
ព្រះគុណរបស់ព្រះដែលមនុស្សមិនសមទទួល
ដោយAlistair Begg
May 21, 2026
«ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ» ។ រ៉ូម ៣:២៣-២៤
នៅពេលគេនាំជនជាប់ចោទម្នាក់ចូលមកឈរ នៅពីមុខចៅក្រម ក្នុងតុលាការ ពួកគេទទួលបានភាពយុត្តិធម៌ ឬការកាត់ទោស ។ គេមិនធ្វើឲ្យជនជាប់ចោទសុចរិត ឬទុច្ចរិតនោះទេ តែគេប្រកាសថា ពួកគេសុចរិត ឬទុច្ចរិត ហើយជនជាប់ចោទនោះអាចត្រូវគេសម្រេចឲ្យរួចទោស ឬមានទោស ហើយអនុវត្តទោស ។
បទគម្ពីររ៉ូម ៣:២៣-២៤ បានពន្យល់ថា មនុស្សមានបាបដែលសក្តិសមនឹងទទួលការកាត់ទោស បានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿលើព្រះគ្រីស្ទតែប៉ុណ្ណោះ មិនមែនដោយសារការល្អដែលពួកគេប្រព្រឹត្ត តែដោយសារតែព្រះគុណព្រះប៉ុណ្ណោះ ។ នៅកាល់វ៉ារី ព្រះគ្រីស្ទបានទទួលទោសជំនួសមនុស្សមានបាប ហើយសព្វថ្ងៃនេះ ដោយសារព្រះរាជកិច្ចដែលព្រះអង្គបានសម្រេច ព្រះទ្រង់ក៏បានប្រកាសថា យើងសុចរិត ។
តើចោរដែលបានជាប់ឆ្កាងនៅក្បែរព្រះយេស៊ូវ អាចបានសង្រ្គោះតាមវិធីផ្សេងទៀតទេ ? គាត់គឺជាមនុស្សដែល «កំពុងទទួលទោសសមនឹងទង្វើរបស់គាត់» (លូកា ២៣:៤១) ។ គាត់គ្មានឱកាសលប់លាងទោសកំហុសខ្លួនឯង ដែលបណ្តាលឲ្យគាត់ជាប់ឆ្កាងនោះទេ ។ តែនៅពេលដែលគាត់ទូលសូមព្រះអម្ចាស់ឲ្យនឹកចាំគាត់ ព្រះយេស៊ូវអាចមានបន្ទូលត្រង់ៗថា «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ» (ខ.៤៣) ។ ចោរនោះមិនសមនឹងទទួលព្រះគុណព្រះទេ ហើយយើងក៏មិនសមទទួលដែរ ។ ប៉ុន្តែ ចំណុចសំខាន់ដែលយើងត្រូវយល់នោះគឺ ព្រះទ្រង់រាប់យើងជាសុចរិត «ដោយសារព្រះគុណធ្វើជាអំណោយដល់យើង» ។ ព្រះអង្គសង្គ្រោះយើងមិនមែនដោយសារយើងអស្ចារ្យ ឬល្អ ឬក៏ដោយសារយើងកំពុងចម្រើនឡើងខាងការល្អនោះទេ ។ ព្រះអង្គសង្គ្រោះមនុស្សដែលសារភាពបាប និងជឿលើព្រះយេស៊ូវគ្រីស្ទ (រ៉ូម ១០:៩) ដោយសារទំហំនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ (៥:៨) ។
មនុស្សអាចជំពប់ដួល ពេលដែលបានឮអំពីព្រះគុណដ៏អស្ចារ្យនេះ ។ យើងចង់ធ្វើអ្វីម្យ៉ាង ដើម្បីរួចផុតពីស្ថានភាពដែលទាល់ច្រកនេះ ។ យើងចង់នាំអ្វីមួយមកថ្វាយ និងរួមចំណែកនៅក្នុងសេចក្តីសង្គ្រោះរបស់យើង ។ មុនពេលយើងក្លាយជាគ្រីស្ទាន យើងចង់ឲ្យព្រះទ្រង់ទទួលយកយើង ផ្អែកទៅលើក្រមសីលធម៌របស់យើង ។ ហើយបន្ទាប់ពីយើងបានក្លាយជាគ្រីស្ទបរិស័ទមួយរយៈមក យើងច្រើនតែចង់ថ្វាយការស្តាប់បង្គាប់ដល់ព្រះអង្គ ជាការតបស្នង ។ ប៉ុន្តែ តាមពិត យើងរាល់គ្នាសុទ្ធតែចូលមកឈរនៅមុខឈើឆ្កាង ដោយដៃទទេ ។ យើងមិនអាចសង្ឃឹមថា ព្រះអង្គនឹងទទួលយកយើងដោយសារសេចក្តីល្អ សូម្បីតែបន្តិច ដែលយើងមាន ។ យើងគ្មានអ្វីអួតសោះឡើយ តែយើងមានតែមូលហេតុដែលត្រូវសរសើរដំកើងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ទាល់តែអ្នកបានដឹងថា អ្នកមិនមានអ្វីសោះ ដើម្បីឲ្យព្រះអង្គទទួលយកអ្នក ទើបអ្នកអាចទទួលស្គាល់ថា ព្រះគ្រីស្ទគឺជាអ្វីៗគ្រប់យ៉ាងដល់យើង :
ខ្ញុំគ្មានអ្វីនៅក្នុងដៃរបស់ខ្ញុំ
គឺមានតែឈើឆ្កាងដែលខ្ញុំពឹងអាង ។40
ដូចនេះ នៅពេលដែលជីវិតអ្នកដល់ទីបញ្ចប់ ហើយអ្នកបានទៅដល់ក្លោងទ្វារនៃសិរីល្អ តើអ្នកនឹងនិយាយដូចម្តេច ? ចូរប្រាកដថា អ្នកមិនអាចជួយខ្លួនឯងសូម្បីតែបន្តិច ដើម្បីឲ្យទទួលបានសិរីល្អនោះ ។ យើងអាចស្រមៃថា បន្ទាប់ពីចោរនៅលើឈើឆ្កាងបានអស់ជីវិតនៅលើឈើឆ្កាង នៅពេលល្ងាចថ្ងៃសុក្រនោះ គាត់ក៏បាននិយាយនៅក្លោងទ្វារស្ថានសួគ៌ថា "កាលព្រះយេស៊ូវកំពុងជាប់ឆ្កាង ព្រះអង្គបានមានបន្ទូលថា ខ្ញុំអាចចូលស្ថានសួគ៌បាន ។ ចូរប្រាកដថា អ្នកអាចនិយាយដូចគាត់ដែរ ។
ខគម្ពីរជញ្ជឹងគិត៖ អេភេសូរ ២:១-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ២១-២២ និង ម៉ាថាយ ១១