
មនុស្សមានបាប តែព្រះបានអត់ទោសឲ្យ
ដោយAlistair Begg
May 24, 2026
«នោះដាវីឌចាត់គេឲ្យទៅនាំនាងយកមក រួចនាងក៏ចូលមកឯទ្រង់ ហើយទ្រង់ផ្ទំជាមួយនឹងនាងទៅ» ។ ២សាំយ៉ូអែល ១១:៤
អំពើផិតក្បត់រវាងស្តេចដាវីឌ និងនាងបាតសេបា ស្ថិតក្នុងចំណោមរឿងគួរឲ្យស្អប់ខ្ពើមបំផុត ក្នុងប្រវត្តិសាស្រ្តគ្រាសញ្ញាចាស់ ។ រឿងនេះនិយាយអំពីតម្រេកផ្លូវភេទ អំពើកំផិត ការក្បត់ និងឃាតកម្ម ដែលបានប្រព្រឹត្តទៅ ដោយគ្មានការឃាត់ចិត្តខ្លួនឯង ។ យើងប្រហែលមិនចង់គិតអំពីរឿងនេះទេ ប៉ុន្តែ ព្រះគម្ពីរប៊ីបមិនបានគ្របបាំងពីលើរឿងនេះ ដោយស្បៃនៃភាពស្ងៀមស្ងាត់នោះឡើយ ។ ព្រះគម្ពីរបានចែងអំពីស្តេចដាវីឌ លើសពីអ្វីដែលយើងចង់ដឹងអំពីទ្រង់ ហើយក៏លើសពីអ្វីដែលយើងចង់ប្រឈមមុខដាក់ ក្នុងរឿងរបស់យើង ។
ស្តេចដាវីឌគឺជាក្សត្រដ៏អស្ចារ្យរបស់សាសន៍អ៊ីស្រាអែល ។ ភាគច្រើននៃការរស់នៅរបស់ទ្រង់ មានចារិតលក្ខណៈគំរូ ។ ទ្រង់បានកសាងកេរ្តិ៍ឈ្មោះដ៏ប្រសើរ ដោយប្រយុទ្ធឈ្នះខ្មាំងសត្រូវរបស់ព្រះ ដោយបង្ហាញសេចក្តីសប្បុរស ដល់អ្នកដែលមិនសមនឹងទទួលសេចក្តីសប្បុរស ហើយក៏បានគ្រងរាជ្យដោយយុត្តិធម៌ ។ គិតមកត្រឹមបទគម្ពីរ២សាំយ៉ូអែល ១១ ស្តេចដាវីឌបានឈានទៅដល់កំរិតខ្ពស់បំផុតនៃអំណាចរបស់ទ្រង់ ។ ក្នុងប្រទេសរបស់ទ្រង់ ទ្រង់ហាក់ដូចជាអាចបញ្ជា និងគ្រប់គ្រងមកលើនរណាក៏បាន លើកលែងតែអង្គទ្រង់ ។
តាមពិត ហេតុនេះហើយ ទ្រង់បានប្រើអំណាចក្នុងផ្លូវខុស ដោយបង្ខំស្ត្រីម្នាក់ឲ្យបំពានសម្បថអាពាហ៍ពិពាហ៍របស់ខ្លួន ក៏ដូចជាបំពានសម្បថអាពាហ៍ពិពាហ៍របស់ខ្លួនឯង ហើយក៏បានបណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត (ខ.១៤-១៥) ។ ប៉ុន្តែ ទោះទ្រង់បានធ្វើខុសប៉ុណ្ណេះហើយក៏ដោយ ក៏ទ្រង់នៅតែជាមានឈ្មោះជាមនុស្សដែលព្រះទ្រង់បានជ្រើសរើស ។ ព្រះអម្ចាស់បានចាត់ហោរាសាំយូអែល ដោយបង្គាប់ថា «អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្ដេចរបស់អញ» (១សាំយ៉ូអែល ១៦:១) ។ ស្តេចដាវីឌគឺជាស្តេចដែលព្រះទ្រង់បានតែងតាំង ហើយព្រះអង្គនៅតែបន្តតែងតាំងស្តេចដាវីឌ ។ ព្រះទ្រង់បានប្រទានព្រះបន្ទូលសន្យាដល់ស្តេចដាវីឌ ហើយព្រះអង្គក៏សម្រេចបំណងព្រះទ័យទ្រង់ សម្រាប់រាស្រ្តទ្រង់ តាមរយៈស្តេចដាវីឌ ។ អំពើបាបដ៏ស្មោកគ្រោករបស់ស្តេចដាវីឌមិនបានរារាំងផែនការរបស់ព្រះអង្គឡើយ ។
