
កែប្រែជាមនុស្សថ្មី
ដោយAlistair Begg
May 19, 2026
«ត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ដែលតែងតែខូចទៅ តាមសេចក្ដីប៉ងប្រាថ្នារបស់សេចក្ដីឆបោកចោលចេញ ។ ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង ។ ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ» ។ អេភេសូរ ៤:២២-២៤
ព្រះទ្រង់ជួយសង្គ្រោះយើង មិនគ្រាន់តែដើម្បីឲ្យយើងបានរួចផុតពីស្ថាននរក ហើយទៅស្ថានសួគ៌សួគ៌ប៉ុណ្ណោះទេ ។ ការជួយសង្គ្រោះ ដែលព្រះអង្គបានធ្វើសម្រាប់យើង ពិតជាអស្ចារ្យណាស់ ប៉ុន្តែ ផែនការដែលព្រះអង្គមានសម្រាប់យើង និងលោកិយ មានអត្ថន័យធំធេងជាងនេះទៀត ។ ក្នុងព្រះគ្រីស្ទ ព្រះទ្រង់កំពុងធ្វើការ «ផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្ដី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់» (កូល៉ុស ១:១៩-២០) ។
ព្រះទ្រង់បានត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យរស់នៅដោយសុចរិត និងបរិសុទ្ធ ដែលជាធាតុផ្សំនៃការផ្សះផ្សានោះ ។ ប៉ុន្តែ ពេលណាយើង «ប្រដាប់ខ្លួន ដោយមនុស្សថ្មី» យើងត្រូវតែ «ដោះមនុស្សចាស់ចេញ» ។ តើយើងត្រូវអនុវត្តជាក់ស្តែងដូចម្តេចខ្លះ ត្រង់ចំណុចនេះ ? សាវ័កប៉ុលមិនបានទុកឲ្យយើងស្វែងរកចម្លើយដោយខ្លួនឯងទេ ។ គាត់មានប្រសាសន៍ថា យើងត្រូវ «ដោះសេចក្ដីកំភូតចេញ» ហើយ «ត្រូវឲ្យនិយាយសេចក្ដីពិត»វិញ ព្រោះយើងរាល់គ្នាជាក្រុមតែមួយ ដែលរួបរួមគ្នាតែមួយ (អេភេសូរ ៤:២៥) ហើយពេលណាយើងនិយាយកុហក យើងបង្កឲ្យមានភាពរញ៉េរញ៉ៃក្នុងរូបកាយព្រះគ្រីស្ទ ។ បើយើងឆាប់ខឹង យើងមិនត្រូវបណ្តោយឲ្យកំហឹងដឹកនាំយើងទៅរកអំពើបាបនោះទេ ផ្ទុយទៅវិញ យើងដោះសេចក្តីកំហឹងចោល មុនពេលយើងចូលគេង ពុំនោះទេ យើងកំពុងតែបើកឱកាសឲ្យអារក្សមានកន្លែងឈរជើងក្នុងជីវិតយើងហើយ(ខ.២៦-២៧) ។ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង (ខ.២៨) ។ យើងមិនត្រូវអនុញ្ញាតឲ្យអណ្តាតយើងនិយាយអ្វី ដែលបំផ្លាញអ្នកដទៃ តែនិយាយតែអ្វីដែលស្អាងពួកគេឡើយ ដោយព្រះគុណព្រះ (ខ.២៩) ។
ពេលណាយើងប្រព្រឹត្តតាមផ្លូវជីវិតចាស់របស់យើង គឺយើងធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធពិបាកព្រះទ័យ (អេភេសូរ ៤:៣០) ។ ដើម្បីជៀសវាងធ្វើឲ្យព្រះអង្គព្រួយព្រះទ័យ យើងត្រូវតែដោះចេញនូវភាពល្វីងជូរចត់ កំហឹង ការឈ្លោះប្រកែក ការឈ្នានីស និងការកុហក (ខ.៣១) ។ គឺដូចដែលព្រះទ្រង់បានយាងមកជិតយើង ក្នុងព្រះគ្រីស្ទជាយ៉ាងណា យើងក៏ត្រូវមានចិត្តសប្បុរស និងស្លូតបូត ដោយអត់ទោសឲ្យគេ ទោះពិបាកយ៉ាងណាក៏ដោយ ព្រោះព្រះទ្រង់បានអត់ទោសឲ្យយើងក្នុងព្រះគ្រីស្ទហើយ (ខ.៣២) ។
សាវ័កប៉ុលបានក្រើនរំឭកយើង ក្នុងបទគម្ពីរ ២កូរិនថូស ៥:១៥ថា អស់អ្នកណាដែលនៅក្នុងព្រះគ្រីស្ទ «នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ» ។ ការរស់នៅជាមនុស្សថ្មី តម្រូវឲ្យមានការប្រឹងប្រែង ។ ប៉ុន្តែ យើងខិតខំ ដោយដឹងថា ព្រះទ្រង់កំពុងធ្វើការក្នុងយើង ដោយជួយយើង និងចម្រើនកម្លាំងយើងឲ្យផ្លាស់ប្រែ មានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ (ភីលីព ២:១៣) ។
បើអ្នកនៅក្នុងព្រះគ្រីស្ទ នោះព្រះទ្រង់បានចាប់ផ្តើមការស្អាងឡើងវិញ ក្នុងជីវិតអ្នក ហើយព្រះអង្គនឹងធ្វើកិច្ចការនេះដល់ចប់ (ភីលីព ១:៦) ។ តើមានការធានាអ្វីដែលល្អជាងនេះទៀត ? តើមានការជំរុញចិត្តអ្វីល្អជាងនេះទៀត ដែលនាំឲ្យអ្នកប្រដាប់ខ្លួន ដោយមនុស្សថ្មី ហើយទន្ទឹមនឹងនោះ អ្នកដោះចោលមនុស្សចាស់ចេញ ? តើអ្នកនឹងអនុវត្តដូចម្តេចខ្លះ នៅថ្ងៃនេះ ?
ខគម្ពីរជញ្ជឹងគិត៖ អេភេសូរ ៤:២០-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១៦-១៨ និង ម៉ាថាយ ១០:១-២៣