
ការអធិស្ឋាន ដោយព្រះវិញ្ញាណ
ដោយAlistair Begg
June 3, 2026
«ចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល ព្រមទាំងប្រើសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋាន ដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា» ។ អេភេសូរ ៦:១៧-១៨
តើយើងអធិស្ឋាន «ដោយព្រះវិញ្ញាណ» យ៉ាងដូចម្តេចខ្លះ?
ទីមួយ យើងត្រូវមើលបទគម្ពីរ ១កូរិនថូស ជំពូក១២ និងស្វែងយល់អំពីអំណោយទាននៃភាសាដទៃ ។ ប៉ុន្តែ គេជឿថា សាវ័ក ប៉ុលមិនបានបង្រៀនថា យើងត្រូវតែអធិស្ឋានជាភាសាដទៃនោះឡើយ ។ សាវ័ក ប៉ុលមិនអធិស្ឋានជាភាសាដទៃ «រៀងរាល់ពេល» គាត់អធិស្ឋាននោះឡើយ ។ ដូចនេះ ជាជាងគិតថា ការអធិស្ឋាន «ដោយព្រះវិញ្ញាណ» គ្រាន់តែស្ថិតក្នុងចំណោមវិធីអធិស្ឋានជាច្រើន យើងគួរតែដឹងថា ការអធិស្ឋានពិតប្រាកដទាំងអស់ ត្រូវតែធ្វើឡើង ដោយព្រះវិញ្ញាណ ។
ការសន្ទនារវាងព្រះយេស៊ូវ និងស្ត្រីសាសន៍សាម៉ារី នៅអណ្តូងទឹក ក្នុងបទគម្ពីរ យ៉ូហាន ជំពូក៤ ក៏បានបង្រៀនយើងអំពីចំណុចនេះផងដែរ ។ កាលនោះ ស្ត្រីសាសន៍សាម៉ារីបាននិយាយអំពីការដែលគេថ្វាយបង្គំព្រះនៅលើភ្នំ កេរីស៊ីម និងនៅទីក្រុងយេរូសាឡិម ជាបញ្ហាដែលនាំឲ្យមានការមិនចុះសម្រុងគ្នារវាងសាសន៍យូដា និងសាសន៍សាម៉ារី ។ ព្រះយេស៊ូវក៏បានឆ្លើយតបថា «នឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ នឹងសេចក្ដីពិត» (យ៉ូហាន ៤:២៣) ។
ជួនកាល គេជឿថា ការដែលព្រះយេស៊ូវមានបន្ទូលដូចនេះ គឺមានន័យថា មនុស្សម្នាក់ៗអាចថ្វាយបង្គំព្រះនៅកន្លែងណាក៏បាន ឲ្យតែពួកគេថ្វាយបង្គំព្រះអង្គ ដោយស្មោះអស់ពីចិត្ត ។ ប៉ុន្តែ ព្រះអង្គមិនកំពុងតែនិយាយដូចនេះទេ! ផ្ទុយទៅវិញ ព្រះអង្គកំពុងបើកសម្ដែងថា មានតែមនុស្សដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដែលអាចថ្វាយបង្គំព្រះបាន ។ គឺមានតែនៅក្នុង តាមរយៈ និងដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដែលការថ្វាយបង្គំ ក៏ដូចជាការអធិស្ឋាន អាចធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យបាន ។
សាវ័ក ប៉ុលក៏បានធ្វើការបកស្រាយអំពីរឿងនេះ ក្នុងបទគម្ពីររ៉ូម ៨:១៥-១៦ ផងដែរថា «អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ។ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ» ។ ព្រះទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់ ហើយដោយសារព្រះវិញ្ញាណរបស់ព្រះអង្គគង់ក្នុងយើង យើងអាចស្រែករកព្រះអង្គ សូម្បីតែ ឬជាពិសេសនៅក្នុងភាពកម្សោយរបស់យើង (ខ.២៦) ។
ហេតុនេះហើយ «គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ» (១កូរិនថូស ១២:៣) ។ ជាការពិតណាស់ នរណាក៏អាចនិយាយថា «ព្រះយេស៊ូវគឺជាព្រះអម្ចាស់» ដែរ ប៉ុន្តែ គេមិនអាចនិយាយដូចនេះ ដោយស្មោះអស់ពីចិត្តបានទេ បើសិនជាព្រះវិញ្ញាណមិនធ្វើការក្នុងជីវិតរបស់ពួកគេទេនោះ ។ ដូចនេះ ការអធិស្ឋានក៏មានលក្ខណៈដូចនេះដែរ ព្រោះការទទួលចិញ្ចឹមយើងក្នុងមហាគ្រួសាររបស់ព្រះ ដោយទ្រង់ប្រទានព្រះវិញ្ញាណមកយើងរាល់គ្នា គឺជាមូលដ្ឋានគ្រឹះរបស់ជីវិតដែលអធិស្ឋាន ។
អ្នកនឹងបាន «អធិស្ឋាន ដោយនូវព្រះវិញ្ញាណ» ពេលណាអ្នកចូលទៅរកព្រះ ដោយការអធិស្ឋាននៅថ្ងៃនេះ ឬប្រហែលបន្ទាប់ពីអ្នកបានអានមេរៀននេះចប់ ហើយហៅព្រះអង្គថា «ព្រះវរបិតា» ។ ចូរពឹងផ្អែកលើព្រះវិញ្ញាណ ដែលកំពុងរស់ក្នុងអ្នក ដោយជំនឿ ។ ព្រះអង្គនឹងជួយអ្នក ។ ព្រះអង្គនឹងបណ្តាលចិត្ត ហើយដឹកនាំអ្នក ។ ហើយព្រះអង្គនឹងក្រើនរំឭកអ្នក អំពីក្តីអំណរដ៏អស្ចារ្យ ដែលអ្នកមិនសមទទួល ក្នុងការនិយាយទៅកាន់ព្រះអាទិករ និងអ្នកទ្រទ្រង់ចក្រវាល ហើយហៅព្រះអង្គថា អ័ប្បា ព្រះវរបិតារបស់អ្នក ។
ខគម្ពីរជញ្ជឹងគិត៖ រ៉ូម ៨:៩-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ហូសេ ៩-១១ និង ម៉ាថាយ ១៩