
វិលត្រឡប់ទៅរកព្រះអម្ចាស់វិញ
ដោយAlistair Begg
June 11, 2026
«ឱអ៊ីស្រាអែលអើយ ចូរវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញចុះ ដ្បិតឯងបានភ្លាត់ដួលទៅ ដោយអំពើទុច្ចរិតរបស់ឯង» ។ ហូសេ ១៤:១
ចាប់តាំងពីសម័យដើមមក បុរសនិងស្ត្រីបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ក្នុងការជៀសវាងការទទួលខុសត្រូវ ។ កាលព្រះអម្ចាស់ត្រាស់ហៅលោក អ័ដាម ក្នុងសួនច្បារអេដែន ឲ្យទទួលខុសត្រូវចំពោះអំពើបាបទីមួយរបស់គាត់ គាត់ក៏បានឆ្លើយតប ដោយមិនទទួលខុសត្រូវ តែដោយទម្លាក់កំហុសទៅលើ «ស្ត្រី» ដែលព្រះអង្គបានប្រទានមកគាត់ (លោកុប្បត្តិ ៣:១២) ។ នាងអេវ៉ាក៏បានឆ្លើយតបស្រដៀងនេះផងដែរថា អារក្សបានល្បួងនាង (ខ.១៣) ។ ដូចនេះ មនុស្សជាតិមានទំនោរទៅរកការឆ្លើយតបដូចនេះ រហូតមកដល់ពេលសព្វថ្ងៃ ។ យើងទទួលស្គាល់ថា យើងមានបញ្ហា ហើយមិនដើរជាមួយព្រះ តាមការរៀបចំដែលព្រះអង្គមានសម្រាប់យើងទេ ។ ប៉ុន្តែ សភាវគតិរបស់យើង តែងតែរកហេតុផលដើម្បីដោះសារ ។
តើប្តីប្រពន្ធរបស់អ្នកជាមនុស្សពិបាកទេ? តើព្រះវិហាររបស់អ្នកខ្វះភាពរំភើបរីករាយឬទេ? តើជីវិតការងារ និងគ្រួសាររបស់អ្នកមានភាពតានតឹងខ្លាំងឬទេ? ទោះយើងមានការដោះសារអ្វីក៏ដោយ យើងច្រើនតែយឺតយ៉ាវ ក្នុងការទទួលស្គាល់ថា ពេលណាយើងមានអារម្មណ៍ថា ដាច់ចេញឆ្ងាយពីព្រះ មូលហេតុជាបឋម ស្ថិតនៅក្នុងចិត្តយើង ហើយយើងគ្មានការដោះសារណាមួយ សម្រាប់បាបរបស់យើងទេ ។
ហោរាហូសេបានលើកឡើងអំពីចំណុចនេះ ទៅកាន់ប្រជាជនអ៊ីស្រាអែល ។ ពួកគេបានដឹងថា ពួកគេបានឃ្លាតចេញឆ្ងាយពីព្រះ ហើយពួកគេមិនពិបាកយល់អំពីមូលហេតុដែលពួកគេឃ្លាតឆ្ងាយ ព្រោះគាត់បានប្រាប់ពួកគេថា «ឯងបានភ្លាត់ដួលទៅ ដោយអំពើទុច្ចរិតរបស់ឯង» ។ អំពើបាបរបស់ពួកគេបានបណ្តាលឲ្យពួកគេជំពប់ជើងដួល គឺគ្មានមូលហេតុអ្វីផ្សេងទៀត ឬគ្មាននរណាបណ្តាលឲ្យពួកគេជំពប់ដួលនោះទេ ។
ព្រះទ្រង់បានត្រាស់ហៅរាស្រ្តទ្រង់ឲ្យរស់នៅ តាមរបៀបខុសប្លែកពីសាសន៍ជិតខាង ប៉ុន្តែ ពួកគេមិនបានរស់នៅតាមការត្រាស់ហៅរបស់ព្រះអង្គទេ ។ ផ្ទុយទៅវិញ គេអាចនិយាយថា «អេប្រាអិម (ជារាស្រ្តរបស់ព្រះ) គាត់លាយខ្លួននឹងសាសន៍ដទៃ» (ហូសេ ៧:៨) ។ រាស្រ្តរបស់ព្រះមិនមានសេចក្តីបរិសុទ្ធគ្រប់លក្ខណៈទេ ។ ព្រះអម្ចាស់ក៏បានពិពណ៌នា