នំម៉ាណាប្រចាំថ្ងៃ
ខែល​ការពារ​នៃ​សេចក្តី​ជំនឿ

ខែល​ការពារ​នៃ​សេចក្តី​ជំនឿ

ដោយAlistair Begg

June 1, 2026

«ថែម​ទាំង​យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច ដោយ​សារ​ខែល​នោះ​បាន»។ អេភេសូរ ៦:១៦ 
អ្នក​តែងតែ​ស្ថិត​នៅ​ក្រោម​ការ​វាយប្រហារ​ជា​និច្ច។
អ្នក​អាច​មាន​អារម្មណ៍​ថា រឿង​នេះ​ជា​ការ​ពិត​មែន ប៉ុន្តែ តាម​ពិត យើង​ប្រឈម​មុខ​ដាក់​ការវាយប្រហារ​ខាង​វិញ្ញាណ ដែល​ក្នុង​នោះ អារក្ស​ប្រើ​កលឧបាយ​គ្រប់​បែប​យ៉ាង រៀងរាល់​ថ្ងៃ ដើម្បី​បំផ្លាញ​អត្តសញ្ញាណ និង​ការ​រួបរួម​ដែល​យើង​មាន​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ។ វា​បាញ់​គ្រាប់​ព្រួញ​ភ្លើង​មក​លើ​រាស្រ្ត​របស់​ព្រះ​ឥត​ឈប់​ឈរ។ តើ​គ្រីស្ទ​បរិស័ទ​ត្រូវ​ធ្វើ​ដូចម្តេច នៅ​ចំពោះមុខ​នៃ​ការវាយប្រហារ​ដូច​នេះ? 
ពេល​ណា​យើង​ជួប​សង្គ្រាម​ខាង​វិញ្ញាណ​ដែល​ជៀស​មិន​រួច​នេះ យើង​ត្រូវ​ឈោង​ទៅ​រក​ខែល​របស់​យើង។ យើង​ត្រូវ​តែ «យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល​»។ នៅ​ពេល​ដែល​​សាវ័ក ​ប៉ុល​បង្រៀន​ដូច​នេះ ​អ្នក​អាន​សំបុត្រ​ដំបូង​របស់​គាត់​អាច​នឹក​ស្រមៃ​ដល់​ខែល​ ដែល​មាន​ទំហំ​មិន​​តូច​​ទេ ព្រោះ​ទាហាន​រ៉ូម៉ាំង​នៅ​សម័យ​នោះ ប្រើ​ខែល​បួនជ្រុង​ទ្រវែង មាន​ប្រវែង​១.២​ម៉ែត្រ និង​ទទឹង ០.៧៦​ម៉ែត្រ។ ដូច​នេះ ការ​កាន់​ខែល​ប្រភេទ​នេះ​ដើរ គឺ​ប្រៀប​ដូច​ជា​ការ​ដើរ​កាន់​ក្រប​ទ្វារ​ស្តើង​មួយ​សន្លឹក។ វា​មិន​មែន​ដូច​ខែល​ជ័រ​តូចៗ​ជា​របស់​ក្មេង​លេង​ទេ តែ​ជា​គ្រឿង​សឹក​ដ៏​ខ្លាំង​ពូកែ។
គន្លឹះ​ដើម្បី​ឲ្យ​យើង​យល់ អំពី​របៀប​ប្រើប្រាស់​ខែល​របស់​យើង​ឲ្យ​បាន​ត្រឹម​ត្រូវ គឺ​ត្រូវ​ដឹង​ថា ពេល​ណា​យើង​ជឿ​ព្រះ​គ្រីស្ទ ព្រះ​អង្គ​ប្រទាន​គ្រឿង​សឹក​នៃ​ដំណឹង​ល្អ។ តាម​រយៈ​ការ​សុគត​ជំនួស​យើង ព្រះ​អង្គ​បាន​បំពាក់​គ្រឿង​សឹក​នៃ​សេចក្តី​សុចរិត​ដល់​យើង។ ដូច​នេះ ពេល​ណា​យើង​ចាប់​កាន់​ខែល​នៃ​សេចក្តី​ជំនឿ យើង​ក៏​កំពុង​តែ​ទុក​ចិត្ត​យ៉ាង​សកម្ម​ថា ដំណឹង​ល្អ​បាន​ធ្វើ​ជា​ខែល​ការពារ​យើង​ឲ្យ​រួច​ពី​ការ​កុហក​របស់​សាតាំង។ វិធី​តែ​មួយ ដើម្បី​ឲ្យ​យើង​អាច​ឈ្នះ​សង្គ្រាម​ខាង​វិញ្ញាណ គឺ​យើង​ត្រូវ​ស្វែង​រក​ចំណុច​ខ្លាំង ដែល​ជា​​គ្រឿង​សឹក​ខាង​វិញ្ញាណ ក្នុង​ព្រះ​អម្ចាស់​យេស៊ូវ។ 
