
ធ្វើការងារ ដើម្បីថ្វាយផ្គាប់ព្រះទ័យព្រះ
ដោយAlistair Begg
May 6, 2026
«ការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្តទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ
ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមរដកអំពីព្រះអម្ចាស់មក ដ្បិតអ្នករាល់គ្នាជាអ្នកបំរើរបស់ព្រះគ្រីស្ទជាព្រះអម្ចាស់» ។ កូល៉ុស ៣:២៣-២៤
តើការងាររបស់អ្នកមានផ្នែកណាសំខាន់ជាងគេ ? ទោះអ្នកធ្វើការជាកម្មកររោងចក្រ ធ្វើរបាយការណ៍នៅការិយាល័យ ធ្វើពលកម្មនៅវាលស្រែ ឬធ្វើជាងសំណង់ក្តី តើការងារអ្នកមានអ្វីសំខាន់ជាងគេ ? បើអ្នកជាគ្រីស្ទបរិស័ទ អ្នកអាចឆ្លើយថា អ្នកត្រូវ «ធ្វើឲ្យអស់ពីចិត្តទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ» ។
ការងារគឺជាផ្នែកដែលមិនអាចជៀសវាងបានក្នុងជីវិត គឺជាអ្វីដែលព្រះទ្រង់បានបង្កើតឲ្យយើងធ្វើ (លោកុប្បត្តិ ១:២៣ ២:១៥) ។ ប៉ុន្តែ ទស្សនៈដែលយើងមាន ចំពោះការងារមានការផ្លាស់ប្តូរ ដោយរំដោះយើងឲ្យរួចផុតពីភាពខ្ជិលច្រអូសក្នុងការងារ និងការថ្វាយបង្គំការងារ ។ ពេលណាយើងយល់សេចក្តីពិតនេះ អ្នកដែលយើងធ្វើការឲ្យពិតប្រាកដ គឺព្រះយេស៊ូវ មិនមែនចៅហ្វាយ ឬគណនីធនាគារយើងទេ ។ គោលបំណងរបស់យើង គឺដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ។
ពេលណាយើងយល់អំពីរឿងនេះ ការងារនីមួយៗដែលយើងធ្វើនឹងមានភាពថ្លៃថ្នូរ ហើយយើងអាចបម្រើដល់ព្រះអម្ចាស់ ក្នុងកិច្ចការអ្វីក៏ដោយដែលយើងធ្វើ (១កូរិនថូស ១៥:៥៨) ។ ការចិញ្ចឹមកូន ការលក់ថ្នាំលាបជញ្ជាំង និងការគ្រប់គ្រងការិយាល័យ ក៏ជាការបម្រើព្រះអម្ចាស់ផងដែរ ។ ការដឹងថា យើងធ្វើការបម្រើព្រះអម្ចាស់ជាទីមួយ និងជាអាទិភាព អាចនាំមកនូវភាពខុសប្លែកធំមួយ រៀងរាល់ពេលព្រឹក នៅពេលយើងក្រោកពីគេង ដើម្បីទៅប្រកបការងារ និងរៀងរាល់ពេលល្ងាច នៅពេលយើងសម្រាកពីការងារ ។
ជាការពិតណាស់ យើងងាយនឹងមានការបាក់ទឹកចិត្ត ក្នុងការងារ និងមានអារម្មណ៍នឿយណាយ ដោយសារការងារ ។ នៅថ្ងៃខ្លះ តាមរយៈទុក្ខលំបាកទាំងអស់នេះ យើងយល់កាន់តែច្បាស់ អំពីបន្លា និងរុក្ខជាតិចង្រៃ និងការដាក់បណ្តាសារមកលើដី ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣ ។ ប៉ុន្តែ បទគម្ពីរ ១កូរិនថូស បានជួយឲ្យយើងសង្ឃឹមថា ពេលណាយើងធ្វើការថ្វាយព្រះអម្ចាស់ ការងារទាំងនោះមិនឥតប្រយោជន៍ឡើយ (១កូរិនថូស ១៥:៥៨) ។ ទេ ការងារដែលយើងធ្វើថ្វាយព្រះអង្គ មិនដែលអសារឥតការ ។ ព្រះទ្រង់ប្រមូលកិច្ចការដែលយើងធ្វើ នៅចំពោះព្រះអង្គ និងដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ ត្បាញចូលគ្នា នៅក្នុងរឿងដ៏ធំឧត្តមនៃកិច្ចការដែលព្រះអង្គកំពុងធ្វើ ក្នុងលោកិយរបស់ព្រះអង្គ ។
សាវ័កប៉ុលបានក្រើនរំឭកយើងថា យើងប្រហែលមិនបានឃើញភាពជោគជ័យពេញលេញ ក្នុងកិច្ចការដែលយើងធ្វើថ្វាយព្រះអង្គ ក្នុងជីវិតនេះទេ ។ តាមពិត យើងប្រហែលមិនមានភាពជោគជ័យ ដូចដែលយើងបានគិតស្មានឡើយ ។ យើងឃើញប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ការឡើងតំណែង ឬការលក់ដូរចំគោលដៅ តែយើងមិនអាចមើលឃើញរង្វាន់អស់កល្បជានិច្ច ដែលយើងនឹងទទួលបាន នៅពេលដែលយើងចូលនគរស្ថានសួគ៌ ហើយយើងក៏មើលមិនឃើញកិច្ចការទាំងអស់ដែលព្រះទ្រង់កំពុងធ្វើតាមរយៈយើងដែរ ។ ហេតុនេះហើយ យើងត្រូវរស់នៅដោយជំនឿ ដោយទុកចិត្តថា ព្រះអង្គកំពុងទតមើលកិច្ចការទាំងអស់ដែលយើងធ្វើ ហើយសព្វព្រះទ័យ ពេលណាយើងបម្រើព្រះអង្គ ហើយព្រះអង្គកំពុងធ្វើការ និងសម្រេចបំណងព្រះទ័យទ្រង់បន្ថែមទៀត តាមរយៈការងាររបស់យើង ។
ទោះព្រះអង្គបានត្រាស់ហៅអ្នកឲ្យធ្វើកិច្ចការអ្វីក៏ដោយ ក្នុងពេលបច្ចុប្បន្ន ចូរធ្វើការនោះ ដោយគោលបំណងខ្ពស់បំផុត ដើម្បីថ្វាយព្រះកិត្តិនាមព្រះយេស៊ូវ នៅក្នុងរបៀបដែលអ្នកធ្វើការងារនោះ ។ អ្នកត្រូវមានបំណងចង់ផ្គាប់ចិត្តចៅហ្វាយនាយ និងអតិថិជនរបស់អ្នក ប៉ុន្តែ មុនពេលអ្នកចាប់ផ្តើមធ្វើការងារនៅថ្ងៃនីមួយៗ ចូរកុំភ្លេចថា អ្នកត្រូវថ្វាយព្រះកិត្តិនាមដល់នរណា ក្នុងការប្រឹងប្រែងរបស់អ្នក ។ ចូរធ្វើការងារ «ដោយកំឡាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ» (១ពេត្រុស ៤:១១) ។ ទោះអ្នកត្រូវធ្វើអ្វីក៏ដោយ នៅថ្ងៃនេះ អ្នកអាចធ្វើថ្វាយព្រះអម្ចាស់ ហើយអ្នកនឹងរកឃើញការស្កប់ចិត្ត ។
ខគម្ពីរជញ្ជឹងគិត៖ អេភេសូរ ៦:៥-៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ២៣-២៥ និង ម៉ាថាយ ១