នំម៉ាណាប្រចាំថ្ងៃ
ឃើញ​ព្រះយេស៊ូវ​ម្តង​ទៀត

ឃើញ​ព្រះយេស៊ូវ​ម្តង​ទៀត

ដោយAlistair Begg

April 26, 2026

«ហើយ​កាល​ទ្រង់​បាន​រង​ទុក្ខ​រួច​ហើយ នោះ​ក៏បាន​សំដែង​អង្គ​ទ្រង់​មក​ទាំង​រស់ ឲ្យ​ពួក​សាវក​នោះ​ឃើញ ដោយសារ​ភស្តុតាង​ជា​ច្រើន ព្រម​ទាំង​លេច​មក​ឯ​គេ ក៏​សំដែង​ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​នគរ​ព្រះ ក្នុង​រវាង៤០ថ្ងៃ» ។ កិច្ចការ ១:៣
បន្ទាប់​ពី​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះ​អង្គ​អាច​យាង​ឡើង​ស្ថាន​សួគ៌​ភ្លាម​ៗ​តែ​ម្តង​ ។ និយាយ​រួម ព្រះ​រាជ​កិច្ច​នៃ​ការ​ប្រោស​លោះ​បាន​សម្រេច​ហើយ​ ។ ព្រះអង្គ​បាន​ធ្វើ​ការ​ប្រោស​លោះ​ទាំងស្រុង ក្នុង​ការ​សុគត​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​មាន​ជ័យ​ជម្នះ​មក​លើ​សេចក្តី​ស្លាប់​ ។ ហេតុ​អ្វី​ព្រះ​អង្គ​មិន​យាង​ត្រឡប់​ទៅ​រក​ព្រះវរបិតា​វិញ ភ្លាម​ៗ​តែ​ម្តង​ទៅ? មូល​ហេតុ​គឺ​ដោយសារ​ព្រះអង្គ​មិន​សព្វ​ព្រះទ័យ​នឹង​ទុក​ឲ្យ​អ្នក​ដើរ​តាម​ព្រះអង្គ នៅ​សល់​តែ​ការ​ចងចាំ​ចុង​ក្រោយ អំពី​ការ​ដែល​ព្រះអង្គ​បាន​ហូរ​ព្រះ​លោហិត និង​ត្រូវ​គេ​វាយដំ ហើយ​ជាប់​ឆ្កាង​តែ​ប៉ុណ្ណោះ​ទេ​ ។ ផ្ទុយ​ទៅវិញ រឿង​ចុង​ក្រោយ​ដែល​ពួកគេ​ត្រូវ​ចងចាំ​នោះ​គឺ ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ ។ ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ គឺជា​សញ្ញា​សម្គាល់​នៃ​ព្រះគុណ និង​សេចក្តី​សប្បុរស​របស់​ព្រះអង្គ ដែល​បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​ឡើង​វិញ ព្រះអង្គ​បាន «បង្ហាញ​អង្គ​ទ្រង់​មក​ទាំង​រស់» ដល់​ពួក​សាវ័ក​ទ្រង់​ ។ ព្រះអង្គ​បាន​ឆ្លើយ​សំណួរ​របស់​ពួកគេ​ ។ ពួកគេ​ក៏​បាន​ឈប់​យំ​ទៀត​ ។ ព្រះអង្គ «បើក​គំនិត​របស់​ពួកគេ» ឲ្យ​យល់​ព្រះ​គម្ពីរ​សញ្ញា​ចាស់​កាន់តែ​ច្បាស់ (លូកា ២៤:៤៥) ។ ព្រះអង្គ​ក៏បាន​ត្រៀម​ពួកគេ សម្រាប់​ការ​យាង​មក​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ ។ បន្ទាប់មក ព្រះអង្គ​ក៏​បាន​យាង​ឡើង​ស្ថាន​សួគ៌​វិញ ។ 
លោក ​ថូ​ម៉ាស ដែល​មាន​ពេញ​ដោយ​ការ​សង្ស័យ មាន​ចិត្ត​រីករាយ​យ៉ាងណា នៅ​ពេល​ដែល​ព្រះយេស៊ូវ​មិន​បាន​យាង​ឡើង​ស្ថាន​សួគ៌​ភ្លាម​ៗ​តែ​ម្តង! បើ​ព្រះយេស៊ូវ​មិន​បាន​ធ្វើ​ដូច​នេះ​ទេ នោះ​លោក ​ថូម៉ាស​ក៏​មិន​អាច​ជួប​ព្រះ​អង្គ​សង្គ្រោះ​របស់​គាត់ និង​ទទួល​បាន​ចម្លើយ​សម្រាប់​សំណួរ​របស់​គាត់ ហើយ​ឈប់​មាន​ការ​ភ័យ​ខ្លាច​ឡើយ (យ៉ូហាន ២០:២៤-២៩) ។ ជា​ការ​ពិត​ណាស់ លោក ​ពេត្រុស​ក៏​ដូច្នោះ​ដែរ ក្នុង​ពេល​ដែល​គាត់​បាក់​ទឹក​ចិត្ត និង​មាន​ភាព​អា​ម៉ាស គាត់​​មាន​ចិត្ត​រីករាយ ចំពោះ​ឱកាស​ចំណាយ​ពេល​ជាមួយ​ព្រះយេស៊ូវ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ ។ គាត់​បាន​បដិសេធ​ព្រះគ្រីស្ទ​ម្តង​ហើយ​ម្តង​ទៀត នៅពេល​ដ៏​សំខាន់​ ។ ប៉ុន្តែ បន្ទាប់មក ព្រះយេស៊ូវ​ក៏​បាន​យាង​មក ហើយ​ជួប​គាត់​នៅ​លើ​ឆ្នេរ​សមុទ្រ ចម្អិន​អាហារ​ពេល​ព្រឹក​ឲ្យ​គាត់ ហើយ​ប្រទាន​ឱកាស​ឲ្យ​គាត់​បាន​ស្អាង​ឡើង​វិញ ដោយ​ធ្វើ​ការ​បញ្ជាក់​បី​ដង អំពី​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះគ្រីស្ទ (២១:១៥-១៩) ។ តើ​អ្នក​មិន​គិត​ដែរ​ឬ​ទេ​ថា ព្រះ​មាតា​របស់​ព្រះយេស៊ូវ​ក៏​មាន​ចិត្ត​ត្រេកអរ​ប៉ុណ្ណា ក្នុងរយៈ​ពេល៤០ថ្ងៃ​នោះ? នាង​ធ្លាប់​ដាក់​ទ្រង់​ផ្ទំ​ក្នុង​ស្នូក​សត្វ ក៏បាន​ឃើញ​គេ​ប្រព្រឹត្ត​យ៉ាង​ព្រៃ​ផ្សៃ​មក​លើ​ព្រះអង្គ នៅ​ឈើ​ឆ្កាង​ ។ ប៉ុន្តែ នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាកដាឡា ក៏បាន​មើល​ឃើញ​ព្រះយេស៊ូវ​ជា​លើក​ចុង​ក្រោយ នៅពេល​ព្រះ​អង្គ​យាង​ឡើង​ស្ថាន​សួគ៌​វិញ គឺជា​ការ​មើល​ឃើញ ដែល​បណ្តាល​ចិត្ត​នាង និង​អ្នក​ដែល​នៅ​ជាមួយ​នាង​ឲ្យ​ថ្វាយ​បង្គំ​ព្រះអង្គ ហើយ​វិល​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ «ដោយ​អំណរ​ជា​ខ្លាំង» (លូកា ២៤:៥២) ។
ការ​បង្ហាញ​អង្គ​ទ្រង់ ក្នុង​លក្ខណៈ​ជា​ក្សត្រ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​មាន​គ្រប់​ចេស្តា គឺជា​ដំណោះ​ស្រាយ សម្រាប់​យើង​រាល់​គ្នា ដែល​កំពុងតែ​ទៅ​កន្លែង​ផ្សេង​ទៀត ដើម្បី​ស្វែងរក​ថ្នាំ​បន្សាប សម្រាប់​ការ​សង្ស័យ ក្តី​អាម៉ាស់ ការ​ភ័យ​ខ្លាច ឬ​ការ​សោក​សង្រេង​ ។ ឈើ​ឆ្កាង​នៅ​ទទេ គឺ​ដូច​ដែល​ផ្នូរ​នៅ​ទទេ​ដែរ​ ។ ព្រះយេស៊ូវ​ដែល​ជា​ក្សត្រ ទ្រង់​កំពុង​គង់នៅ​ក្នុង​ស្ថាន​សួគ៌​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​នឹង​យាង​ត្រឡប់​មកវិញ​ ។ ទំរាំ​ដល់​ពេល​នោះ ចូរ​ងើប​ក្បាល​ឡើង ដោយ​ដឹង​ថា ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក ទ្រង់​មាន​ព្រះ​ជន្ម​រស់ ហើយ​នគរ​ទ្រង់​បាន​បើក​ទ្វារ​ចំហ ហើយ​ចូរ​មាន​ការ​លើក​ទឹក​ចិត្ត ខណៈ​ពេល​ដែល​អ្នក​សរសើរ​ដំកើង​ក្សត្រ​របស់​អ្នក​ថា :
សូម​សរសើរ​ដំកើង ព្រះយេស៊ូវ ដែល​គ្រង​រាជ ដោយ​សិរី​ល្អ
ព្រះអង្គ​នឹង​គង់នៅ​ជា​រៀង​រហូត
អស់​ពួក​ទេវតា​ស្រឡាញ់​ព្រះអង្គ
ដែល​គង់នៅ​ខាង​ស្តាំ​ព្រះវរបិតា
ព្រះអង្គ​កំពុង​អង្វរ​ឲ្យ​មនុស្ស​មាន​បាប 
ព្រះអង្គ​ក៏​កំពុង​រៀបចំ​កន្លែង​ឲ្យ​យើង​ខ្ញុំ
ព្រះ​អង្គ​កំពុង​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ
រហូត​ដល់​ពេល​ដែល​ពួក​គេ​នឹង​លេច​ឡើង ក្នុង​សិរី​ល្អ​ ។ 34


ខគម្ពីរ​ជញ្ជឹង​គិត៖ លូកា ២៤:៣៦-៤៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ សា​ស្តា ១០-១២ និង វិវរណៈ ១៣

ប្រភេទ