នំម៉ាណាប្រចាំថ្ងៃ
បើ​គ្មាន​ព្រះ នៅ​ក្នុង​លោកិយ​ទេ

បើ​គ្មាន​ព្រះ នៅ​ក្នុង​លោកិយ​ទេ

ដោយAlistair Begg

June 9, 2026

«មនុស្ស​ណា​ដែល​មាន​កេរ្តិ៍ឈ្មោះ តែ​ឥត​មាន​យោបល់ នោះ​ធៀប​ដូច​ជា​សត្វតិរច្ឆាន ដែល​វិនាស​ទៅ​នោះ​ឯង» ។ ទំនុកដំកើង ៤៩:២០
អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​សង្គម​លោក​ខាងលិច​បាន​ទទួល​ផលប្រយោជន៍ ពី​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​នៃ​ជំនឿ​គ្រីស្ទាន ។ ប្រវត្តិ​សាស្រ្ត​របស់​បស្ចិម​ប្រទេស​មាន​ពេញ​ទៅ​ដោយ​ឧទាហរណ៍​នៃ​អំពើ​បាប និង​ភាព​ពុករលួយ​របស់​មនុស្ស​ជាតិ ប៉ុន្តែ វត្តមាន​របស់​ជំនឿ​គ្រីស្ទាន​ដ៏​ជាប់លាប់​នៅ​ទី​នោះ បាន​ជួយ​ទប់ស្កាត់​ការ​អាក្រក់​ជា​ច្រើន​លើក​ច្រើន​សារ និង​តាម​មធ្យោបាយ​ជា​ច្រើន ។ មនុស្ស​ភាគ​ច្រើន​មិន​ដែល​បាន​ដក​ពិសោធន៍​​ឲ្យ​បាន​ដឹង​ថា សង្គម​មាន​លក្ខណៈ​ដូចម្តេច​ទេ នៅ​ពេល​ដែល​គេ​បដិសេធ និង​បំភ្លេច​ព្រះ​អម្ចាស់​ទាំង​ស្រុង ។ 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​ប៊ីប​ពិត​ជា​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​មិន​ជឿ​ថា ព្រះ​មាន​ពិត​មែន​ទេ​ ។ គឺ​បាន​បង្ហាញ​អំពី​ការ​បដិសេធន៍​របស់​មនុស្ស​ជាតិ ដែល​ក្នុង​នោះ «មនុស្ស​អាក្រក់ គេ​អួត​ពី​បំណង​ក្នុង​ចិត្ត​គេ» ហើយ​ដោយ​អំនួត ពួក​គេ​មិន​ជឿ​ថា ព្រះ​មាន​ពិត​មែន​ទេ​ (ទំនុកដំកើង ១០:៣-៤) ។ ការ​យល់​ដឹង​អំពី​ព្រះ ត្រូវ​ចាប់​ផ្តើម​ពី​ការ​បន្ទាប​ខ្លួន ហេតុ​នេះ​ហើយ អ្នក​ដែល​បដិសេធ​ព្រះ ក៏​បដិសេធ​មិន​ព្រម​បន្ទាប​ខ្លួន​ដែរ ។
មនុស្ស​អួត​ទាំង​នោះ មិន​គ្រាន់​តែ​បដិសេធ​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ស្អប់​ព្រះ​អង្គ​ផង​ដែរ ដោយ​ជេរប្រមាថ និង​មើលងាយ​ព្រះ​អង្គ​ (ទំនុកដំកើង ១០:៣) ។ ភាព​ចម្រុងចម្រើន​ច្រើនតែ​នាំ​មនុស្ស​ឲ្យ​ជេរប្រមាថ​ព្រះ ។ ការ​រស់​នៅ​របស់​ពួក​គេ មាន​ដំណើរ​ការ​ល្អ​ណាស់ បាន​ជា​ពួក​គេ​ជឿ​ថា គ្មាន​អ្វី​អាច​ប៉ះពាល់​ពួក​គេ​បាន​ទេ ហើយ​ពួក​គេ​មិន​ជឿ​ថា មាន​ព្រះ​មួយ​អង្គ​ដែល​នឹង​កាត់ទោស​ពួក​គេ​ឡើយ ។ ភាព​ចម្រុងចម្រើន និង​ភាព​ជោគជ័យ​របស់​ពួក​គេ ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ប៉ុន្តែ នេះ​ជា​ការ​យល់​ខុស​ហើយ ។ ពួក​គេ​គិតស្មាន​ថា ខ្លួន​អាច​រស់​នៅ​តាម​ទំនើង​ចិត្ត ធ្វើ​មើល​តែ «ព្រះ​ទ្រង់​ភ្លេច​ហើយ ទ្រង់​លាក់​ព្រះភក្ត្រ ទត​មិន​ឃើញ​ឡើយ»​ (ខ.១១) ហើយ​ពួក​គេ​នឹង​មិន​ទទួល​កំហុស សម្រាប់​ការប្រព្រឹត្ត​របស់​ខ្លួន​ទេ ។ នៅ​ពេល​ដែល​មនុស្ស​រស់​នៅ ដោយ​មិន​ខ្លាច​ការ​ជំនុំជម្រះ​របស់​ព្រះ គេ​គិតស្មាន​ថា អ្នក​មាន​អំណាច​មិន​ចាំ​បាច់​ត្រូវ​បម្រើ​អ្នក​ខ្សោយ ហើយ​អ្នក​ខ្លាំង​មិន​ចាំ​បាច់​ត្រូវ​មាន​ចិត្តសុភាព បាន​សេចក្តី​ថា យើង​អាច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​តាម​ទំនើងចិត្ត ហើយ​ពួក​មនុស្ស​អាក្រក់​ក៏ «អង្គុយ​នៅ​អស់​ទាំង​ទី​លប​ចាំ... នោះ​គេ​សំឡាប់​មនុស្ស ជា​មនុស្ស​ដែល​ឥត​មាន​ទោស ... គេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ»​ (ខ.៨-៩) ។
