
ការត្រាស់ហៅឲ្យស្តាប់
ដោយAlistair Begg
May 17, 2026
«ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ។
ដ្បិតសេចក្ដីកំហឹងរបស់មនុស្ស មិនដែលសំរេចតាមសេចក្ដីសុចរិតរបស់ព្រះទេ» ។ យ៉ាកុប ១:១៩-២០
ខគម្ពីរនេះមានពាក្យពេចន៍ដែលជំរុញចិត្តមនុស្សជាច្រើន ឲ្យមានអារម្មណ៍ខ្មាសអៀន នៅចំពោះមុខនៃសេចក្តីពិតក្នុងខគម្ពីរនេះ ។ ទោះយើងកំពុងអង្គុយនៅតុអាហារជាមួយមិត្តភក្តិ ដែលមកញ៉ាំអាហារជាមួយយើង ប៉ុន្តែ មិនចង់ស្តាប់យើងនិយាយឥតឈប់ ឬនៅក្នុងហាងកាហ្វេ ដែលយើងកំពុងមានចិត្តអន្ទះសា ចង់ចែកចាយព័ត៌មានថ្មីបំផុត ឬចែកចាយអំពីសៀវភៅដែលយើងកំពុងអានក្តី ក៏យើងអាចទទួលស្គាល់ការពិតដែលថា មនុស្សជាច្រើនបាននិយាយច្រើនពេកហើយ ។
បើយើងនិយាយតែម្នាក់ឯង នោះប្រាកដជាយើងមិនស្តាប់គេនិយាយទេ ។ នេះជារឿងដែលបានកើតឡើងពិតមែន ក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ ប៉ុន្តែ ព្រះគម្ពីរប៊ីប និងទេវសាស្ត្រក៏បានចែងអំពីបញ្ហានេះផងដែរ ។ គ្រូគង្វាលម្នាក់នៅសតវត្សរ៍ទី១៩ បានសរសេរអំពីបញ្ហានេះថា «មានអ្នកខ្លះនិយាយតែម្នាក់ឯង ... ហើយដោយសារនិយាយឥតឈប់ដូចនេះ ពួកគេមិនគិតពិចារណាទេ ។ ពួកគេបានបាត់បង់ឱកាសយល់អត្ថន័យនៃពាក្យ ដែលគេកំពុងនិយាយមកកាន់ពួកគេ... ហើយជាងនេះទៅទៀត ការមានទំលាប់ដូចនេះ បានរារាំងពួកគេមិនឲ្យស្តាប់ ឬគិតអំពីព្រះបន្ទូលព្រះ» ។ 39
អ្វីដែលយើងចាំបាច់ត្រូវស្តាប់ច្រើនជាងគេ គឺ «ព្រះបន្ទូលនៃសេចក្តីពិត» (យ៉ាកុប ១:១៨) ។ កណ្ឌគម្ពីរយ៉ាកុបបានប្រាប់យើងថា យើងត្រូវទទួល ហើយធ្វើតាមព្រះបន្ទូល (ខ.២១-២២) ។ ខគម្ពីរនេះហាក់ដូចជាឆ្លុះបញ្ចាំងអំពីគ្រោះថ្នាក់នៃការប្រញាប់ប្រកាសសេចក្តីពិត ទៅកាន់អ្នកដទៃ មុនពេលយើងចាប់អារម្មណ៍មកលើខ្លួនឯងឲ្យបានត្រឹមត្រូវ ។
បើការឆាប់និយាយ ធ្វើឲ្យយើងយឺតនឹងស្តាប់ព្រះបន្ទូលព្រះ និងអ្នកដទៃ នោះការរហ័សខឹង ក៏បណ្តាលឲ្យយើងមានបញ្ហានេះ ក្នុងចិត្តយើងផងដែរ ។ ហើយភាគច្រើន ការឆាប់និយាយពេក គឺជាសញ្ញាបង្ហាញថា យើងឆាប់ខឹង ។ ជាញឹកញាប់ បុគ្គលដែលនិយាយច្រើន មិនងាយទទួលស្គាល់កំហុស ហើយមានកំហឹង ពេលណាអ្នកដទៃមិនយល់អារម្មណ៍របស់ពួកគេ ។ ការកើនកំដៅ និងការឆេះឆួល មិនពិតជាមានន័យថា យើងមានជំនឿខ្លាំង និងការគោរពប្រតិបត្តិព្រះនោះទេ ។ ហើយការបង្ខំរបស់យើងអាចធ្វើឲ្យគេជំពប់ដួល ជាជាងជួយគេ ។
កំហឹង «មិនបង្កើតឲ្យមានសេចក្តីសុចរិតរបស់ព្រះ» ក្នុងជីវិតយើងឡើយ ។ ភាពធ្ងន់ធ្ងរ ការផ្តោតចិត្ត និងការសង្កត់ធ្ងន់របស់យើង ដែលជំរុញដោយភាពអញនិយម ឬកំហឹង មិនសម្រេចគោលបំណងដ៏សុចរិតរបស់ព្រះទេ ។ ចូរយើងមើលទៅគំរូព្រះយេស៊ូវ ដែលព្រះអង្គសុភាព បន្ទាបព្រះកាយ និងមិនដែលបង្ខំនរណាឡើយ ។ ហេតុនេះហើយ ការសម្អាតព្រះវិហារនៅទីក្រុងយេរូសាឡិម មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងព្រះជន្មរបស់ព្រះអង្គ ព្រោះការនេះមានលក្ខណៈខុសពីធម្មតា ដោយព្រះអង្គបង្ហាញសេចក្តីក្រោធដែលសុចរិត និងត្រឹមត្រូវ ។
ព្រះបន្ទូលព្រះ មិនគ្រាន់តែបានផ្តល់ឲ្យអ្នកនូវជីវិតប៉ុណ្ណោះទេ (យ៉ាកុប ១:១៨) តែក៏កែប្រែជីវិតអ្នកផងដែរ ។ ចូរមានចិត្តដែលចង់ធ្វើជាមនុស្សដែលផ្លាស់ប្រែ ដើម្បីស្តាប់ព្រះបន្ទូលព្រះ និងមនុស្សនៅជុំវិញអ្នក ដោយយកចិត្តទុកដាក់ ដោយយឺតនឹងនិយាយ ហើយយឺតនឹងកាត់សម្តីគេ ដើម្បីឲ្យអ្នកចម្រើនឡើង និងជួយអ្នកដទៃឲ្យលូតលាស់ ក្នុងជីវិតដែលព្រះសព្វព្រះទ័យផងដែរ ។
ខគម្ពីរជញ្ជឹងគិត៖ យ៉ាកុប ១:១៧-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១២-១៣ និង ម៉ាថាយ ៩:១-១៧