នំម៉ាណាប្រចាំថ្ងៃ
របៀប​ចាប់​ផ្តើម​ថ្ងៃ​ថ្មី

របៀប​ចាប់​ផ្តើម​ថ្ងៃ​ថ្មី

ដោយAlistair Begg

May 14, 2026

«ឱ​ព្រះយេហូវ៉ា​អើយ នៅពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូល​បង្គំ» ។ ទំនុក​ដំកើង ៥:៣
ការ​រស់នៅ​របស់​យើង តែងតែ​មាន​ការ​ចាប់​ផ្តើម នៅ​ថ្ងៃ​នីមួយៗ តាម​ទំលាប់​របស់​យើង​ ។ ទោះ​យើង​គិតថា យើង​មិន​មាន​ទំលាប់​ប្រចាំ​ថ្ងៃ​ក៏ដោយ ក៏​តាម​ពិត យើង​រាល់​គ្នា​សុទ្ធតែ​មាន​ទំលាប់ និង​គំរូ ក្នុង​ការ​ចំណាយ​ពេល​ពីរបី​នាទី​ដំបូង ឬ​ពីរបី​ម៉ោង​ដំបូង នៅពេល​ព្រឹក​នីមួយៗ​ ។ បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក៥ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​ទំលាប់​ចំណាយ​ពេល​នៅពេល​ព្រឹក ដោយ​ការ​កោត​ខ្លាច​ព្រះ​ ។ ក្នុង​ខ​គម្ពីរ​ខាងលើ​នេះ យើង​ឃើញថា ស្តេច​ដាវីឌ​បាន​ចាប់​ផ្តើម​ថ្ងៃ​ថ្មី ជាមួយ​ព្រះអម្ចាស់ ហើយ​បាន​បង្ហាញ​ឥរិយាបថ​៥​យ៉ាង សម្រាប់​ការ​ចូល​ទៅ​ជិត​ព្រះអង្គ ដែល​មាន​ដូចជា ការ​ចូល​ទៅ​រក​ព្រះអង្គ​ដោយ​ផ្ទាល់ ការ​បន្ទាប​ខ្លួន ការ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ភាព​ទៀង​ទាត់ និង​ការ​រំពឹង​ចង់​បាន​ ។ 
ខ១ បាន​បង្ហាញថា ស្តេច​ដាវីឌ​បាន​ដាក់​ព្រះ​នាម​ព្រះ នៅ​លើ​បបូរ​មាត់​ទ្រង់ ហើយក៏​បាន​ចូល​ទៅ​រក​ព្រះអង្គ​ដោយ​ផ្ទាល់ គឺ​ដូច​ដែល​ទ្រង់​អធិស្ឋាន​ថា «ឱ​ព្រះយេហូវ៉ា​អើយ នៅពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូល​បង្គំ» ។ យើង​អាច​ចូល​ទៅ​រក​ព្រះត្រៃឯក តាម​របៀប​នេះ​ផង​ដែរ ដោយសារ​ព្រះអម្ចាស់​យេស៊ូវ​នៃ​យើង​ ។ «ពីព្រោះ​មាន​ព្រះតែ១ ហើយ​មាន​អ្នក​សង្រួបសង្រួម​តែ១ នៅ​កណ្ដាល​ព្រះ​នឹង​មនុស្ស គឺជា​មនុស្ស​ដ៏​ជា​ព្រះគ្រីស្ទ​យេស៊ូវ​នោះ» (១ធីម៉ូថេ ២:៥) ហើយ​បុគ្គល​កណ្តាល​នេះ​បាន​ប្រទាន​យើង នូវ​លទ្ធ​ភាព​ចូល «មកដល់​បល្ល័ង្ក នៃ​ព្រះគុណ​ដោយ​ក្លាហាន» (ហេព្រើរ ៤:១៦) ។ 
ទោះ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​ដោយ​ទំនុក​ចិត្ត​ក៏ដោយ ក៏​យើង​ត្រូវតែ​ចូល​ទៅ​រក​ព្រះអង្គ​ដោយ​បន្ទាប​ខ្លួន​ ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៥:២ ស្តេច​ដាវីឌ​បាន​ស្រែក​រក​ជំនួយ​ពី​ព្រះអម្ចាស់ ហើយ​បាន​ហៅ​ព្រះ​អង្គ​ថា «បរម​ក្សត្រ​ដ៏​ជា​ព្រះ​នៃ​ទូល​បង្គំ» ។ ស្តេច​ដាវីឌ​គឺជា​ក្សត្រ តែ​ទ្រង់​បាន​ក្រាប​នៅ​ចំពោះ​មុខ​ព្រះ​ដែល​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ ។ នេះ​ជា​ឥរិយាបថ​ដ៏​ត្រឹម​ត្រូវ​ ។ នៅ​ក្នុង​ការ​ចាប់​ផ្តើម​នៃ​ថ្ងៃ​មួយៗ យើង​ត្រូវ​រៀបចំ​ការ​គិត​ឲ្យ​បាន​ត្រឹម​ត្រូវ នៅ​ចំពោះ​ព្រះ​ដ៏​មាន​ចេ​ស្តា និង​សប្បុរស​ ។ នេះ​ជា​បញ្ហា​ប្រឈម​ធំ​មួយ ដែល​យើង​ត្រូវ​ជម្នះ​ ។