បទចម្រៀង​ទំនុក​សកល ដែល​លោកគ្រូ ​ចន ញូ​តុន​(John Newton) បាន​និពន្ធ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​តយុទ្ធ​នឹង​អារក្ស យ៉ាង​ដូច​នេះ​ថា :
ពេល​ណា​សាតាំង​រាង​ផ្លូវ​យើង
ហើយ​បំពេញ​យើង​ដោយ​ការ​ភ័យខ្លាច យើង​នឹង​​ឈ្នះ​ដោយ​ជំនឿ
ទោះ​វា​ព្យាយាម​យ៉ាង​ណា ក៏​វា​មិន​អាច​ដកចេញ​​​ព្រះ​បន្ទូល​ ដែល​បាន​សន្យា​ថា «ព្រះ​អង្គ​នឹង​ផ្គត់ផ្គង់​យើង»។45
ព្រះ​គ្រីស្ទ​មានជ័យ​ជម្នះ ហើយ​ដោយ​សេចក្តី​ជំនឿ ព្រះ​អង្គ​អញ្ជើញ​យើង​ឲ្យ​ទទួល​ជ័យ​ភ័ន្ត​ជា​មួយ​ព្រះ​អង្គ។ ជ័យ​ជម្នះ​នេះ​បាន​បណ្តាល​ចិត្ត​លោកគ្រូ វីលៀម ហ្គោច​(William Gouge) ឲ្យ​ចែកចាយ​ក្នុង​សៀវភៅ​កំណត់ហេតុ​គាត់​ថា «ពេល​ខ្ញុំ​មើល​ខ្លួន​ឯង ខ្ញុំ​មើល​មិន​ឃើញ​អ្វី ក្រៅ​ពី​​ចន្លោះ​​ប្រហោង និង​ភាព​កម្សោយ ប៉ុន្តែ ពេល​ខ្ញុំ​មើល​ទៅ​ព្រះ​គ្រីស្ទ ខ្ញុំ​មើល​ឃើញ​តែ​ភាព​ពេញលេញ និង​ភាព​គ្រប់​គ្រាន់»។46 អារក្ស​គឺ​ជា​ខ្មាំងសត្រូវ​ដែល​បាន​បរាជ័យ​ហើយ ទោះ​វា​នៅ​តែ​មាន​អំណាច​ក៏​ដោយ។ ពេល​ណា​យើង​ព្យាយាម​តតាំង​នឹង​វា​ដោយ​កម្លាំង​ខ្លួន​ឯង យើង​នឹង​បរាជ័យ​មិន​ខាន។ ប៉ុន្តែ ព្រះ​ទ្រង់​ប្រទាន​គ្រឿង​សឹក​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ។ សេចក្តី​ជំនឿ​របស់​យើង​គឺ​ជា​ខែល​ការពារ ដ្បិត​ជំនឿ​របស់​យើង​ប្រាប់​យើង​ថា យើង​គឺ​ជា​កូន​នៃ​ព្រះ​ដ៏​រស់ ដែល​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង និង​ទទួល​កម្លាំង​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​ស្តាប់​បង្គាប់ និង​អរសប្បាយ​ចំពោះ​ក្តី​សង្ឃឹម​ពិត​ប្រាកដ​ថា នឹង​បាន​រស់​នៅ​អស់​កល្ប​ជានិច្ច​ជា​មួយ​ព្រះ​អង្គ។ អ្នក​នឹង​ទទួល​រង​​ការវាយប្រហារ នៅ​ថ្ងៃ​នេះ។ តើ​ជីវិត​អ្នក​អាច​ជួប​សង្គ្រាម ត្រង់​ផ្នែក​ណា​ខ្លះ? ចូរ​ប្រាកដ​ថា អ្នក​បាន​មើល​ទៅ​ជំនឿ​របស់​អ្នក ក្នុង​ពេល​នោះ ដ្បិត​សេចក្តី​ជំនឿ​នឹង​ធ្វើ​ជា​ខែល​ការពារ​អ្នក​ឲ្យ​ឈ្នះ​ការ​ល្បួង ហើយ​អ្នក​នឹង​បាន​ឈរ ដោយ​ឈ្នះ​​គ្រាប់​ព្រួញ​ភ្លើង​របស់​អារក្ស។


ខគម្ពីរ​ជញ្ជឹង​គិត៖ ១ពេត្រុស ៥:៦-១១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ហូសេ ១-៤ និង ម៉ាថាយ ១៨:១-២០

ប្រភេទ