ហេតុ​នេះ​ហើយ អ្នក​និពន្ធ​ទំនុកដំកើង​បាន​ពោល​ថា «មនុស្ស​ណា​ដែល​មាន​កេរ្តិ៍ឈ្មោះ តែ​ឥត​មាន​យោបល់ នោះ​ធៀប​ដូច​ជា​សត្វតិរច្ឆាន ដែល​វិនាស​ទៅ​នោះ​ឯង» ។ ពេល​ណា​យើង​បដិសេធ និង​ស្អប់​ព្រះ យើង​គិត​ដោយ​ភាព​ល្ងង់ខ្លៅ​ថា យើង​មាន​សុវត្ថិភាព ដែល​នាំ​ឲ្យ​យើង​ជឿ​ថា យើង​អាច​ធ្វើបាប​អ្នក​ដទៃ ។ យើង​ងាយ​នឹង​ជឿ​ថា ខគម្ពីរ​ទាំង​នេះ​និយាយ​អំពី​អ្នក​ដទៃ​ប៉ុណ្ណោះ ។ ប៉ុន្តែ យើង​មិន​គួរ​ឆាប់​មើល​រំលង​ខ្លួន​ឯង​នោះ​ឡើយ ។ តើ​យើង​បាន​បដិសេធន៍​ការ​បន្ទាប​ខ្លួន តាម​របៀប​ណា​ខ្លះ ដោយ​ជឿ​ថា យើង​មាន​ភាព​គ្រប់គ្រាន់ ដោយ​មិន​ត្រូវ​ការ​ព្រះ? យើង​បណ្តោយ​ឲ្យ​ភាព​ចម្រុងចម្រើន ធ្វើ​ឲ្យ​យើង​គិត​ថា មិន​ត្រូវ​ការ​ត្រូវ និង​មិន​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ព្រះ​អង្គ​ឡើយ? តើ​ការប្រព្រឹត្ត​របស់​យើង ចំពោះ​មនុស្ស​នៅ​ជុំវិញ​យើង ដិត​ដាម​ទៅ​ដោយ​ភាព​អាត្មានិយម និង​អំនួត ជា​ជាង​ក្តី​ស្រឡាញ់ និង​ការ​បម្រើ​ឬ​ទេ? យើង​អាច​ប្រកាស​ថា យើង​ជឿ​ព្រះ តែ​ប្រហែល​ជា​មាន​ផ្នែក​ខ្លះ​ក្នុង​ជីវិត​យើង ដែល​ត្រូវ​ការ​ការ​ប្រែ​ចិត្ត​ចេញ​ពី​បាប ។
ការ​ពិពណ៌នា អំពី​មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ និង​មាន​ឈ្មោះ​ល្បី តែ​ខ្វះ​ប្រាជ្ញា ឬ​ការ​យល់​ដឹង គឺ​ជា​ការ​ពិពណ៌នា​អំពី​ភាព​​សោកសៅ និង​ភាព​អស់​សង្ឃឹម ក្នុង​ជីវិត​របស់​គាត់ នៅ​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​អស់​កល្ប​ជា​និច្ច ។ ដូច​នេះ ចូរ​យើង​សរសើរ​ដំកើង​ព្រះ​អង្គ ដែល​ព្រះ​គម្ពីរ​ប៊ីប​មិន​បាន​ពិពណ៌នា​តែ​ប៉ុណ្ណេះ​ឡើយ ។ បើ​យើង​ដឹង​ថា យើង​មាន​ព្រះ​អាទិករ​មួយ​អង្គ ដែល​យើង​មាន​តម្លៃ និង​មាន​ការទទួលខុសត្រូវ នៅ​ចំពោះមុខ​ព្រះ​អង្គ ហើយ​ព្រះ​អាទិករ​នោះ​បាន​លោះ​វិញ្ញាណ​យើង​ ហើយ​នឹង​ទទួល​យើង​​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប​ជានិច្ច​ (ទំនុកដំកើង ៤៩:១៥) ហើយ​យើង​​នឹង​មាន​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ អំពី​ទ្រព្យសម្បត្តិ ហើយ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​នឹង​បាន​អរសប្បាយ​នឹង​គោល​បំណង ក្តី​សង្ឃឹម ការ​អត់​ទោស និង​ក្តី​អំណរ​ជា​រៀង​រហូត ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ទំនុកដំកើង ៤៩
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យេរេមា ១២-១៤ និង ម៉ាថាយ ២២:២៣-៤៦

ប្រភេទ