នំម៉ាណាប្រចាំថ្ងៃ
ជម្នះ​បាប​ដែល​ពួន​សម្ងំ

ជម្នះ​បាប​ដែល​ពួន​សម្ងំ

ដោយAlistair Begg

June 13, 2026

«កាល​ណា​ព្រះ​គ្រីស្ទ​ដ៏​ជា​ជីវិត​នៃ​យើង បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​លេច​មក​ក្នុង​សិរី​ល្អ ជា​មួយ​នឹង​ទ្រង់​ដែរ ។ ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយស្មន់ ស្មោកគ្រោក សម្រើប​សំរាល ប៉ងប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ» ។ កូល៉ុស ៣:៤-៥
បើ​ការ​ប្រែ​ចិត្ត​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ មាន​ន័យ​ថា យើង​មិន​មាន​បាប​ទៀត នោះ​សាវ័ក ​ប៉ុល​មុខជា​ខ្ជះខ្ជាយ​ទឹក​ខ្មៅ នៅ​ពេល​ដែល​គាត់​សរសេរ​ថា «ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ» ។ យើង​ងាយ​នឹង​ឱបក្រសោប​យក​ជំនឿ​ខាង​ក្រៅ​និយម ដែល​ធ្វើ​ឲ្យ​យើង​ល្អ​មើល​តែ​សម្បក​ក្រៅ ខណៈ​ពេល​ដែល​យើង​ដឹង​ថា ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​យ៉ាង​ត្រឹម​ត្រូវ​ថា យើង​គឺ​ជា​កូន​របស់​ព្រះ​ដែល​បាន​សង្គ្រោះ​ហើយ តែ​យើង​ក៏​ជា​មនុស្ស​មាន​បាប​ដែរ ។
ដូច​នេះ តើ​អំពើ​បាប​នៅ​តែ​បន្ត​រំខាន​ជីវិត​យើង​ឬ​ទេ? ព្រោះ​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​មែនពិត ដោយ​ទ្រង់​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ចំណង​របស់​បាប តែ​យើង​ក៏​នៅ​តែ​រស់​នៅ​ក្នុង​រូប​កាយ​របស់​យើង​ផង​ដែរ ។ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា «សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះ​វិញ្ញាណ ... សេចក្ដី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម្ល៉េះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត» (កាឡាទី ៥:១៧) ។ ព្រះ​គ្រីស្ទ​បាន​រាប់​យើង​ជា​សុចរិត ព្រះ​យេស៊ូវ​បាន​អត់​ទោស​ឲ្យ​បាប​ទាំង​អស់ ដែល​យើង​មាន​ក្នុង​ជីវិត​យើង ។ យើង​បាន​ស្លាប់​ខាង​ឯ​បាប ក្នុង​ព្រះ​គ្រីស្ទ បាន​ជា​វា​មិន​មាន​អំណាច​គ្រប់គ្រង​ជីវិត​យើង​ទៀត​ទេ ។ ប៉ុន្តែ ទោះ​អំពើ​បាប​មិន​គ្រប់គ្រង​ជីវិត​យើង​ទៀត​ក៏​ដោយ ក៏​យើង​នៅ​តែ​មាន​វា ហើយ​វា​ក៏​ធ្វើទុក្ខ​យើង ។ វា​មិន​កំណត់​ថា យើង​ជា​នរណា​ទៀត​ទេ តែ​វា​នៅ​តែ​តោង​យើង​ជាប់ ។
ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​រៀន​ជៀសវាង​ការ​មើលស្រាល​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ​បាប ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ប្រយ័ត្ន​បាប​លួច​បន្លំ​ចូល​ទៅ​ក្នុង​ជីវិត​យើង​ស្ងាត់​ៗ និង​ដោយ​ការ​បោកបញ្ឆោត ។ ដើម្បី​តយុទ្ធ​នឹង​បាប យើង​ត្រូវ​ស្គាល់​អំណាច​របស់​វា​ដែល​ធ្វើ​ឲ្យ​យើង​ញាណ និង​ចាប់ចង​យើង​ធ្វើ​ជា​ទាសករ​របស់​វា ។ គឺ​ដូច​ដែល​មាន​ពាក្យស្លោក​មួយ​បាន​ពោល​ថា «គំនិត​របស់​អ្នក នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត ។ ការប្រព្រឹត្ត​របស់​អ្នក នាំ​ឲ្យ​កើត​ជា​ទំលាប់ ។ ទំលាប់​របស់​អ្នក នាំ​ឲ្យ​អ្នក​មាន​ចារិក​លក្ខណៈ ។ ចារិត​លក្ខណៈ​របស់​អ្នក គឺ​ជា​កត្តា​កំណត់​ជោគវាសនា​របស់​អ្នក» ។ ដូច​នេះ យើង​ត្រូវ​ជម្នះ​បាប​របស់​យើង នៅ​ត្រង់​ចំណុច​ចាប់​ផ្តើម​របស់​វា នៅ​ក្នុង​គំនិត​របស់​យើង មុន​ពេល​វា​ចាក់​ឬ​ស​ចូល​ជ្រៅ​ក្នុង​ចិត្ត​យើង ។
វិធី​តែ​មួយ ដើម្បី​ជម្នះ​បាប គឺ​ត្រូវ​ទទួល​ស្គាល់​ថា យើង​ចាំ​បាច់​ត្រូវ​សម្លាប់​វា ដោយ​គ្មាន​ការ​បន្ថែមបន្ថយ​គោលការណ៍ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការខូចខាត​នៅ​ពេល​អនាគត ដែល​មើល​ឃើញ ឬ​មើល​មិន​ឃើញ ។ យើង​អាច​ឈ្នះ​បាប​បាន តែ​នៅ​ពេល​ដែល​យើង​មាន​ចិត្ត​ចង់​ចាត់​វិធានការ​ខ្លាំង​ទាស់​ប្រឆាំង​នឹង​វា​ប៉ុណ្ណោះ ។ 
ប៉ុន្តែ យើង​ខុស​ធ្ងន់ បើសិន​ជា​យើង​គិត​ថា យើង​ជា​អ្នក​ដែល​អាច​ឈ្នះ​អំណាច​របស់​បាប ដែល​កំពុង​លាក់​សម្ងំ​នៅ​ក្នុង​យើង ។ ដោយ​សារ​ជីវិត​អ្នក​ពឹងផ្អែក​លើ​ព្រះ​គ្រីស្ទ​ទាំង​ស្រុង នោះ​អ្នក​តយុទ្ធ​នឹង​បាប មិន​មែន​ដោយ​កម្លាំង​ខ្លួន​ឯង តែ​ដោយ​ព្រះចេស្តា​របស់​ព្រះ ហើយ​ដោយ​សារ​ជីវិត​អ្នក​ពឹងផ្អែក​លើ​ព្រះ​គ្រីស្ទ​ទាំង​ស្រុង នោះ​អ្នក​តយុទ្ធ​នឹង​បាប មិន​មែន​ដើម្បី​ឲ្យ​បាន​សេចក្តី​សង្គ្រោះ​នោះ​ទេ ដ្បិត​ព្រះ​អង្គ​បាន​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​បាប​រួច​ហើយ ។ ដូច​នេះ នៅ​ពេល​នេះ​អ្នកចាំ​បាច់​ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា អ្នក​នឹង​សម្លាប់​បាប​របស់​អ្នក ហើយ​អ្នកចាំ​បាច់​ត្រូវ​ទូល​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ បំពេញ​អ្នក​ដោយ​ក្តី​ស្រឡាញ់​ដ៏​ហូរហៀរ និង​បំពេញ​អ្នក​ដោយ​ព្រះវត្តមាន​ទ្រង់ ដើម្បី​បង្កើត​ចិត្ត​អ្នក​ឲ្យ​ធ្វើ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ត្រាស់​ហៅ​ឲ្យ​អ្នកធ្វើ គឺ​ស្វែង​រក រក​ឃើញ ហើយ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​ ដែល​នៅ​ផែនដី​នេះ​ចេញ ។ ក្នុង​ចំណោម​និស្ស័យ​សាច់​ឈាម ខាង​លោកិយ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​សម្លាប់ តើ​អ្នក​ត្រូវ​តយុទ្ធ​នឹង​និស្ស័យ​សាច់​ឈាម​មួយ​ណា នៅ​ថ្ងៃ​នេះ ដោយ​ពឹង​អាង​កម្លាំង​ព្រះ​អង្គ?


ខគម្ពីរ​ជញ្ជឹង​គិត៖ រ៉ូម ៧:២១-៨:១១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យេរេមា ២២-២៤ និង ម៉ាថាយ ២៤:២៩-៥១

ប្រភេទ