យើង​ក៏​ចូល​ទៅ​ជិត​ព្រះអម្ចាស់ ដោយ​ផ្ទាល់​ខ្លួន​ ។ ព្រះ​អង្គ​ឮ​សម្លេង​ស្រែក​របស់​យើង (ទំនុក​ដំកើង ៥:២) ហើយ​ក៏​ស្តាប់​ឮ​សម្លេង​របស់​យើង (ខ.៣) ។ ព្រះ​ដែល​បាន​បង្កើត​ចក្រវាល ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង ដោយ​ស្តាប់​សម្លេង​មនុស្ស​ម្នាក់ៗ ដែល​ស្រែក​រក​ព្រះអង្គ​ ។ នេះ​ជា​រឿង​ដ៏​អស្ចារ្យ!
ឥរិយាបថ​ទាំង​បី​នេះ នឹង​ជួយ​យើង​ចូល​ទៅ​រក​ព្រះ​ជា​ទៀង​ទាត់​ ។ ស្តេច​ដាវីឌ​បាន​ប្រើ​ពាក្យ «ពេល​ព្រឹក» ពីរ​ដង ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៥:៣ ដោយ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ការ​ចាប់​ផ្តើម​ថ្ងៃ​មួយៗ​ជាមួយ​ព្រះអម្ចាស់ គឺជា​អាទិភាព​របស់​ទ្រង់​ ។ ទំនុក​ដំកើង ១៤៥:២ បាន​លើក​ឡើង អំពី​គោលការណ៍​នេះ​យ៉ាង​ច្បាស់​ថា «ទូល​បង្គំ​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកបដោយ​ព្រះពរ​រាល់​ៗ​ថ្ងៃ ព្រម​ទាំង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់​អស់​កល្ប​ជានិច្ច» ។ យើង​មើល​រំលង​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រកប​ជាមួយ​ព្រះ បើ​យើង​មិន​បាន​ចូល​ទៅ​រក​ព្រះអង្គ ជា​ទំលាប់​ទេ​នោះ​ ។
ជា​ចុង​ក្រោយ ស្តេច​ដាវីឌ​ក៏បាន​ចូល​ទៅ​រក​ព្រះ ដោយ​ការ​រំពឹង​ចង់​បាន​ ។ គឺ​ដូច​ដែល​ទ្រង់​អធិស្ឋាន​ថា «ឱ​ព្រះយេហូវ៉ា​អើយ នៅពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូល​បង្គំ» (ទំនុក​ដំកើង ៥:៣) ។ ខណៈ​ពេល​ដែល​ទ្រង់​ថ្វាយបង្គំ ទ្រង់​រង់​ចាំ​ ។ ទ្រង់​រង់​ចាំ​ព្រះអម្ចាស់​របស់​ទ្រង់ ហើយ​រំពឹង​ថា ព្រះអង្គ​នឹង​ឆ្លើយតប​ចំពោះ​ទ្រង់​ ។
ទោះ​អ្នក​មាន​ការ​បត់បែន និង​មាន​ភាព​ច្បាស់​លាស់​យ៉ាងណា ហើយ​អ្នក​មាន​ទំលាប់​ធ្វើ​អ្វី​ខ្លះ ក្នុង​ការ​ចាប់​ផ្តើម​ថ្ងៃ​នីមួយ​ៗ​ក៏ដោយ ចូរ​កុំ​មើល​រំលង​ឯកសិទ្ធិ ដែល​អ្នក​អាច​ថ្វាយ​ការ​ព្រួយ​បារម្ភ​ដល់​ព្រះអង្គ​ ។ ពេលណា​អ្នក​ចូល​ទៅ​រក​ព្រះ​អង្គ​ជា​ទៀង​ទាត់ និង​ដោយ​ផ្ទាល់ ដោយ​ការ​រំពឹង​ចង់​បាន ដែល​មាន​ការ​បន្ទាប​ខ្លួន ដោយ​ការ​ទូល​សូម​ផ្ទាល់​ខ្លួន ព្រះអង្គ​នឹង​មិន​បង្ខាំង​ព្រះពរ​របស់​ទ្រង់​ឡើយ​ ។ នៅ​ព្រឹក​ថ្ងៃ​ស្អែក ទោះ​អ្នក​ត្រូវ​ធ្វើ​អ្វី​ក៏ដោយ តើ​ព្រះអម្ចាស់​នឹង​ស្តាប់​ឮ​សម្លេង​អ្នក​ដែរ​ឬ​ទេ ?


ខគម្ពីរ​ជញ្ជឹង​គិត៖ កូល៉ុស ១:៩-១៤
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ១ពង្សាវតាក្សត្រ ៦-៧ និង ម៉ាថាយ ៧

ប្រភេទ