
រស់នៅជាមនុស្សដែលបានរស់ឡើងវិញ
ដោយAlistair Begg
April 23, 2026
«ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្ដី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្ដាំនៃព្រះ» ។ កូល៉ុស ៣:១
ក្នុងការអស្ចារ្យនៃការប្រែចិត្តជឿព្រះ មានរឿងមួយចំនួនកើតឡើង ។ បាបរបស់យើងបានទទួលការអត់ទោស ព្រះទ្រង់ទទួលចិញ្ចឹមយើងក្នុងគ្រួសារព្រះអង្គ ហើយយើងក្លាយជាកូនប្រុសស្រីរបស់ទ្រង់ ។ មិនតែប៉ុណ្ណោះ យើងក៏មានកន្លែងថ្មីជាមួយព្រះគ្រីស្ទ ក្នុងនគរស្ថានសួគ៌ផងដែរ ។ គ្រីស្ទបរិស័ទមានការផ្លាស់ប្រែ ក្នុងពិភពខាងវិញ្ញាណ ដោយសារយើងបានរួបរួមជាមួយព្រះគ្រីស្ទ ដែលមានព្រះជន្មរស់ឡើងវិញ ហើយទីកន្លែងរបស់យើងក្នុងព្រះគ្រីស្ទ បាននាំឲ្យយើងដាក់អាទិភាព ។ ដោយសារយើងបាន «រស់ឡើង ជាមួយនឹងព្រះគ្រីស្ទ» នោះយើងត្រូវតែ «ស្វែងរកអស់ទាំងសេចក្ដី ដែលនៅស្ថានលើវិញ» ។
នេះជាការពិតដ៏សំខាន់ដែលពួកជំនុំនៅទីក្រុងកូល៉ុសត្រូវយល់ ។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកគេ ដោយប្រាប់ពួកគេថា ពួកគេកំពុងទទួលឥទ្ធិពលពីគោលលទ្ធិខុសឆ្គង ។ ពួកគ្រូខុសឆ្គងបានបង្កើតក្រឹត្យវិន័យរបស់មនុស្ស ឲ្យពួកគេធ្វើតាម ដោយប្រាប់ពួកគេថា «កុំឲ្យកាន់ កុំឲ្យភ្លក់ កុំឲ្យពាល់ឲ្យសោះ» (កូល៉ុស ២:២១) ។ ប៉ុន្តែ ក្រឹត្យវិន័យទាំងនោះ ដែលគេបន្ថែមពីលើព្រះគម្ពីរ គឺដើម្បីឲ្យពួកគេមានក្រមសីលធម៌ក្នុងការប្រព្រឹត្ត ប៉ុន្តែ «គ្មានប្រយោជន៍នឹងទប់ទល់សេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ» (ខ.២៣) ។ យើងក៏ដូច្នោះដែរ ពេលណាយើងព្យាយាមដកខ្លួនយើងចេញពីបាប យើងមិនអាចបញ្ឈប់និស្ស័យសាច់ឈាមពីកំណើត ដែលងាកទៅរកភាពស្មោកគ្រោក មិនបរិសុទ្ធ និងមិនពិតបានទេ ។ ការប្រតិបត្តិបែបសាសនា ដែលល្អមើលតែសម្បកក្រៅ គឺជាមេរោគដ៏អាក្រក់ ដែលគំរាមកំហែង ដោយជ្រៀតចូលក្នុងពួកជំនុំនៅទីក្រុងកូល៉ុស ដោយបូកបញ្ចូលការភាន់ច្រឡំខាងគោលលទ្ធិ ជាមួយនឹងភាពធ្វេសប្រហែសខាងក្រមសីលធម៌ ។ (បញ្ហាទាំងពីរនេះបានដើរទន្ទឹមគ្នា) ។ ហេតុនេះហើយ សាវ័កប៉ុលបានលើកយកបញ្ហានេះមកនិយាយ ដោយក្រើនរំឭកពួកជំនុំនៅទីក្រុងកូល៉ុសថា ដើម្បីឲ្យយើងមានអាកប្បកិរិយាត្រឹមត្រូវ យើងត្រូវដឹងថា យើងជានរណា និងបានក្លាយជាអ្វី ក្នុងព្រះអម្ចាស់យេស៊ូវ ។
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ ជីវិតរបស់យើងមានន័យដោយសារព្រះយេស៊ូវ ។ យើងនៅក្នុងព្រះអង្គ ហើយព្រះអង្គគង់នៅក្នុងយើង ។ ព្រះអង្គបានប្រោសឲ្យយើងរស់ជាមួយព្រះគ្រីស្ទ ហើយជីវិតយើងបានកប់នៅក្នុងព្រះអង្គ ។ សេចក្តីពិតនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនុកចិត្ត ដែលយើងមាន នៅចំពោះមុខនៃនិស្ស័យសាច់ឈាមដែលនាំយើងប្រព្រឹត្តខុស ។
តើអ្នកកំពុងព្យាយាមរស់នៅជាគ្រីស្ទបរិស័ទ ដោយពឹងការប្រឹងប្រែងរបស់ខ្លួនឯង និងតយុទ្ធនឹងបាប ដោយអាងកម្លាំងរបស់អ្នកឬ? តើអ្នកកំពុងព្យាយាមក្លាយជាគ្រីស្ទបរិស័ទល្អជាងមុន ហើយឆ្ងល់ថា ហេតុអ្វីអ្នកហាក់ដូចជាកំពុងស្រមើស្រមៃ ឬដែលអាក្រក់ជាងនេះទៀត តើអ្នកចាប់ផ្តើមឆ្ងល់ថា អ្នកជាគ្រីស្ទបរិស័ទពិតប្រាកដ ឬសក្តិសមនឹងឲ្យអ្នកមានការប្រឹងប្រែងឬទេ? ខណៈពេលដែលអ្នកកំពុងរស់នៅក្នុងលោកិយនេះ ចូរកុំបន្តរស់នៅ ក្នុងកំហុសរបស់អ្នក ឬពឹងផ្អែកលើការប្រព្រឹត្តរបស់អ្នក ធ្វើជាមូលដ្ឋានគ្រឹះនៃជំនឿរបស់អ្នកឡើយ ។ ព្រះទ្រង់បានប្រោសឲ្យអ្នករស់ជាមួយព្រះគ្រីស្ទហើយ ។ មានតែព្រះអង្គទេ ដែលជាក្តីសង្ឃឹមរបស់អ្នក ។ ចូរផ្ដោតទៅលើសិរីល្អរបស់ព្រះអង្គ មិនមែននៅលើសេចក្តីល្អរបស់អ្នក ក្នុងការរស់នៅ ហើយអ្នកនឹងរកឃើញថា អាកប្បកិរិយារបស់អ្នក នឹងបានធ្វើបន្ទាល់ពីព្រះចេស្តារបស់ព្រះអង្គដែលកែប្រែជីវិត ។
ខគម្ពីរជញ្ជឹងគិត៖ កាឡាទី ៥:១៦-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សាស្តា ១-៣ និង វិវរណៈ ១០