
មិត្តភក្តិដែលកោតខ្លាចព្រះ គឺជាអំណោយ
ដោយAlistair Begg
May 13, 2026
«យើងចុះសំពៅ១ពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅតាមឆ្នេរសមុទ្រស្រុកអាស៊ី ហើយក៏បើកទៅមានទាំងអើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច ទៅជាមួយផង ដល់ថ្ងៃស្អែក យើងបានចូលទៅចតនៅក្រុងស៊ីដូន នោះយូលាសបានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ នឹងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ» ។ កិច្ចការ ២៧:២-៣
សាវ័កប៉ុលចង់ធ្វើដំណើរទៅទីក្រុងរ៉ូមខ្លាំងណាស់ ហើយថ្ងៃដែលគាត់ត្រូវធ្វើដំណើរក៏ជិតមកដល់ ។ គាត់ស្ថិតក្នុងចំណោមអ្នកទោស ដែលគេដឹកជញ្ជូនទៅទីក្រុង ដែលជាចំណុចកណ្តាលនៃពិភពលោកដែលគាត់បានស្គាល់ នៅសម័យនោះ ។ ប៉ុន្តែ នៅដើមដំបូងនៃការធ្វើដំណើររបស់ពួកគេ លោក លូកាបានធ្វើការពិពណ៌នាជាលម្អិត ដែលមើលមួយភ្លែត ហាក់ដូចជាមិនចាំបាច់ ។ គាត់ថា គាត់ និងសាវ័កប៉ុល មាន «លោក អើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច» ទៅជាមួយផង ។
លោក អើរីស្តាក មិនមែនជាតួអង្គដែលល្បីឈ្មោះក្នុងព្រះគម្ពីរប៊ីបទេ ។ មានខគម្ពីរមិនច្រើនទេ ដែលបានលើកឡើងថា គាត់ជាមនុស្សល្អដែលបាននៅក្បែរពួកគេ នៅសម័យនោះ ជាពិសេសនៅពេលដ៏ពិបាក ។ ឈ្មោះគាត់បានលេចឡើងជាលើកដំបូង ក្នុងបទគម្ពីរ កិច្ចការ ១៩:២៩ ដែលនៅក្នុងនោះ គាត់ជួបរឿងធំ នៅពេលដែលសាវ័កប៉ុល និងអ្នករួមដំណើរជាមួយគាត់ត្រូវហ្វូងមនុស្សរៀបគម្រោងកំចាត់ពួកគេ ។ ចុងបញ្ចប់នៃកណ្ឌគម្ពីរសំបុត្រកូល៉ុស (៤:១០) និងភីលេម៉ូន (ខ.២៤) ក៏បាននិយាយអំពីគាត់ផងដែរ ។ បើកណ្ឌគម្ពីរសំបុត្រទាំងពីរនេះ ត្រូវបាននិពន្ធឡើងក្នុងទីក្រុងរ៉ូម នោះមានន័យថា លោក អើរីស្តាកទំនងជាបាននៅជាមួយសាវ័កប៉ុលជាប់ជានិច្ច ក្នុងការធ្វើដំណើររបស់គាត់ទៅទីក្រុងរ៉ូម និងនៅពេលដែលគាត់ជាប់គុក ។
ការលើកឡើង អំពីវត្តមានរបស់លោក អើរីស្តាក នៅជាមួយសាវ័កប៉ុល បានក្រើនរំឭកយើងថា សូម្បីតែគាត់ដែលជាសាវ័កទៅកាន់សាសន៍ដទៃ ក៏នៅតែត្រូវការមិត្តភាព ។ សាវ័កប៉ុលជាបុគ្គលដ៏សំខាន់យ៉ាងខ្លាំង បានជាយើងអាចចង់លើកដំកើងគាត់ ដោយសន្និដ្ឋានថា គាត់មិនមាន «តម្រូវការខាងឯលោកិយ» ដូចគេទេ ។ ប៉ុន្តែ តាមពិត គាត់បានឲ្យតម្លៃមកលើមិត្តភាពយ៉ាងខ្លាំង ។ កាលគាត់សរសេរសំបុត្រទីពីរ ផ្ញើទៅលោក ធីម៉ូថេ នៅចុងបញ្ចប់នៃជីវិតគាត់ គាត់បានផ្តាំផ្ញើរលោក ធីម៉ូថេ ឲ្យឆាប់មករកគាត់ ដោយនាំអាវធំ និងក្រាំងស្បែកមកឲ្យគាត់ផងដែរ (២ធីម៉ូថេ ៤:៩,១៣) ។ ក្រាំងស្បែកនោះនឹងជួយបណ្តុះគំនិតគាត់ ។ ចំណែកឯអាវធំវិញ នឹងបានជួយបំបាត់ភាពរងារ ។ ប៉ុន្តែ គាត់ត្រូវការលោក ធីម៉ូថេ ព្រោះមិត្តភាពពិតជាសំខាន់ចំពោះសាវ័កប៉ុលណាស់ ។
លោក លូកាក៏បានប្រាប់យើងម្តងទៀត អំពីពេលដែលសាវ័កប៉ុលត្រូវការមិត្តភាព កាលគាត់ធ្វើដំណើរទៅដល់ក្រុងស៊ីដូន នៅតាមផ្លូវទៅទីក្រុងរ៉ូម មេទ័ពដែលមើលការខុសត្រូវអ្នកទោស «បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ នឹងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ» ។ តើការដែលសាវ័កដ៏មានឥទ្ធិពលនេះបានទទួលការទំនុកបម្រុងពីអ្នកដទៃ គឺជារឿងមិនសមរម្យឬ ? ទេ មិនមែនទេ! សាវ័កប៉ុលបានឱបក្រសោបភាពកម្សោយរបស់គាត់ ហើយពឹងផ្អែកលើអ្នកដទៃ ព្រោះគាត់ដឹងថា «កំឡាំងរបស់ព្រះគ្រីស្ទបានពេញខ្នាត ដោយសេចក្ដីកម្សោយរបស់គាត់» (២កូរិនថូស ១២:៩) ។
កាលណាយើងបានដឹងអំពីភាពកម្សោយរបស់យើង កាន់តែឆាប់ប៉ុណ្ណា នោះយើងក៏នឹងបានរៀនសូត្រអំពីតម្លៃនៃមិត្តភាពកាន់តែឆាប់ផងដែរ ។ ទោះអ្នកខ្លាំង ឬមានអំណោយទានយ៉ាងណាក៏ដោយ អ្នកមិនមែនជាមនុស្សអស្ចារ្យទេ ។ បើសាវ័កដ៏លេចធ្លោនេះត្រូវការមិត្តភាព ក្នុងជីវិតរបស់គាត់ហើយ នោះអ្នកក៏ត្រូវការដែរ ។ មិត្តភាពគឺជាអំណោយដ៏អស្ចារ្យ ដែលព្រះទ្រង់ប្រទានមក ដើម្បីឲ្យអ្នកបានទទួលការកម្សាន្តចិត្ត និងការគាំទ្រ ខណៈពេលដែលអ្នកធ្វើដំណើរឆ្លងកាត់ជីវិតនេះ ។ នៅថ្ងៃនេះ ចូរពិចារណាអំពីមិត្តភក្តិដែលកោតខ្លាចព្រះ ដែលព្រះអង្គបានដាក់នៅក្បែរអ្នក ។ ចូរអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីស្រឡាញ់ និងការគាំទ្ររបស់ពួកគេ ។ ហើយដែលសំខាន់ជាងនេះទៀតនោះ ចូរអធិស្ឋានសូមឲ្យពួកគេមានការស៊ូទ្រាំ និងការលើកទឹកចិត្តក្នុងជំនឿ ដោយដឹងថា ដែលអ្នកត្រូវការពួកគេចង្អុលបង្ហាញអ្នកទៅរកព្រះគ្រីស្ទជាយ៉ាងណា នោះពួកគេក៏ត្រូវការអ្នកដូចគ្នា ។
ខគម្ពីរជញ្ជឹងគិត៖ សុភាសិត ២៧:៥-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ៣-៥ និង ម៉ាថាយ ៦:១៩-៣៤