
អ្វីដែលយើងអាចអួតបាន
ដោយAlistair Begg
May 8, 2026
«ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យគេអួតតែពីសេចក្ដីនេះវិញ គឺថាខ្លួនមានយោបល់ ហើយស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា» ។ យេរេមា ៩:២៣-២៤
យើងកំពុងរស់នៅក្នុងវប្បធម៌ដែលលើកដំកើងខ្លួនឯង និងលើកទឹកចិត្តយើងឲ្យទុកចិត្តខ្លួនឯង ជាជាងទុកចិត្តលើព្រះដែលបានបង្កើតយើងមក ។ ព្រះទ្រង់ជ្រាបថា យើងចាំបាច់ត្រូវប្រយុទ្ធប្រឆាំងការពឹងផ្អែកខ្លួនឯង បានជាព្រះអង្គមានបន្ទូលមកកាន់យើង តាមរយៈព្រះគម្ពីរប៊ីប ដោយលើកទឹកចិត្តយើងឲ្យអួតក្នុងព្រះអង្គតែប៉ុណ្ណោះ និយាយឲ្យខ្លី គឺយើងត្រូវទុកចិត្តលើព្រះអង្គប៉ុណ្ណោះ ។
ក្នុងការស្វែងរកប្រាជ្ញានៅក្នុងប្រភពផ្សេង ក្រៅពីព្រះ អ្នកខ្លះបានដេញតាមការអប់រំ និងចំណេះដឹង ។ អ្នកខ្លះងាកទៅពឹងផ្អែកទៅលើកម្លាំងកាយ ឬរូបសម្រស់ជាបឋម ដោយមើលរំលងការពិតដែលថា រូបកាយយើងនឹងពុកផុយ ហើយនឹងស្លាប់នៅទីបំផុត ។ តែអ្នកដទៃទៀត នៅតែជាប់ចិត្តនឹងការស្វែងរកលុយ និងភាពមានបាន ជាជាងស្វែងរកព្រះ ធ្វើជាអ្នកផ្គត់ផ្គង់ជាចម្បង ។
កណ្ឌគម្ពីរយេរេមាបានចែងថា បើយើងគិតឃើញថា យើងអាចអួតអំពីគំនិតប្រាជ្ញា រូបកាយដែលខុសភាពល្អ ឬការមានបទពិសោធន៍ច្រើន នោះយើងកំពុងតែស្រមើស្រមៃហើយ ។ ដូចនេះ តើយើងត្រូវទុកចិត្តទៅលើអ្វី ? ហោរាយេរេមាបានផ្តល់ឲ្យនូវចម្លើយយ៉ាងច្បាស់ថា យើងត្រូវទុកចិត្តលើព្រះ ។ យើងអាចទុកចិត្តព្រះ ព្រោះព្រះអង្គគឺជាព្រះនៃយុត្តិធម៌ ។ ព្រះអង្គគ្រប់គ្រងដោយភាពស្មើគ្នា ព្រះអង្គធ្វើការដោយសេចក្តីពិត ហើយព្រះអង្គមិនដែលធ្វើអ្វីផ្តេសផ្តាសឡើយ ។ យើងអាចទុកចិត្តទាំងស្រុងថា សកម្មភាពរបស់ព្រះអង្គតែងតែស្របទៅតាមចារិតលក្ខណៈរបស់ទ្រង់ ។
យើងអាចទុកចិត្តព្រះ ព្រោះព្រះអង្គមានចារិតលក្ខណៈផ្អែកទៅលើសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះរាស្រ្តទ្រង់ គឺសេចក្តីស្រឡាញ់ដែលបានបង្ហាញចេញដល់យើង នៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ និងក្នុងកិច្ចការដែលព្រះអង្គបានធ្វើ ។ ហើយដោយសារជម្រៅនៃសេចក្តីស្រឡាញ់ ដែលព្រះវរបិតាមានចំពោះយើង ព្រះអង្គបានហៅយើងថា «កូនរបស់ព្រះ» (១យ៉ូហាន ៣:១)! ហេតុនេះហើយ យើងត្រូវតែជ្រកកោននៅក្នុងសេចក្តីសុចរិតរបស់ព្រះអង្គ មិនមែនសេចក្តីសុចរិតរបស់យើងទេ ។ យើងត្រូវទុកចិត្តព្រះយេស៊ូវ ដែលបានសម្រេចបំណងព្រះទ័យព្រះវរបិតា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គ និងស្រឡាញ់ព្រះអង្គ ធ្វើជាព្រះអាទិករ និងព្រះដែលទ្រទ្រង់ ហើយជាព្រះអង្គសង្គ្រោះ និងជាស្តេចរបស់យើង ។
ការបង្រៀនរបស់ព្រះគម្ពីរប៊ីបមិនបានស្តីបន្ទោសឲ្យមនុស្ស ដែលដេញតាមប្រាជ្ញា កម្លាំងខាងរូបកាយ និងសមត្ថភាពស្វែងរកទ្រព្យសម្បត្តិនោះឡើយ ។ ប៉ុន្តែ ព្រះគម្ពីរប៊ីបបានទាស់ប្រឆាំងនឹងការយល់ឃើញថា អត្តសញ្ញាណ ការស្កប់ចិត្ត ឬសេចក្តីសង្គ្រោះរបស់យើង អាចពឹងផ្អែកទៅលើសមត្ថភាពទាំងអស់នេះ ។ មានសិរីល្អដែលភ្លឺចែងចាំងជាងសមត្ថភាពទាំងអស់នេះ ។ ជីវិតរបស់យើងគួរតែប្រកាស ដោយអស់ពីចិត្ត ដោយព្រះគុណ និងដោយត្រង់ៗថា ព្រះបានបង្កើតយើងមក ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ ដោយដើរបែបបន្ទាបខ្លួននៅចំពោះព្រះអង្គ ហើយអរសប្បាយនឹងព្រះអង្គអស់កល្បជានិច្ច ។ តើអ្នកទុកចិត្តលើអ្វីនៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូត ? តើអ្នកងាកទៅពឹងផ្អែកលើនរណា ដើម្បីឆ្លងកាត់ទុក្ខលំបាកនៅថ្ងៃនីមួយៗ ? ចូរយើងងាកទៅរកព្រះអម្ចាស់លើទាំងអស់ ដែលមានក្តីស្រឡាញ់ យុត្តិធម៌ និងសុចរិត ហើយដឹងថា ពេលដែលអ្នកទុកចិត្តព្រះអង្គ ព្រះអង្គក៏មានព្រះទ័យរីករាយចំពោះអ្នកផងដែរ ។
ខគម្ពីរជញ្ជឹងគិត៖ កាឡាទី ៦:១២-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ២៩-៣១ និង ម៉ាថាយ ៣