នំម៉ាណាប្រចាំថ្ងៃ
មូល​ហេតុ​ដែល​យើង​ត្រូវ​អធិស្ឋាន

មូល​ហេតុ​ដែល​យើង​ត្រូវ​អធិស្ឋាន

ដោយAlistair Begg

June 5, 2026

«ព្រម​ទាំង​ប្រើ​សេចក្ដី​អធិស្ឋាន នឹង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន ដោយ​ព្រះ​វិញ្ញាណ​រាល់​ពេល​រាល់​វេលា» ។ អេភេសូរ ៦​‌:១៨
ព្រះ​គម្ពីរ​ប៊ីប​មាន​ពេញ​ទៅ​ដោយ​សេចក្តី​បង្គាប់​ដូច​នេះ ដោយ​ជំរុញ​យើង​ឲ្យ​អធិស្ឋាន​ឥត​ឈប់​ឈរ ។ ស្តាប់​ទៅ ការ​បង្គាប់​នេះ​ហាក់​ដូច​ជា​មាន​ការ​រំពឹង​ដ៏​លើស​លប់ ឲ្យ​យើង​អធិស្ឋាន ហើយ​យើង​អាច​ឆ្ងល់​ថា តើ​យើង​អាច​ស្តាប់​បង្គាប់​តាម ឬ​អាច​មាន​ចិត្ត​ដែល​ចង់​ស្តាប់​បង្គាប់​តាម​ព្រះរាជបញ្ជា​នេះ​ឬ​ទេ ។ ប៉ុន្តែ បើ​យើង​មើល​ឃើញ​តម្រូវ​ការ​របស់​យើង​កាន់​តែ​ច្បាស់ នោះ​យើង​ក៏​នឹង​មាន​ចិត្ត​ចង់​អធិស្ឋាន​កាន់​តែ​ខ្ជាប់ខ្ជួន​ផង​ដែរ ។ 
យើង​ដឹង​ច្បាស់​ថា យើង​ត្រូវ​អធិស្ឋាន ពេល​ដែល​យើង​យល់​សេចក្តី​ពិត​ដែល​ថា ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ក៏​បាន​ជឿ​ផង​ដែរ​ថា ការ​អធិស្ឋាន​មាន​ភាព​ចាំ​បាច់​យ៉ាង​ខ្លាំង ។ ដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ដំណឹងល្អ​​​​ម៉ាកុស បាន​ចែង​អំពី​ព្រះ​យេស៊ូវ​យ៉ាង​ដូច​នេះ​ថា «កាល​នៅ​ងងឹត​មិន​ទាន់​ភ្លឺស្រាង​នៅ​ឡើយ នោះ​ទ្រង់​តើន​ឡើង​យាង​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ហើយ​អធិស្ឋាន​នៅ​ទី​នោះ»​ (ម៉ាកុស ១:៣៥) ។ ដូច​នេះ ការ​អធិស្ឋាន​ក៏​មាន​សារៈ​សំខាន់​ចំពោះ​ព្រះ​រាជបុត្រា​នៃ​ព្រះ បាន​ជា​ទ្រង់​ត្រូវ​អធិស្ឋាន​​នៅ​ពេល​ព្រលឹម ដោយ​មិន​ឲ្យ​មាន​អ្វី​មក​រក​រំ​ខាន ។ 
ព្រះ​យេស៊ូវ​ជ្រាប​ថា «ទ្រង់​ត្រូវ​តែ​យាង​ទៅ​ឯ​ក្រុង​យេរូសាឡិម ហើយ​ត្រូវ​រងទុក្ខ​ជា​ច្រើន​នៅ​ដៃ​នៃ​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង តែ​ក្រោយ​៣​ថ្ងៃ​មក ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ»​ (ម៉ាថាយ ១៦:២១) ។ ទោះ​យ៉ាង​នេះ​ក្តី កាល​នៅ​សួនច្បារ​គែតសេម៉ានី ព្រះ​អង្គ​បាន​អធិស្ឋាន​សូម​ពែង​នៃ​សេចក្តី​ក្រោធ​របស់​ព្រះ ដកចេញ​ពី​ទ្រង់ តែ​បាន​​សូមឲ្យ​​តាម​បំណង​ព្រះ​ទ័យ​ព្រះ​វរបិតា​ទ្រង់​វិញ​ (ម៉ាថាយ ២៦:៣៩ ម៉ាកុស ១៤:៣៦ និង​លូកា ២២:៤២) ។ ព្រះ​រាជបុត្រា​នៃ​ព្រះ​បាន​ជ្រាប​ច្បាស់​ថា ព្រះ​អង្គ​ចាំ​បាច់​ត្រូវ​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា ។ កណ្ឌ​គម្ពីរ​ហេព្រើរ បាន​និយាយ​ជា​សង្ខេប​សម្រាប់​យើង​យ៉ាង​ឥតខ្ចោះ​ថា «កាល​ទ្រង់​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ នោះ​ទ្រង់​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ទ្រង់​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ទ្រង់​កោតខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់»​ (ហេព្រើរ ៥:៧) ។
ជា​ការ​ពិត​ណាស់ យើង​មិន​អាច​និយាយ​ថា ការ​អធិស្ឋាន​មាន​ភាព​ចាំ​បាច់​ចំពោះ​ព្រះ​យេស៊ូវ តែ​មិន​ចាំ​បាច់​ចំពោះ​យើង​នោះ​ទេ ។ ការ​អធិស្ឋាន​មាន​ភាព​ចាំ​បាច់​មិន​អាច​អត់​បាន! បើ​ព្រះ​រាជបុត្រា​នៃ​ព្រះ​ត្រូវ​ការ​ពេល​វេលា ដើម្បី​ផ្ដោត​ទៅ​លើ​ការ​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា​របស់​ព្រះ​អង្គ នោះ​តើ​យើង​ជា​អ្នកដើរតាម​ព្រះ​អង្គ ត្រូវ​ចំណាយ​ពេល​អធិស្ឋាន​ច្រើន​ជាង​អម្បាល​ម្ម៉ាន​ទៀត! ការ​អធិស្ឋាន​គឺ​ជា​ឯក​សិទ្ធិ​ធំ​ណាស់ ដែល​គ្រីស្ទ​បរិស័ទ​ម្នាក់ៗ​មិន​អាច​ព្រងើយកន្តើយ​បាន​ទេ ហើយ​ក៏​មាន​ភាព​ចាំ​បាច់​ណាស់​ដែរ បាន​ជា​យើង​ម្នាក់ៗ​មិន​ត្រូវ​មើល​រំលង ។ ដូច​នេះ ចូរ​ទូល​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បង្ហាញ​អ្នក​នូវ​ភាព​អស្ចារ្យ​នៃ​ការ​អធិស្ឋាន ហើយ​ជួយ​អ្នក​ចូល​ទៅ​ក្នុង​ការ​អធិស្ឋាន ។ អ្នក​នឹង «អធិស្ឋាន​គ្រប់​ពេល​វេលា» នៅ​ពេល​ណា​អ្នក​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មាន​សមត្ថភាព​គ្មាន​កំណត់ ក្នុង​ការ​ជួយ ឬ​ស្ម័គ្រ​ព្រះ​ទ័យ​ជួយ ហើយ​ក៏​គ្មាន​ពេល​ណា ដែល​អ្នក​មិន​ត្រូវ​ការ​ជំនួយ​ព្រះ​អង្គ​នោះ​ឡើយ ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ អេភេសូរ ៣:១៤-២១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យេរេមា ១-២ និង ម៉ាថាយ ២០:១៧-៣៤

ប្រភេទ