
ព្រះគម្ពីរប៊ីបនៅតែមានអំណាច
ដោយAlistair Begg
May 11, 2026
«ឯក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា ។ សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្ដាលឲ្យចិត្តរីករាយសប្បាយ ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក» ។ ទំនុកដំកើង ១៩:៧-៨
គេច្រើនតែចាត់ទុកព្រះគម្ពីរប៊ីប ជាវត្ថុបុរាណដែលគ្មានប្រយោជន៍ ពីសម័យដែលបានកន្លងផុតទៅ យូរលង់មកហើយ ។ អ្នកខ្លះយល់ឃើញថា ព្រះគម្ពីរប៊ីបមានជោគវាសនា មិនខុសពីរទេះសេះ និងរទេះគោដែលត្រូវបានជំនួសដោយម៉ាស៊ីនឡាន ដែលនឹងត្រូវជំនួសដោយម៉ាស៊ីនប្រភេទផ្សេងទៀតក្នុងពេលដ៏ខ្លីខាងមុខ ។ ពួកគេអះអាងថា ព្រះគម្ពីរប៊ីបអាចមានប្រយោជន៍ សម្រាប់ការសិក្សាប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្តក្នុងកំរិតណាមួយ ប៉ុន្តែ មិនអាចបំពេញតម្រូវការជាចម្បងរបស់មនុស្សនៅសតវត្សរ៍ទី២១បានទេ ហើយពិតជាអាចធ្វើជាឧបសគ្គរារាំងការលូតលាស់របស់យើង ។
នៅក្នុងសៀវភៅដែលលោក ម៉ាទីន លូស័រ (Martin Luther) បាននិពន្ធមានចំណងជើងថា ចំណងរបស់ចិត្ត គាត់បានធ្វើការបកស្រាយគួរឲ្យភ្ញាក់ផ្អើលមួយ ដែលបានបើកបង្ហាញថា មនុស្សមានគំនិតរាក់កំផែលយ៉ាងណា ចំពោះព្រះគម្ពីរប៊ីប ។ គឺដូចដែលគាត់មានប្រសាសន៍ថា «មនុស្សដែលគ្មានព្រះវិញ្ញាណរបស់ព្រះ មិនអាចមើលយល់អ្វីដែលមាននៅក្នុងព្រះគម្ពីរប៊ីប សូម្បីតែបន្តិច ។ ចិត្តរបស់មនុស្សទាំងអស់មានភាពងងឹត ហេតុនេះហើយ ពេលដែលពួកគេពិភាក្សា ឬដកស្រង់អ្វីទាំងអស់ដែលមានចែងក្នុងព្រះគម្ពីរប៊ីប ពួកគេមិនយល់ ឬមិនស្គាល់អ្វីសោះ នៅក្នុងនោះ» ។ 37
យើងមិនអាចសង្ឃឹមថា នឹងបានយល់អំពីព្រះ ឬព្រះបន្ទូលព្រះអង្គ ដោយសមត្ថភាពខ្លួនឯងបានទេ ។ មនុស្សស្គាល់ព្រះបាន មិនមែនដោយការស៊ើបអង្កេត តែដោយការបើកសម្ដែង ដោយព្រះទ្រង់បង្ហាញអង្គទ្រង់ តាមរយៈព្រះបន្ទូលព្រះអង្គ ។ ការបើកសម្ដែងជាទូទៅ តាមរយៈអ្វីដែលយើងឃើញក្នុងពិភពលោកដែលព្រះបានបង្កើត ពិតជាចង្អុលបង្ហាញយើងទៅរកព្រះអង្គ ប៉ុន្តែ យោងតាម បទគម្ពីរ រ៉ូម ១:២០-២៣ ព្រះទ្រង់បានបើកសម្ដែងដល់យើងយ៉ាងគ្រប់គ្រាន់ បានជាយើងមិនអាចដោះសាបាន ព្រោះតាមនិស្ស័យសាច់ឈាម យើងរាល់គ្នាបិទបាំងសេចក្តីពិតដែលយើងឃើញមានក្នុងធម្មជាតិ ដោយសុខចិត្តថ្វាយបង្គំខ្លួនឯង និងរូបព្រះ ជាជាងថ្វាយបង្គំព្រះដែលបង្កើតរបស់សព្វសារពើមក ។ យើងត្រូវការការបើកសម្ដែងពិសេស នៅក្នុងព្រះគម្ពីរប៊ីប ដើម្បីឲ្យយើងមានការយល់ដឹងច្បាស់ និងជួយយើងឲ្យកាត់ស្រាយបានត្រឹមត្រូវ នូវអ្វីដែលយើងមើលឃើញ និងដកពិសោធក្នុងលោកិយនេះ ។
ព្រះទ្រង់គឺជាអ្នកនិពន្ធ និងអភិរក្សសៀវភៅមួយក្បាល ដែលជាព្រះគម្ពីររបស់ទ្រង់ ដើម្បីឲ្យយើងអាចស្គាល់ព្រះអង្គ ។ ហើយសៀវភៅនោះបានចែងទុកអំពីសេចក្តីស្រឡាញ់របស់ព្រះដែលមិនអាចវាស់បាន ដែលទ្រង់មានចំពោះមនុស្សដែលបានបែរខ្នងដាក់ព្រះអង្គ ។ បើសេចក្តីដែលបានចែងនោះ គឺជាព្រះសូរសៀងរបស់ព្រះ ដែលមកពីព្រះឱសរបស់ព្រះអង្គ តើយើងអាចស្វែងរកភស្តុតាងនៅកន្លែងផ្សេងទៀត ដើម្បីបញ្ជាក់អំពីសេចក្តីពិតនៃព្រះគម្ពីរប៊ីបបានទេ ? គ្មានអំណាចអ្វីដែលធំជាងព្រះអង្គឡើយ ។
សរុបមក យើងត្រូវការភ្នែកថ្មី ដើម្បីមើលឃើញសម្រស់ និងអំណាចនៃព្រះគម្ពីរប៊ីប ។ យើងមើលឃើញព្រះបន្ទូលព្រះទាំងស្រុង តាមរបៀបថ្មីមួយ នៅពេលដែលព្រះអង្គប្រទានសេចក្តីជំនឿដល់យើង ។ លោកិយអាចចាត់ទុកព្រះបន្ទូលក្នុងព្រះគម្ពីរប៊ីបថា មិនមានប្រយោជន៍ ឬអាក្រក់លើសនេះទៀត ប៉ុន្តែ ពេលណាយើងមើលទៅស្ថានភាពរបស់លោកិយនេះ យើងនឹងបាននឹកចាំថា វាគ្មានចម្លើយទាំងអស់ទេ ឬគ្មានចម្លើយដែលសំខាន់នោះឡើយ ។ ចូរកុំព្រងើយកន្តើយចំពោះព្រះគម្ពីរប៊ីបរបស់អ្នក ។ ចូរទូលសូមព្រះធ្វើការ ក្នុងអ្នក ខណៈពេលដែលអ្នកបើកព្រះគម្ពីរ ដើម្បីកែប្រែវិញ្ញាណអ្នក ធ្វើឲ្យអ្នកមានប្រាជ្ញាកាន់តែច្រើន នាំឲ្យអ្នកមានក្តីអំណរ និងបំភ្លឺផ្លូវរបស់អ្នក ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ១៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូណាស និង ម៉ាថាយ ៥:២៧-៤៨