តទៅលើព្រះគម្ពីរប៊ីបមានការចុះខ្សោយយ៉ាងខ្លាំង ។ មានមនុស្សតិចទេ ដែលទុកចិត្តថា អំណាច និងភាពគ្រប់គ្រាន់នៃព្រះគម្ពីរប៊ីបបានសម្រេចបំណងព្រះទ័យ ដែលព្រះទ្រង់មានសម្រាប់ព្រះគម្ពីរប៊ីប ។ គេប្រហែលមើលមិនឃើញបញ្ហានេះច្បាស់ ក្នុងមួយជំនាន់នោះទេ ប៉ុន្តែ ជាច្រើនឆ្នាំក្រោយមក ការប្រេះបែក ភាពពុកផុយ ការសង្ស័យ និងការបាត់បង់ចំណាប់អារម្មណ៍ និងការយល់ខុសពីយូរមកហើយ ក៏បានបង្កើតផលផ្លែដែលល្វីងជូរចត់ ។
ចូរយើងមានការប្រុងប្រយ័ត្ន ចំពោះរឿងអ្វីដែលធ្វើឲ្យយើងមានការរេរា ក្នុងជំនឿមកលើអំណាច និងភាពគ្រប់គ្រាន់ដាច់ខាតនៃព្រះគម្ពីរប៊ីប ។ ចូរប្រុងប្រយ័ត្នចំពោះពេលដែលចិត្តរបស់យើងព្យាយាមបន្ថយអំណាចព្រះបន្ទូលព្រះ ទោះដោយមិនបានអាន ឬមិនបានអនុវត្តតាមព្រះបន្ទូលក៏ដោយ ។ ផ្ទុយទៅវិញ ចូរបើកព្រះគម្ពីររបស់អ្នក ហើយសូមព្រះវិញ្ញាណនៃព្រះ ប្រើដាវរបស់ទ្រង់ ចាក់ទម្លុះគំនិត និងបំណងចិត្តរបស់យើង ដោយបង្ហាញថា ឲ្យអ្នកស្គាល់ព្រះយេស៊ូវបន្ថែមទៀត និងក្រើនរំឭកអ្នកម្តងហើយម្តងទៀត អំពីសេចក្តីស្រឡាញ់ និងព្រះចេស្តានៃព្រះបន្ទូលទ្រង់ ។
ខគម្ពីរជញ្ជឹងគិត៖ ម៉ាថាយ ៤:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ១១-១២ និង វិវរណៈ ៩