
ចូរចាប់កាន់ដាវរបស់អ្នកឡើង
ដោយAlistair Begg
June 2, 2026
«ចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹកនឹងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល» ។ អេភេសូរ ៦:១៧
អារក្សស្គាល់ព្រះគម្ពីរប៊ីបច្បាស់ ។ វាដឹងថា ព្រះគម្ពីរប៊ីបចែងអំពីអ្វី ហើយវាក៏អាចដកស្រង់ខគម្ពីរមកប្រើយ៉ាងងាយស្រួលជាងមនុស្សទាំងអស់ ។ យើងមិនពិបាកឆ្ងល់ទេ ។ សាតាំងបានដកស្រង់ខគម្ពីរប្រើ ដាក់ព្រះយេស៊ូវ កាលព្រះអង្គកំពុងអធិស្ឋានតមនៅវាលរហោស្ថាន (ម៉ាថាយ ៤:១-១១) ប៉ុន្តែ យើងត្រូវកត់សំគាល់ថា សាតាំងបានបង្វែរអត្ថន័យរបស់ខគម្ពីរទាំងនោះ តាមការបោកបញ្ឆោតរបស់វា ។ យើងមិនគួរមានការភ្ញាក់ផ្អើលទេ ព្រោះតាមធម្មតា ការកុហកដែលយ៉ាងហោចណាស់ មានសេចក្តីពិតតែបន្តិច គឺជាការកុហកដែលមានប្រសិទ្ធភាពបំផុត ។
នៅក្នុងការប្រឈមមុខដាក់គ្នានោះ នៅពេលសាតាំងនាំព្រះយេស៊ូវ ទៅលើកំពូលព្រះវិហារ វាបានល្បួងព្រះអង្គឲ្យទម្លាក់ព្រះកាយទ្រង់ទៅក្រោម ដើម្បីឲ្យពួកទេវតាមកទ្រព្រះកាយទ្រង់ ។ ប៉ុន្តែ សាតាំងបានប្រើបទគម្ពីរ ទំនុកដំកើងជំពូក៩១ ក្នុងផ្លូវខុស ដោយការដកស្រង់ខុសបរិបទ (ម៉ាថាយ ៤:៥-៦) ហើយព្រះយេស៊ូវក៏បានស្តីបន្ទោសវា ដោយដកស្រង់ខគម្ពីរចោទិយកថា ៦:១៦ ដែលបានចែងថា «កុំឲ្យឯងរាល់គ្នាល្បងលព្រះយេហូវ៉ាឡើយ» ។ ព្រះរាជបុត្រានៃព្រះក៏បានដកស្រង់ខគម្ពីរមកតតាំងនឹងវា ហើយទីបំផុតវាក៏បានរត់គេចបាត់ (ម៉ាថាយ ៤:១១) ។
ដូចនេះ ការការពារល្អបំផុតទាស់ប្រឆាំងនឹងសាតាំង គឺជាការប្រើខគម្ពីរ ដោយការយល់ដឹង និងប្រើប្រាស់បានត្រឹមត្រូវ ។ ហេតុនេះហើយ សាវ័ក ប៉ុលបានប្រាប់យើងឲ្យឈរមាំទាស់នឹង «ព្រួញភ្លើងរបស់អារក្ស ដោយខែលនៃសេចក្តីជំនឿ» (អេភេសូរ ៦:១៦) ហើយយើងត្រូវប្រើដាវនៃព្រះវិញ្ញាណ ដែលជាព្រះបន្ទូលនៃព្រះ ដើម្បីវាយបកទៅអារក្សវិញ ។ គ្មានឧបករណ៍ណាដែលអាចតតាំងនឹងការល្បួង និងឧបាយកលរបស់អារក្ស បានល្អជាងព្រះគម្ពីរប៊ីបនោះឡើយ ។ យើងប្រើព្រះបន្ទូលព្រះ ដើម្បីតតាំងនឹងអារក្ស ហើយអំណាចដ៏លើសលប់ខាងវិញ្ញាណនៃព្រះបន្ទូលទ្រង់ នឹងធ្វើឲ្យវារត់គេច (យ៉ាកុប ៤:៧) ។
បទគម្ពីរទំនុកដំកើង ១១៩:១១ បានលើកទឹកចិត្តរាស្រ្តព្រះ ឲ្យទុកដាក់ព្រះបន្ទូលព្រះ ក្នុងចិត្ត ដើម្បីកុំឲ្យយើងធ្វើអំពើបាបទាស់ប្រឆាំងនឹងទ្រង់ ។ ស្តាប់ពីដំបូង បទគម្ពីរនេះអាចមានលក្ខណៈជាការអញ្ជើញដ៏សុភាព និងគួរឲ្យគាប់ចិត្ត ។ គឺហាក់ដូចជាការអានព្រះគម្ពីរយឺតៗ នៅតុដែលមានផាសុខភាព និងភេសជ្ជៈក្តៅៗ ។ ប៉ុន្តែ ការទន្ទេញខគម្ពីរ គឺជាការត្រាស់ហៅឲ្យធ្វើសង្គ្រាម ។ ដែលទាហានម្នាក់ៗត្រូវការអាវុធជាយ៉ាងណា នោះគ្រីស្ទានម្នាក់ៗក៏ត្រូវការព្រះបន្ទូលព្រះផងដែរ ។ ចូរគិតអំពីការល្បួង ឲ្យប្រព្រឹត្តបាប ដែលអ្នកជួបប្រទះជាទៀងទាត់ (ហើយប្រហែលជាចាញ់ការល្បួងផង) ។ តើមានខគម្ពីរណាខ្លះ ដែលអ្នកត្រូវទន្ទេញ ហើយយកទៅប្រយុទ្ធតតាំងនឹងអារក្ស ដែលនិយាយការពិតតែពាក់កណ្តាល និងកុហក? ចូរគិតអំពីពេលដែលអារក្សបោកឲ្យអ្នកជឿថា អ្នកមិនមែនជាកូនព្រះពិតប្រាកដ ហើយព្រះអង្គមិនពិតជាបានអត់ទោសឲ្យអ្នក ។ តើមានខគម្ពីរណា ដែលអ្នកអាចយកទៅតតាំងនឹងវា ក្នុងពេលបែបនោះ? ព្រះបន្ទូលព្រះ គឺជាដាវរបស់អ្នក សម្រាប់ប្រយុទ្ធជាមួយអារក្ស ។ ចូរចាប់កាន់ព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះ ហើយធ្វើឲ្យវារត់គេចចេញពីអ្នកចុះ ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ១១៩:៩-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ហូសេ ៥-៨ និង ម៉ាថាយ ១៨:២១-៣៥