
សេចក្តីជំនឿដែលគ្មានការភ័យខ្លាច
ដោយAlistair Begg
May 4, 2026
«បើលោកនោះមិនមែនមកពីព្រះទេ នោះលោកពុំអាចនឹងធ្វើអ្វីបានឡើយ ។ គេឆ្លើយតបទៅគាត់ថា ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ រួចគេបណ្ដេញគាត់ទៅ» ។ យ៉ូហាន ៩:៣៣-៣៤
នៅពេលដែលអ្នកសុំទានដែលពិការភ្នែកបានជួបព្រះយេស៊ូវ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក៩ គាត់មិនគ្រាន់តែបានទទួលការប្រោសឲ្យជា ឲ្យអាចមើលឃើញខាងសាច់ឈាមប៉ុណ្ណោះទេ តែភ្នែកខាងវិញ្ញាណរបស់គាត់ក៏បានបើកឡើង បានជាគាត់ទទួលជឿព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ។ គួរឲ្យស្តាយណាស់ បញ្ហារបស់គាត់មិនទាន់ចប់នៅឡើយទេ ។ នៅពេលគាត់ជួបពួកអ្នកដឹកនាំសាសនា គាត់ក៏បានដឹងថា ពួកគេមិនព្រមទទួលស្គាល់ការផ្លាស់ប្រែខាងរូបកាយ និងសេចក្តីជំនឿរបស់គាត់ដែលទើបកើតមានថ្មីនោះទេ បានជាពួកគេបានតាំងចិត្តបង្ខូចគាត់ ដោយសួរដេញដោលទីសម្គាល់នៃការអស្ចារ្យ និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់គាត់ ។
វត្តមានរបស់ពួកផារិស៊ីបានបង្កឲ្យមានការភ័យខ្លាច បានជានៅពេលដែលគេចោទសួរឪពុកម្តាយរបស់បុរសនោះ ពួកគេក៏បានបដិសេធមិនព្រមឆ្លើយ ដោយខ្លាចគេបណ្តេញចេញពីសាលាប្រជុំ ។ ផ្ទុយទៅវិញ ពួកគេបានបង្វែរអារម្មណ៍ពួកផារិស៊ីឲ្យសួរកូនរបស់ពួកគេវិញ ដោយនិយាយថា «វាពេញអាយុហើយ សូមសួរវាចុះ» (យ៉ូហាន ៩:២៣) ។ ប៉ុន្តែ នៅពេលគេកោះហៅបុរសនោះមកសួរចម្លើយ និងសំឡុតជាលើកទីពីរ នៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកដឹកនាំសាសនា គាត់មិនមានចិត្តរេរានោះឡើយ ។ នៅចំពោះមុខនៃការទាស់ប្រឆាំងរបស់ពួកគេ សេចក្តីជំនឿដែលទើបតែកើតមានថ្មីនោះ បានធ្វើឲ្យគាត់មិនមានការភ័យខ្លាច ។
ពួកផារិស៊ីបានសួរសំណួរដដែល ហើយធ្វើការចោទប្រកាន់ដដែល ព្រោះពួកគេគ្មានពាក្យអ្វីផ្សេងទៀតដែលត្រូវនិយាយទេ ។ ពួកគេកំពុងប្រឈមមុខដាក់ភស្តុតាងដែលមិនអាចប្រកែកបាន ។ ហើយតើពួកគេមានពាក្យអ្វីសម្រាប់តបត ? គឺគ្មានទេ ។ ហេតុនេះហើយ ពួកគេចាប់ផ្តើមធ្វើអ្វី ដែលមនុស្សធ្វើជាធម្មតា នៅពេលដែលពួកគេមិនអាចប្រកែកបាន គឺពួកគេងាកទៅរកការប្រមាថ ។ ពួកគេស្តីបន្ទោសគាត់ថា «ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ ?» អាចនិយាយម្យ៉ាងទៀតថា ឯងជាមនុស្សមានបាបដ៏វេទនា តែយើងជាមនុស្សសុចរិត ហេតុអ្វីឯងហ៊ានមកបង្រៀនយើង ? តើឯងមិនដឹងទេអីថា យើងបានទៅរៀននៅសាលា ? តែឯងវិញ គ្រាន់តែជាអ្នកសុំទាននៅតាមផ្លូវ តើឯងអាចមកតទល់នឹងពួកយើងឬ! ពួកផារិស៊ីមិនអាចទ្រាំទ្រតទៅទៀតបាន ហេតុនេះហើយពួកគេក៏បានបណ្តេញគាត់ ជាបុរសដែលអាចនាំពួកគេទៅរកសេចក្តីពិត ។
ក្នុងនាមយើងជាអ្នកដើរតាមព្រះយេស៊ូវ ក្នុងលោកិយ ដែលទាស់ប្រឆាំងនឹងព្រះ និងផ្លូវរបស់ព្រះអង្គ យើងមិនត្រូវភ្ញាក់ផ្អើលទេ នៅពេលដែលមិត្តភក្តិ និងអ្នកជិតខាងយើងចង់បណ្តេញយើង ។ និយាយដោយស្មោះត្រង់ទៅ យើងគួរតែត្រូវគេបណ្តេញចេញ ឲ្យបានច្រើនជាងនេះទៀត! មូលហេតុដែលមនុស្សជាច្រើនមិនបានស្ថិតនៅក្រោមការគំរាមកំហែងដូចនេះ ប្រហែលមកពីយើងមានលក្ខណៈដូចឪពុកម្តាយរបស់បុរសនោះ ដែលមានការភ័យខ្លាច ជាជាងដូចកូនប្រុសគាត់ដែលមានជំនឿរឹងមាំ ដោយយើងសុខចិត្តនៅស្ងៀម ជាជាងនិយាយស្តី ។
ជំនឿដែលអ្នកមានចំពោះព្រះគ្រីស្ទ មិនធានាថា អ្នកនឹងមានផ្លូវជីវិតដែលងាយស្រួលនោះឡើយ ។ តាមពិត ជំនឿលើព្រះគ្រីស្ទនាំអ្នកទៅរកការទាស់ប្រឆាំងរបស់អ្នកដទៃស្ទើរតែគ្រប់ពេល ។ តើអ្នកមានការភ័យខ្លាចអ្នកដទៃមានការឆ្លើយតបយ៉ាងណា ចំពោះជំនឿរបស់អ្នកឬ ? តើការភ័យខ្លាចបណ្តាលឲ្យអ្នកមិននិយាយស្តី ជាជាងទៅប្រាប់អ្នកដទៃថា «ពីមុនខ្ញុំវង្វេង តែព្រះអង្គបានរកខ្ញុំឃើញ ពីដើមខ្ញុំខ្វាក់ តែឥឡូវខ្ញុំមើលឃើញវិញ ?»35 តើជំនឿរបស់អ្នកនាំឲ្យអ្នកមានចិត្តក្លាហាន នៅចំពោះមុខនៃការប្រឆាំង ដូចប្រុសពិការភ្នែកនោះឬ ? បើមិនដូច្នោះទេ ចូរអធិស្ឋាននៅពេលនេះ សូមព្រះអង្គប្រទានអ្នក នូវសេចក្តីជំនឿ ដើម្បីឲ្យអ្នកហ៊ាននិយាយពាក្យសម្តីដូចនេះ ។
ខគម្ពីរជញ្ជឹងគិត៖ យ៉ូហាន ៩:១៨-៣៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ១៧-១៩ និង វិវរណៈ ២១