នំម៉ាណាប្រចាំថ្ងៃ
ដី​រឹងមាំ​សម្រាប់​ឈរ​ពីលើ

ដី​រឹងមាំ​សម្រាប់​ឈរ​ពីលើ

ដោយAlistair Begg

May 30, 2026

«ហេតុ​នោះ​បានជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាលណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំមួន​ដដែល​ ។ ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំមួន​ចុះ ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ» ។ អេភេសូរ ៦:១៣-១៤
វប្បធម៌​លោក​ខាងលិច មាន​ការ​ភាន់​ច្រឡំ អំពី​រឿង​ជា​ច្រើន ជា​ពិសេស​គឺ​ភាន់​ច្រឡំ​អំពី​សេចក្តី​ពិត​ ។ យើង​ច្រើនតែ​ជ្រើស​រើស​យក​ពាក្យ​ស្លោក​ដែល​ស្តាប់​ទៅ​ពីរោះ និង​មានន័យ​ល្អ​ណាស់ ប៉ុន្តែ ពេល​ដែលគេ​ពិនិត្យ​មើល​ឲ្យ​ជិត គេ​ក៏​បាន​ដឹង​ថា ពាក្យ​ស្លោក​ទាំង​នោះ​ខុស​ ។ ឧទាហរណ៍ គេ​ចូល​ចិត្ត​និយាយ​ថា «ចូរ​យើង​គ្រាន់តែ​រស់នៅ​ជា​មនុស្ស​ល្អ​ទៅ​ គឺ​គ្រប់​គ្រាន់​ហើយ» ។ «ដែល​អ្នក​ជឿ​លើ​អ្វី​មួយ​ឬ​អត់ គឺ​មិន​សំខាន់​ទេ ដរាបណា​អ្នក​រស់នៅ​បាន​ល្អ ហើយ​ប្រឹង​ប្រែង​ឲ្យ​អស់ពី​លទ្ធ​ភាព» ។ ពាក្យ​សម្តី​ទាំង​អស់​នេះ​ស្តាប់​ទៅ​ពីរោះ តែ​យើង​គួរ​តែ​អរ​ព្រះគុណ​ព្រះ ដែល​បាន​ការពារ​ពិភពលោក​មិន​ឲ្យ​រលាយ​ភ្លាមៗ​ដោយសារ​សេចក្តី​អាក្រក់​ ។ ប៉ុន្តែ ដែល​គ្រាន់តែ​រស់នៅ​ជា​មនុស្ស​ល្អ គឺ​មិន​គ្រប់​គ្រាន់​ទេ ព្រោះ​សំណួរ​ដែល​យើង​ត្រូវ​សួរ​នោះ​គឺ តើ​នរណា​អាច​ឲ្យ​និយមន័យ​ពាក្យ​ល្អ ? តើ​ការ​រស់នៅ​បាន​ល្អ ឬ​រស់នៅ​ជា​មនុស្ស​ល្អ មាន​លក្ខណៈ​ដូច​ម្តេច ? ពេលណា​មនុស្ស​មាន​ការ​ខ្វែង​គំនិត​គ្នា អំពី​អត្ថន័យ​ពិត​ប្រាកដ​នៃ​ពាក្យ «ល្អ» ហើយ​មិន​អាច​យល់​ស្រប​គ្នា អំពី​សេចក្តី​ពិតជា​មូលដ្ឋាន នោះ​សង្គម​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ភាន់​ច្រឡំ គឺ​ដូច​ដែល​យើង​ឃើញ​មាន​ក្នុង​ប្រទេស​លោក​ខាងលិច​ក្នុង​ពេល​សព្វថ្ងៃ​ ។
យើង​រាល់​គ្នា​សុទ្ធតែ​ទទួល​រង​សម្ពាធ ឲ្យ​យល់​ស្រប​នឹង​សង្គម​ដែល​​កំណត់​យក​សេចក្តី​ពិត​ ដែល​ផ្តេក​ផ្តួល​ទៅតាម​បុគ្គល​ម្នាក់ៗ​ ។ ឧទាហរណ៍ «អ្នក​ជ្រើសរើស​យក​សេចក្តី​ពិត​របស់​អ្នក ហើយ​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើស​​រើស​យក​សេចក្តី​ពិត​របស់​ខ្ញុំ» ។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​គម្ពីរប៊ីប​បាន​ត្រាស់ហៅ​យើង​ ឲ្យ​ស្វែង​រក​ឈរ​យ៉ាង​រឹងមាំ​ នៅ​លើ​សេចក្តី​ពិត​របស់​ព្រះ ជា​សេចក្តី​ពិត​ដែល​មិន​ផ្តេក​ផ្តួល​តាម​បុគ្គល​ម្នាក់ៗ ហើយក៏​មិន​អាច​ប្រកែក​បាន​ ។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ «ឈរ​មាំមួន​ចុះ ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ» (អេភេសូរ ៦:១៤) ។ ពេលណា​យើង​ឱប​ក្រសោប​យក​វប្បធម៌​នៃ​ការ​ភាន់​ច្រឡំ​អំពី​សេចក្តី​ពិត យើង​នឹង​ត្រូវ «គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក​ហើយ​ផាត់​យើង​ចុះ​ឡើង ដោយ​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយកល ដែលគេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត» (៤:‌១៤) ។ យើង​មិន​មាន​ដី​រឹងមាំ​សម្រាប់​ឈរ​ទេ​ ។ ប៉ុន្តែ ពេលណា​យើង​ឈរ​នៅ​លើ​សេចក្តី​ពិត​របស់​ព្រះ យើង​អាច​ឈរ​យ៉ាង​មាំមួន ហើយ​ត្រៀម​ជា​ស្រេច ដើម្បី​ប្រឈម​មុខ​ដាក់​អ្វី​ក៏ដោយ ដែល​រារាំង​យើង (លូកា ១២:៣៥ ១ពេត្រុស ១:‌១៣) ។
ការ​ការពារ​សេចក្តី​ពិត​មិនមែន​ជា​ការ​ងាយ​ទេ​ ។ មនុស្ស​អាច​ចាត់​ទុក​យើង​ជា​មនុស្ស​ចាក់​គម្រិល ដែល​គ្មាន​សង្ឃឹម ឬ​ក្រឹត្យ​វិន័យ​និយម ឬមួយ​អាក្រក់​ជាង​នេះ​ទៀត​ ។ ប៉ុន្តែ តាម​ពិត ការ​ឈរ​នៅ​លើ​សេចក្តី​ពិត និង​នាំ​គេ​ឲ្យ​ដើរ​តាម​សេចក្តី​ពិត ស្ថិត​ក្នុង​ចំណោម​ទង្វើ​ដែល​មាន​ក្តី​ស្រឡាញ់​បំផុត ដែល​យើង​អាច​ធ្វើ​បាន ព្រោះ​វា​ជា​ការ​នាំ​គេ​ឲ្យ​រស់នៅ​ស្រប​តាម​សេចក្តី​ពិត និង​ងាក​ចេញពី​ការ​ក្លែង​បន្លំ ដែល​មិន​យូរ​មិន​ឆាប់ វា​នឹង​បាក់​ស្រុត​នៅ​ពី​ក្រោម​ជើង​ពួកគេ​ ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ក្នុង​បទ​គម្ពីរ​ផ្សេង​ទៀត​ថា សេចក្តី​ស្រឡាញ់ «មិន​ដែល​អរ​សប្បាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ​តែ​នឹង​សេចក្ដី​ស្មោះ​ត្រង់​វិញ» (១កូរិនថូស ១៣:៦) ។ ទោះ​អ្នក​ត្រូវ​ជួប​ការ​លំបាក​អ្វី​ខ្លះ ដើម្បី​អរ​សប្បាយ​នឹង​សេចក្តី​ពិត​នៅ​ថ្ងៃ​នេះ ក្នុង​ការ​គិត និង​ការ​សន្ទនា​ជាមួយ​អ្នក​ដទៃ ? ទោះ​អ្នក​ត្រូវ​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏ដោយ អ្នក​អាច​ឈរ​និយាយ​ដោយ​ទំនុក​ចិត្ត ដោយ​ដឹង​ថា ព្រះគ្រីស្ទ​បាន​ចាត់​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ «ដឹកនាំ​អ្នក​ចូល​ទៅ​ក្នុង​សេចក្តី​ពិត» (យ៉ូហាន ១៦:‌១៣) ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ យ៉ូហាន ៨:៣១-៣៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ២ពង្សាវតាក្សត្រ ២២-២៣ និង ម៉ាថាយ ១៦

ប្រភេទ