នំម៉ាណាប្រចាំថ្ងៃ
អធិស្ឋាន​ដោយ​ការ​ស៊ូទ្រាំ

អធិស្ឋាន​ដោយ​ការ​ស៊ូទ្រាំ

ដោយAlistair Begg

June 7, 2026

«ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្ដី​ខ្ជាប់ខ្ជួន នឹង​សេចក្ដី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់» ។ អេភេសូរ ៦:១៨
គ្រីស្ទ​បរិស័ទ​ស្ទើរ​តែ​ទាំង​អស់​ពិបាក​អធិស្ឋាន នៅ​ពេល​ខ្លះ​ (ឬ​នៅ​ពេល​ភាគ​ច្រើន) ។ តើ​បណ្តាល​មក​ពី​ហេតុ​អ្វី? 
មូល​ហេតុ​មួយ​ដែល​យើង​ជួប​ការ​ល្បួង​ឲ្យ​ចង់​បោះ​បង់​ចោល​ការ​អធិស្ឋាន គឺ​ដោយ​សារ​យើង​មិន​តែង​តែ​ទទួល​បាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ព្រះ ។ ក្នុង​លោកិយ ដែល​មនុស្ស​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង មក​លើ​ការ​ឆ្លើយ​តប​ភ្លាមៗ បញ្ហា​នេះ​គឺ​ពិត​ជា​ពិបាក​មែន ។ យើង​ចង់​ទទួល​លទ្ធផល​ភ្លាមៗ នៅ​ថ្ងៃ​នេះ ដូច​នៅ​ក្នុង​ការ​ព្យាយាម​ហាត់ប្រាណ ឬ​តម​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវជា​ដើម ។ បើសិន​ជា​វិធី​សាស្រ្ត​របស់​យើង មិន​បង្ហាញ​លទ្ធផល​ភ្លាមៗ​ទេ មនុស្ស​ភាគ​ច្រើន​មិន​ចង់​ស៊ូទ្រាំ​ក្នុង​ការ​រង់​ចាំ​ទេ ។
ការ​ដែល​យើង​ចេះតែ​ខ្វះ​ការ​អត់ធ្មត់ គឺ​ជា​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​រឿង​ប្រៀប​ប្រដូច អំពី​ស្ត្រី​មេម៉ាយ​ដែល​តស៊ូ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ពី​ចៅ​ក្រម ។ កណ្ឌ​គម្ពីរ​លូកា​បាន​ចែង​ថា «ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ»​ (លូកា ១៨:​‌១) ។ ម្យ៉ាងទៀត ព្រះ​យេស៊ូវ​សព្វព្រះទ័យ​ឲ្យ​យើង​អធិស្ឋាន ហើយ​បន្ត​អធិស្ឋាន​ឥត​ឈប់​ឈរ ។
នៅ​ពេល​ដែល​សាវ័ក ​ប៉ុល​ប្រាប់​យើង​ឲ្យ «ចាំ​យាម» ហើយ​អធិស្ឋាន​ដោយ​ការ​ស៊ូទ្រាំ គឺ​គាត់​កំពុង​ស្រង់​ពាក្យ​ពេចន៍ ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​សិស្ស នៅ​សួនច្បារ​គែតសេម៉ានី នៅ​ពេល​យប់​មុន​ពេល​ទ្រង់​សុគត​ថា «ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​មិន​ឲ្យ​កើត​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ»​ (ម៉ាថាយ ២៦:៤១) ។ សាវ័ក ​ប៉ុល​បាន​ប្រសាសន៍​ស្រដៀង​នេះ ទៅ​កាន់​ពួក​ចាស់​ទុំ​នៅ​ទីក្រុង​អេភេសូរ ដោយ​ប្រាប់​ពួក​គេ​ឲ្យ «ចាំ​យាម»​ (កិច្ច​ការ ២០:៣១) ។ ក្នុង​លោកិយ​ដែល​ដិតដាម​ទៅ​ដោយ​សង្គ្រាម​ខាង​វិញ្ញាណ ការ​លះបង់​ចោល​ការ​អធិស្ឋាន​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។