តើគោលបំណងរបស់ព្រះ ក្នុងប្រវត្តិសាស្រ្ត ពិតជាអាចសម្រេចតាមរយៈបុរសម្នាក់នេះមែនឬ ? ពិតមែនហើយ ។ ព្រះអម្ចាស់យេស៊ូវ គឺជាបុរសតែម្នាក់គត់ក្នុងប្រវត្តិសាស្រ្ត ដែលមានការគ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងឥតខ្ចោះ តែងតែការពារស្រ្តី និងបានយាងមកដើម្បីប្រទានជីវិត ។ ព្រះអង្គគឺជាកូនចៅជំនាន់ក្រោយរបស់ស្តេចដាវីឌដ៏អស្ចារ្យ តែបានប្រព្រឹត្តខុស ហើយក៏បានប្រែចិត្ត ។ ដូចនេះ រឿងរបស់ស្តេចដាវីឌបានបង្រៀនយើងថា ព្រះគុណរបស់ព្រះថែមទាំងមានជ័យជម្នះមកលើកំហុសធំបំផុតរបស់យើង ។ ព្រះទ្រង់មិនគ្រាន់តែបានប្រើព្រះយេស៊ូវជាមនុស្សដែលល្អឥតខ្ចោះផ្នែកក្រមសីលធម៌ប៉ុណ្ណោះទេ ព្រោះក្រៅពីព្រះរាជបុត្រាទ្រង់ គ្មាននរណាមានលក្ខណៈសម្បត្តិទាំងអស់នេះឡើយ ។ តាមពិត ព្រះអង្គបានប្រើមនុស្សមានបាបដូចស្តេចដាវីឌ និងដូចយើងផងដែរ ។ អ្នកប្រហែលជាបានដឹងអំពីបាបរបស់ខ្លួនឯង ដូចទ្រង់ផងដែរ ហើយឆ្ងល់ថា តើអ្នកមានភាពស្មោកគ្រោកពេក ដែលព្រះទ្រង់មិនអាចអត់ទោសឲ្យ ឬមិនអាចប្រើមែនទេ ? ចូរមានទំនុកចិត្តជាថ្មី និងមានការលើកទឹកចិត្ត ។
ទោះបាបរបស់អ្នកត្រូវទទួលផលវិបាកក៏ដោយ ក៏ពួកវានៅតែមិនអាចពង្រាត់អ្នកឲ្យចេញផុសពីព្រះគុណរបស់ព្រះឡើយ ។ និយាយរួម គ្មានអ្វីអាចពង្រាត់អ្នកបានឡើយ ។ គ្មាននរណាម្នាក់ ដែលមិនត្រូវការការអត់ទោសបាបរបស់ព្រះអង្គ ហើយក៏គ្មាននរណាម្នាក់ ដែលការអត់ទោសរបស់ព្រះមិនអាចឈោងទៅដល់នោះឡើយ ។ ព្រះលោហិតរបស់ព្រះគ្រីស្ទបានលាងសម្អាត សូម្បីតែស្នាមប្រឡាក់ដែលជ្រៅបំផុត ដរាបណាអ្នកបន្ទាបខ្លួន ហើយប្រែចិត្ត ។ ហើយ ដោយព្រះអង្គបានលាងសម្អាតដោយព្រះលោហិតទ្រង់ហើយ ក្នុងនាមអ្នកជាមនុស្សមានបាបដែលប្រែចិត្ត អ្នកស្ថិតនៅក្នុងកន្លែងដែលព្រះទ្រង់សព្វព្រះទ័យនឹងធ្វើការនៅក្នុង និងតាមរយៈអ្នក មិនមែនដើម្បីភាពល្បីល្បាញរបស់អ្នក តែដើម្បីសិរីល្អរបស់ព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ ១ធីម៉ូថែ ១:១២-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ៧:៩ និង ម៉ាថាយ ១៣:១-៣០