ក្នុងខដដែលនេះថា ពួកគេគឺជា «នំដែលមិនបានប្រែ» ក្នុងន័យថា សេចក្តីបរិសុទ្ធរបស់ពួកគេ ប្រៀបដូចជានំដែលឆ្អិនតែម្ខាង មិនអាចបរិភោគបាន ។ ហេតុអ្វីបានជាពួកគេមានចិត្តមិនស្មោះដូចនេះ? ព្រោះសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះមិនមានភាពស្មោះត្រង់ទេ គឺមានតែការសម្ដែងប៉ុណ្ណោះ គឺ «ប្រៀបដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងបន្ទាន់» (៦:៤) ។
តើអ្នកមានលក្ខណៈដូចដែលបានពិពណ៌នានេះទេ? តើការរស់នៅរបស់អ្នក មានភាពខុសប្លែកពីលោកិយដែលមិនជឿព្រះទេ? តើអ្នកចូលចិត្តទុកផ្នែកខ្លះនៃជីវិតអ្នកសម្រាប់ខ្លួនឯង ជាជាងថ្វាយជីវិតទាំងមូលដាច់ដល់ព្រះអង្គឬ? តើអ្នកមានការប្ដេជ្ញាចិត្តជាទៀងទាត់ថា នឹងស្រឡាញ់ ហើយស្តាប់បង្គាប់ព្រះ តែមិនដែលធ្វើដូចដែលបានប្ដេជ្ញាចិត្តឬ? បើដូច្នោះមែន តើអ្នកត្រូវមានដំណោះស្រាយដូចម្តេច? អ្នកត្រូវវិលត្រឡប់មករកព្រះអង្គវិញ ។ ព្រះអម្ចាស់បានបង្ហាញសេចក្តីអាណិតដល់រាស្រ្តដែលវង្វេងនេះ ហើយក៏បានត្រាស់ហៅពួកគេ ឲ្យត្រឡប់មកវិញថា «ឱអ៊ីស្រាអែលអើយ ចូរវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញចុះ» ។ បើសិនជាពួកគេគ្រាន់តែងាកបែរចេញពីអំពើបាបរបស់ខ្លួន ហើយវិលត្រឡប់មកព្រះអង្គវិញ ពួកគេនឹងបានដកពិសោធន៍ជាមួយនឹងការស្អាងឡើងវិញ ខាងវិញ្ញាណ និងផ្សះផ្សាជាមួយព្រះអង្គឡើងវិញ ។
បើអ្នកបានដើរខុសផ្លូវចេញពីព្រះអង្គ អ្នកប្រហែលជាមានលក្ខណៈមិនខុសពីកូនពៅវង្វេង ក្នុងបទគម្ពីរលូកា ជំពូក១៥នោះទេ ។ តើគាត់បានធ្វើដូចម្តេច នៅពេលដែលគាត់បានដឹងថា គាត់បានដើរផ្លូវខុសខ្លាំងយ៉ាងណា? គាត់បានភ្ញាក់ខ្លួន ទទួលខុសត្រូវទាំងស្រុង ហើយក៏បានវិលត្រឡប់ទៅរកឪពុកគាត់វិញ ។ ហើយការឆ្លើយតបរបស់ឪពុកគាត់ ក៏ជាការឆ្លើយតបរបស់ព្រះ ចំពោះកូនរបស់ព្រះអង្គដែលកំពុងវង្វេង បើសិនជាយើងត្រឡប់មកវិញ ដោយគ្មានការដោះសារ ហើយទូលសូមព្រះអង្គអត់ទោសឲ្យយើង មានចិត្តឆេះឆួលក្នុងការរួបរួមឡើងវិញ មានព្រះពរជាបរិបូរ និងការប្រកបស្និទ្ធស្នាលឡើងវិញ ជាមួយព្រះ ដែលមានសេចក្តីស្រឡាញ់មិនចេះរីងស្ងួត ។
ខគម្ពីរជញ្ជឹងគិត៖ លូកា១៥:១១-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ១៨-១៩ និង ម៉ាថាយ ២៣:២៣-៣៨