នំម៉ាណាប្រចាំថ្ងៃ
ចូរ​ពាក់​ស្បែកជើង​នៃ​ដំណឹង​ល្អ

ចូរ​ពាក់​ស្បែកជើង​នៃ​ដំណឹង​ល្អ

ដោយAlistair Begg

May 31, 2026

«ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំមួន​ចុះ ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្ដី​សុចរិត​ទុកជា​ប្រដាប់​បាំង​ដើម​ទ្រូង​ ។ ទាំង​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខ​សាន្ត ទុកជា​ស្បែកជើង» ។ អេភេសូរ ៦:១៤-១៥
ពេលណា​យើង​គិត​អំពី​ទាហាន​នៅ​សមរ​ភូមិ យើង​ច្រើនតែ​ស្រមៃ​ឃើញ​កាំភ្លើង​តូច កាំភ្លើង​ធំ និង​ឧបករណ៍​យុទ្ធ​សាស្រ្ត​ដទៃ​ទៀត​ ។ ប៉ុន្តែ មាន​សម្ភារៈ​មួយ ដែល​យើង​ច្រើនតែ​មើល​រំលង​ ។ បើ​គ្មាន​ស្បែកជើង​ពាក់​ទេ ទាហាន​មិន​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ប្រយុទ្ធ​ឡើយ​ ។ 
សាវ័ក​ប៉ុល​បាន​ប្រាប់​អ្នកជឿ​ទាំងឡាយ ឲ្យ​ឈរ​មាំមួន ដោយ​ពាក់​ស្បែកជើង​នៃ​ដំណឹង​ល្អ ក្នុង​ន័យ​ថា យើង​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច ដោយ​មាន​ស្បែកជើង​ត្រឹម​ត្រូវ​ ។ ក្នុង​សំបុត្រ​ទីមួយ​ដែល​គាត់​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​​កូរិនថូស គាត់​បាន​និយាយ​អំពី​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ យ៉ាង​ដូច​នេះ​ថា «បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹងពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ផ្សាយ​រួចមក​ហើយ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង» (១កូរិនថូស ១៥:‌១) ។ ដំណឹង​ល្អ​បាន​ផ្តល់​ឲ្យ​យើង​ជំហរ​ដ៏​រឹងមាំ​ ។ ទោះ​អ្វីៗ​នៅ​ជុំ​វិញ​យើង​មាន​ការ​រង្គោះ​រង្គើ​យ៉ាងណា​ក៏ដោយ ក៏​យើង​នៅតែ​អាច​ឈរ​យ៉ាង​មាំមួន​ ។ ទោះ​ការ​ល្បួង​សាហាវ​យ៉ាងណា ក៏​យើង​មិន​ចាំបាច់​ត្រូវ​ដកថយ​ឡើយ​ ។
លោក ​ម៉ាទីន លូស័រ (Martin Luther) មាន​កម្លាំង​ឈរ​តតាំង​នឹង​ជំនោរ​នៃ​ភាព​ខុស​ឆ្គង ដោយ​ដំដែកគោល​ពីលើ​និក្ខេបបទ​ជាប់​ទ្វារ​ព្រះវិហារ នៅ​ទីក្រុង​វីធិនបឺក ហើយ​បន្ទាប់មក ក៏​បាន​ប្រកាស នៅ​ពីមុខ​អធិរាជ​ថា «ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត ហើយ​ខ្ញុំ​មិន​រាថយ​ឡើយ​» ។ តើ​គាត់​អាច​ធ្វើ​ដូច​នេះ​បាន ដោយ​របៀបណា ? គឺ​ដោយសារ​ស្បែកជើង​នៃ​ដំណឹង​ល្អ​ ។ តើមាន​អ្វី​ជួយ​លោក ​យូ លាធីមើរ (Hugh Latimer) និងនី​កូឡាស រីតលី (Nicholas Ridley) ជា​គ្រីស្ទបរិស័ទ​ប្រូតេស្តង់​អង់គ្លេស ឲ្យ​ប្រឈម​មុខ​ដាក់​ដោយ​ចិត្ត​ក្លាហាន នៅ​ចំពោះ​ភាព​តក់ស្លុត​នៃ​ការ​កាត់​ទោស​ប្រហារ​ជីវិត ដោយ​ដុត​ទាំង​រស់ នៅ​លើ​ឆាក ដោយសារ​សេចក្តី​ជំនឿ​របស់​ពួកគេ ? គឺ​ស្បែកជើង​នៃ​ដំណឹង​ល្អ​ ។ តើមាន​អ្វី​រៀបចំ​ខ្លួន​បង​ប្អូន​ប្រុស​ស្រី​របស់​យើង ក្នុង​កន្លែង​ជា​ច្រើន​ទៀត នៅ​ទូ​ទាំង​ពិភពលោក ឲ្យ​ប្រកាស​ដំណឹង​ល្អ ទោះ​ពួកគេ​បាន​ទទួល​ការ​គំរាម​សម្លាប់​ក៏ដោយ ? គឺ​ស្បែកជើង​នៃ​ដំណឹង​ល្អ​ ។
ពេល​ដែល​អ្នក​ទៅ​ធ្វើ​ការ ទៅ​សាលា​រៀន ទៅលេង​សាច់​ញាតិ ឬ​មិត្ត​ភក្តិ​ដែល​មិន​ជឿ​ព្រះ ឬ​ចូល​ទៅ​ក្នុង​សហគមន៍​អ្នក តើមាន​អ្វី​រៀបចំ​ខ្លួន​អ្នក ឲ្យ​ចែកចាយ​អំពី​ព្រះយេស៊ូវ ? គឺ​មានតែ​ស្បែកជើង​នៃ​ដំណឹង​ល្អ​ ដែល​ព្រះគ្រីស្ទ​ប្រទាន​ប៉ុណ្ណោះ​ ។ បើ​អ្នក​ព្យាយាម​ឈរ​ដោយ​កម្លាំង​ខ្លួនឯង អ្នក​នឹង​ជំពប់​ជើង​ដួល​មិនខាន​ ។ ប៉ុន្តែ នៅពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​ថ្ងៃ​ថ្មី ដោយ​ជើង​ឈរ​នៅ​ក្នុង​ក្តី​សង្ឃឹម សន្តិភាព ការ​អត់​ទោស និង​ការ​ធានា​នៃ​ដំណឹង​ល្អ នោះ​អ្នក​នឹង​អាច​ឈរ​មាំមួន ទោះ​អ្នក​ប្រឈម​មុខ​ដាក់​ការ​ទាស់​ប្រឆាំង​ដ៏​សាហាវ​បំផុត ពី​លោកិយ និង​ការ​ល្បួង​របស់​អារក្ស​ក៏ដោយ​ ។ ដូច​នេះ មុន​ពេល​អ្នក​ចេញ​ក្រៅ​ផ្ទះ នៅពេល​ព្រឹក​នីមួយៗ ចូរ​សូត​ដំណឹង​ល្អ​ឲ្យ​ខ្លួនឯង​ស្តាប់​ ។ ចូរ​អរ​សប្បាយ​នឹង​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ ។ ចូរ​សរសើរ​ដំកើង​ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក​ ។ និយាយ​ឲ្យ​ខ្លី ចូរ​ពាក់​ស្បែកជើង​នៃ​ដំណឹង​ល្អ​របស់​អ្នក​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ១កូរិនថូស ១៥:១-៨
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ២ពង្សាវតាក្សត្រ ២៤-២៥ និង ម៉ាថាយ ១៧

ប្រភេទ