
ថ្វាយសិរីល្អដល់ព្រះ តាមរយៈអំណោយទាននីមួយៗ
ដោយAlistair Begg
May 1, 2026
«ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ» ។ ១កូរិនថូស ១០:៣១
ការបង្ហាញ ឬបញ្ចេញអ្វីមួយដែលមានភាពលេចធ្លោ ច្រើនតែទាក់ទាញចំណាប់អារម្មណ៍របស់យើង ។ ឧទាហរណ៍ កាំជ្រួចដែលគេបាញ់នៅថ្ងៃបុណ្យឯករាជ្យជាតិ ឬទូកងដែលកំពុងនាំមុខគេ នៅក្នុងការប្រកួត នៅថ្ងៃបុណ្យអុំទូក ។ នៅពីក្រោយភាពលេចធ្លោដែលគួរឲ្យទាក់ទាញទាំងនោះ គឺមានការរៀបចំ និងការប្រឹងប្រែង ដែលគេច្រើនតែមើលរំលង ឬមិនសូវឲ្យតម្លៃ ។
ចំណុចដែលគេមើលរំលង នៅក្នុងការប្រកួត ក៏អាចធ្វើឲ្យយើងនឹកចាំ អំពីអំណោយទានខាងវិញ្ញាណ នៅក្នុងពួកជំនុំ ដែលគេមិនសូវឲ្យតម្លៃ ដោយសារយើងច្រើនតែផ្ដោតទៅលើអំណោយទាន ដែលយើងអាចមើលឃើញគេប្រើនៅលើឆាក ដូចជាការបង្រៀន ឬការដឹកនាំ ហើយច្រើនតែមើលរំលងអំណោយទានដែលគេអាចពិបាកមើលឃើញ ដូចជាអ្នករៀបកៅអី ឬការងាររដ្ឋបាលជាដើម ។ ប៉ុន្តែ អ្វីដែលយើងត្រូវតែយល់នោះគឺ អំណោយទានខាងវិញ្ញាណមានតម្លៃ មិនមែនដោយសារភាពលេចធ្លោនោះទេ ។ រូបកាយព្រះគ្រីស្ទត្រូវការអវយវៈនីមួយៗ ពីចុងជើងដល់ចុងសក់ និងត្រូវការអំណោយទាននីមួយៗ (១កូរិនថូស ១២:១៤-២០) ។ អំណោយទាននីមួយៗមានសារៈសំខាន់ ។
ការបង្ហាញចេញខាងវិញ្ញាណនៅក្រៅខ្លួន មិនមែនជាភស្តុតាងបញ្ជាក់ថា យើងកំពុងធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យ ឬកំពុងតែធានាថា យើងបានសង្គ្រោះនោះទេ ។ រឿងនេះសំខាន់ណាស់! យើងងាយនឹងផ្ដោតទៅលើអ្វីដែលយើងធ្វើ ដោយគិតស្មានថា វាជាភស្តុតាងបញ្ជាក់ថា យើងគឺជាអ្វី ។ នៅពេលដែលយើងបង្រៀន ជួយ ផ្តល់ឲ្យអ្វីមួយ និយាយ ច្រៀង ឬប្រោសឲ្យជា យើងប្រហែលជាចង់ប្រើការប្រព្រឹត្តទាំងអស់នេះ ធ្វើជាភស្តុតាងដ៏ចាំបាច់ ដើម្បីបញ្ជាក់ថា យើងកំពុងតែមានជីវិតខាងវិញ្ញាណ ។ ប៉ុន្តែ ព្រះយេស៊ូវបានបង្រៀនថា សូម្បីតែការល្អដែលយើងបង្ហាញចេញមក បានធ្វើឲ្យគេស្ញប់ស្ញែងយ៉ាងណាក៏ដោយ ក៏មិនប្រាកដជាបានបញ្ជាក់ថា យើងពិតជាស្គាល់ព្រះអង្គ ឬព្រះអង្គពិតជាស្គាល់យើងនោះឡើយ (ម៉ាថាយ ៧:២១-២៣) ។
ដូចនេះ តើមានការអ្វីខ្លះដែលយើងអាចប្រើជាភស្តុតាងបញ្ជាក់ថា យើងមានជំនឿ ? សាវ័កប៉ុលបានផ្តល់ឲ្យនូវការបកស្រាយដ៏សាមញ្ញ តែមានប្រយោជន៍យ៉ាងខ្លាំង ក្នុងបទគម្ពីរ ១កូរិនថូស ៦:១៩-២០ យ៉ាងដូចនេះថា «តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរដំកើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នា ដែលជារបស់ផងទ្រង់ចុះ» ។ ខណៈពេលដែលអ្នកបម្រើព្រះ ហើយប្រើអំណោយទានរបស់អ្នក តើអ្នកមានគោលដៅអ្វី ? តើអ្នកមានចេតនាដូចម្តេច ? យើងមិនអាចរំពឹងថា យើងមានបំណងល្អឥតខ្ចោះ នៅលើលោកិយនេះទេ តែខណៈពេលដែលយើងនឹកចាំអំពីការបង់ថ្លៃលោះ ដែលព្រះអង្គបានធ្វើ យើងអាចដាក់គោលដៅថ្វាយសិរីល្អដល់ព្រះអង្គ ក្នុងគ្រប់ការដែលយើងធ្វើ ។ ហើយនេះជាភស្តុតាងបញ្ជាក់អំពីសេចក្តីជំនឿពិតប្រាកដ ព្រោះគ្រីស្ទបរិស័ទ គឺជាមនុស្សដែលព្រះទ្រង់លោះឲ្យរួចពីបាប និងសេចក្តីស្លាប់ ដោយព្រះលោហិតនៃព្រះគ្រីស្ទ ហើយសព្វថ្ងៃនេះ ពួកគេព្យាយាមបម្រើព្រះ អស់ពីចិត្ត «ដើម្បីថ្វាយសិរីល្អដល់ព្រះ» ។
សេចក្តីពិតនេះ គឺសម្រាប់អ្នកដឹកនាំដែលល្បីឈ្មោះ និងចេញមុខមាត់ ក៏ដូចជាអ្នកបោសសម្អាត ដ៏ស្ងាត់ស្ងៀម និងមិនមានគេចាប់អារម្មណ៍ ។ ទោះអ្នកមានអំណោយទានអ្វី ទោះអ្នកមានតួនាទីអ្វី និងស្ថិតក្នុងស្ថានភាពណាក៏ដោយ អ្នកមិនគ្រាន់តែបម្រើព្រះអង្គបានល្អជាងមុនប៉ុណ្ណោះទេ តែអ្នកក៏នឹងបានដកពិសោធន៍ជាមួយនឹងសេចក្តីពិតដែលថា «ដែលឲ្យនោះមានពរជាងទទួល» (កិច្ចការ ២០:៣៥) ។ នៅថ្ងៃនេះ ចូរប្ដេជ្ញាចិត្តថា អ្នកនឹងសួរខ្លួនឯងគ្រប់ពេលថា «តើខ្ញុំនឹងធ្វើអ្វីៗទាំងអស់ យ៉ាងដូចម្តេចខ្លះ ដើម្បីថ្វាយសិរីល្អដល់ព្រះ ដែលស្រឡាញ់ខ្ញុំ និងបានលះបង់ព្រះជន្មដើម្បីខ្ញុំ ?»
ខគម្ពីរជញ្ជឹងគិត៖ មីកា ៦:៦-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៩-១១ និង វិវរណៈ ១៨