
ក្តីសង្ឃឹមដ៏រស់
ដោយAlistair Begg
May 16, 2026
«សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ ។ ហើយឲ្យយើងបានមរដក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដកដែលបំរុងទុកឲ្យយើងរាល់គ្នា នៅស្ថានសួគ៌ ។ គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្ដានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្ដីជំនឿសំរាប់ឲ្យបានសេចក្ដីសង្គ្រោះ ដែលប្រុងប្រៀបនឹងសំដែងមកនៅជាន់ក្រោយបង្អស់នោះ» ។ ១ពេត្រុស ១:៣-៥
ជីវិតយើងអាចមានចន្លោះប្រហោង និងអស់សង្ឃឹមយ៉ាងខ្លាំង បើសិនជាយើងមិនបានស្គាល់ព្រះ នៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទទេនោះ ។ ទោះយើងខិតខំយ៉ាងណា ក៏នៅតែមិនអាចបំពេញចន្លោះប្រហោងនេះបានទេ ។ ហើយយើងក៏គ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញចន្លោះប្រហោងនោះបានដែរ ។ យើងក៏មិនអាចបំពេញចន្លោះប្រហោងក្នុងវិញ្ញាណរបស់យើង ដោយទ្រព្យសម្បត្តិ ឬដំណើរកម្សាន្តបានឡើយ ។
ប៉ុន្តែ ព្រះទ្រង់បានរំដោះកូនទ្រង់ ឲ្យរួចផុតពីពិភពនៃភាពអស់សង្ឃឹមនេះ ។ ពេលណាយើងទទួលជឿព្រះគ្រីស្ទ យើងក៏បានរួចពីចំណង នៃ «អំណាចនៃសេចក្ដីងងឹត» (កូល៉ុស ១:១៣) ហើយយើង «កើតជាថ្មី ដោយសេចក្ដីសង្ឃឹមដ៏រស់» ។ ក្តីសង្ឃឹមរបស់អ្នកជឿ ជាក្តីសង្ឃឹមដ៏រស់ និងក្លាយជាការពិត ព្រោះបានចាក់ឫសចូលមាំ នៅក្នុងព្រះអង្គសង្គ្រោះនៃយើងដែលមានព្រះជន្មឡើងវិញ យាងឡើងស្ថានសួគ៌វិញ និងកំពុងសោយរាជ្យ ។ ក្តីសង្ឃឹមរបស់យើងមិនពឹងផ្អែកទៅលើខ្លួនយើង ឬកាលៈទេសៈរបស់យើងឡើយ តែផ្ទុយទៅវិញ «ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ» គឺជាការធានាថា ក្តីសង្ឃឹមរបស់យើងមានភាពជាប់លាប់ ។
ក្តីសង្ឃឹមរបស់យើងក៏ស្ថិតស្ថេរនៅអស់កល្ប ។ ព្រះទ្រង់បានសន្យាថា អ្នកជឿទាំងអស់នឹងមានមរតកនៅពេលអនាគត ដែលមានភាពច្បាស់លាស់យ៉ាងខ្លាំង ។ សាវ័កពេត្រុសបានពិពណ៌នាដល់យើង អំពីលក្ខណៈនៃមរតកនេះថា សេចក្តីស្លាប់មិនអាចប៉ះវាបាន សេចក្តីអាក្រក់មិនធ្វើឲ្យវាប្រឡាក់បាន ហើយពេលវេលាក៏មិនអាចធ្វើឲ្យវាពុកផុយបានឡើយ ។ វាមិនអាចអន់ថយ ឬធ្វើឲ្យយើងខកចិត្តឡើយ ព្រោះវាមិនអាចវិនាស មិនអាចខូច និងមិនអាចចុះខ្សោយ ហើយព្រះអង្គបានទុកវានៅស្ថានសួគ៌ ដោយមានឈ្មោះយើងបិទពីលើ ។
ក្តីសង្ឃឹមរបស់យើងមិនគ្រាន់តែ ជាក្តីសង្ឃឹមរស់ និងអស់កល្បប៉ុណ្ណោះទេ តែក៏ស្ថិតក្រោមការការពាររបស់ព្រះ ។ ជាការពិតណាស់ សាវ័កពេត្រុសបានពិពណ៌នាថា អ្នកជឿព្រះគឺជាមនុស្ស «ស្ថិតក្រោមការការពារនៃព្រះចេស្តារបស់ព្រះ» ។ ពេលណាយើងបានដឹងថា បាបនាំឲ្យមានទុក្ខលំបាកប៉ុណ្ណា ឬឆ្អែតចិត្ត ដោយសារលោកិយដែលបានធ្លាក់ចូលក្នុងបាប ក្នុងជីវិតយើង ហើយយើងជួបការល្បួងឲ្យអស់សង្ឃឹម ចូរយើងនឹកចាំសេចក្តីពិតដ៏អស្ចារ្យដែលថា ព្រះទ្រង់បានហ៊ុមព័ន្ធ និងការពារយើង ។ យើងនឹងមិនបាត់បង់ ។ ហើយក្នុងព្រះបន្ទូលសន្យានេះ អ្នកជឿដែលកំពុងរងទុក្ខ រកឃើញកម្លាំង និងក្តីសង្ឃឹមជាថ្មី ។
តើមានអ្វីជួយយើងឲ្យមានកម្លាំង ដើម្បីបន្តដំណើរ នៅតាមផ្លូវចោទ ? តើមានអ្វីធ្វើឲ្យយើងងើបមុខឡើង ហើយប្រឈមមុខដាក់ពេលអនាគត ដោយអំណរ ? តើមានអ្វីពិតជាធ្វើឲ្យវិញ្ញាណអ្នកស្កប់ស្កល់ ហើយនាំអ្នកឆ្លងកាត់ទុក្ខលំបាក ដែលអ្នកកំពុងជួបប្រទះនៅពេលនេះ ? យើងអាចឆ្លើយថា គឺដោយសារសេចក្តីមេត្តាដ៏អស្ចារ្យរបស់ព្រះ ដែលអ្នកបានកើតជាថ្មី និងមានក្តីសង្ឃឹមដ៏រស់ ដែលគ្មានអ្វីអាចបំផ្លាញ និងដកក្តីសង្ឃឹមនោះចេញពីអ្នកបានទេ (យ៉ូហាន ១០:២៨) ។
ខគម្ពីរជញ្ជឹងគិត៖ រ៉ូម ៨:១៨-៣០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១០-១១ និង ម៉ាថាយ ៨:១៨-៣៤