ពេល​ណា​យើង​បន្ត​ចូល​ទៅ​រក​ព្រះ ដោយ​ការ​អធិស្ឋាន និង​ការ​ទូល​អង្វរ យើង​នឹង​ត្រូវ​រៀន​ស្កប់ចិត្ត​ដោយ​ការ​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប​ចំពោះ​យើង តាម​ពេល​វេលា​ដ៏​ល្អ​របស់​ទ្រង់ ហើយ​យើង​នឹង​ត្រូវ​ចាំ​ថា សាតាំង​ចូលចិត្ត​ល្បួង​យើង​ឲ្យ​ជឿ​ថា ការ​អធិស្ឋាន​មិន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ទេ ហើយ​ព្រះ​ទ្រង់​ក៏​មិន​ស្តាប់ ឬ​ធ្វើ​អ្វី​សម្រាប់​យើង​ឡើយ ។ អ្នក​ប្រហែល​មិន​ទទួល​បាន​ចម្លើយ សម្រាប់​ការ​អធិស្ឋាន​ណា​មួយ ក្នុង​ពេល​ដែល​ពិបាក​បំផុត ក្នុង​ជីវិត​នៅ​លើ​ផែនដី​នេះ​ ។ ជួន​កាល ការ​តស៊ូ​ក្នុង​ការ​អធិស្ឋាន​នាំ​ឲ្យ​ទទួល​បាន​តែ​ភាព​ស្ងប់ស្ងាត់ ។ ប៉ុន្តែ ដល់​ពេល​ដែល​ទ្រង់​កំណត់​បាន​មក​ដល់ ព្រះ​អង្គ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា «ព្រះ​អម្ចាស់​មិន​យឺតយ៉ាវ ក្នុង​ការ​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​ឡើយ»​ (២​ពេត្រុស ៣:៩) ។ ព្រះ​អង្គ​ឆ្លើយ​តប ចំពោះ​ការ​អធិស្ឋាន​របស់​អ្នក នៅ​ពេល​ដែល​ព្រះ​អង្គ​ជ្រាប​ថា ព្រះ​អង្គ​ដល់​ពេល​ដែល​ត្រូវ​ឆ្លើយ​តប តាម​របៀប​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ។ ព្រះ​អង្គ​តែង​តែ​ធ្វើ​លើស​ពី​អ្វី​ដែល​យើង​ទូល​សូម ឬ​ស្រមៃ​ក្តី ។ ជួន​កាល យើង​អាច​មើល​ឃើញ​គោល​បំណង​របស់​ព្រះ​អង្គ​ខ្លះ ហើយ​ជានិច្ច​ជា​កាល យើង​ត្រូវ​រស់​នៅ​ដោយ​ជំនឿ មិន​មែន​ដោយ​ការ​មើល​ឃើញ​នោះ​ទេ ។
តើ​មាន​មនុស្ស ឬ​រឿង​ណា​មួយ ដែល​អ្នក​បាន​ឈប់​អធិស្ឋាន​ឲ្យ ដោយ​សារ​អ្នក​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ច្បាស់​លាស់ ឬ​វិជ្ជមាន? ចូរ​ចាំ​ថា អ្នក​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​យ៉ាង​ដូច​នេះ​ទេ ។ ថ្ងៃ​មួយ អ្នក​នឹង​បាន​ឃើញ​ការ​អ្វី​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ តាម​របៀប​ខុស​ពី​ការ​រំពឹង​គិត​របស់​អ្នក ។ ទំរាំ​ដល់​ថ្ងៃ​នោះ អ្នក​អាច​ស៊ូទ្រាំ​ក្នុង​ការ​អធិស្ឋាន ព្រោះ​ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​អ្នក​ស៊ូទ្រាំ ហើយ​បាន​សន្យា​ថា នឹង​ធ្វើ​អ្វីៗ ដើម្បី​ប្រយោជន៍​របស់​រាស្រ្ត​ទ្រង់ ។ ដូច​នេះ ចូរ​យើង​ចាប់​ផ្តើម​អធិស្ឋាន​ឡើង​វិញ នៅ​ថ្ងៃ​នេះ ​ដោយ​ការ​ស៊ូទ្រាំ អំពី​ការ​អ្វី​ដែល​អ្នក​បាន​ឈប់​ទូល​ថ្វាយ​ដល់​ព្រះ​អង្គ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ អេភេសូរ ១:១៥-២៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យេរេមា ៦-៨ និង ម៉ាថាយ ២១:២៣-៤៦

ប្រភេទ