នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

សេចក្តី​ក្លាហាន និង​សេចក្តី​អាណិត

សេចក្តី​ក្លាហាន និង​សេចក្តី​អាណិត

ដោយAlistair Begg

June 15, 2026

«នោះ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង ។ តើ​អ្នក​រាល់​គ្នា​មិន​ថា​នៅ​៤​ខែ​ទៀត ទើប​ដល់​រដូវ​ចំរូត​ទេ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ ។ អ្នក​ណា​ដែល​ច្រូត នោះ​បាន​រង្វាន់​ក៏​ប្រមូល​ផល​សំរាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដើម្បី​ឲ្យ​អ្នក​ដែល​ព្រោះ នឹង​អ្នក​ដែល​ច្រូត បាន​អរសប្បាយ​ផង​គ្នា» ។ យ៉ូហាន ៤:៣៤-៣៦
ទោះ​ព្រះ​ទ្រង់​មាន​សិស្ស​នៅ​ស្ថានសួគ៌​ក៏​ដោយ ក៏​ព្រះ​អង្គ​មាន​អ្នក​បម្រើ​នៅ​ផែនដី​ផង​ដែរ ។ ព្រះ​គម្ពីរ​បាន​បង្ហាញ​ច្បាស់​ថា ក្នុង​បំណង​ព្រះ​ទ័យ​ដ៏​អាថ៌កំបាំង និង​សប្បុរស​របស់​ទ្រង់ ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​ប្រើ​សម្លេង​ដ៏​ទន់​ខ្សោយ​របស់​យើង ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​បាន​ឮ​ព្រះសូរសៀង​ព្រះ​អង្គ ។ ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ព្រះ​អង្គ​ប្រើ​យើង​ប្រកាស​ព្រះ​បន្ទូល ដើម្បី​សម្រេច​ផែនការ​ទ្រង់ ហើយ​កែប្រែ​ជីវិត និង​អនាគត​របស់​មនុស្ស​ជា​ច្រើន ។
ដូច​នេះ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​យើង​កំពុង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ឯក​សិទ្ធិ​នេះ ឬ​យើង​កំពុង​រាថយ​ចេញ​ពី​ឯក​សិទ្ធិ​នេះ? បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សន្ទនា​ជា​មួយ​ស្ត្រី​ម្នាក់​នៅ​អណ្តូង​ទឹក ព្រះ​អង្គ​ក៏​បាន​លើកទឹកចិត្ត​ពួក​សាវ័ក​ថា «ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ» ។ បើ​យើង​បើក​ភ្នែក​មើល​ទៅ​វាល​ចម្រូត ដូច​ពួក​សាវ័ក យើង​ក៏​ត្រូវ​ប្រកាស​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ ​ជា​បន្ទាន់ ដោយ​អំណរ​ថា «គ្មាន​សេចក្ដី​សង្គ្រោះ ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ»​ (កិច្ច​ការ ៤:១២) ។ 
យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន និង​ទំនុកចិត្ត ក្នុង​ការប្រកាស​ដូច​នេះ ។ ព្រះរាជសារ​ក្នុង​ដំណឹងល្អ មាន​អត្ថន័យ​ផ្ទុយ​ស្រឡះ​ពី​ទស្សនៈ​របស់​លោកិយ​ដែល​កំពុង​ពេញនិយម ហើយ​ក៏​ជា​សត្រូវ​ធំ​បំផុត​របស់​ទស្សនៈ​វិជ្ជា​សម័យ​ទំនើប ។ គេ​មិន​គ្រាន់​តែ​មិន​អើពើ​ចំពោះ​ការប្រកាស​អំពី​សេចក្តី​ពិត​ចុង​ក្រោយ ក្នុង​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ទេ តែ​គេ​ថែម​ទាំង​បាន​ទាស់​ប្រឆាំង​ផង​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទំនុកចិត្ត​របស់​យើង​ពឹងផ្អែក​នៅ​លើ​ការ​ពិត​ដែល​ថា ព្រះ​ទ្រង់​ជា​អ្នក​ប្រទាន​ព្រះរាជសារ​នៃ​ដំណឹង​ល្អ​មក​យើង ។ យើង​មិន​ប្រឌិត​ដំណឹង​ល្អ​ទេ ហើយ​យើង​ក៏​មិន​ត្រូវ​បន្ថែមបន្ថយ​ដំណឹងល្អ​ដែរ ។ ផ្ទុយ​ទៅ​វិញ ព្រះ​គ្រីស្ទ​មាន «គ្រប់​ទាំង​អំណាច​ទាំង​អស់​នៅ​ស្ថានសួគ៌ និង​ផែនដី» ហើយ​បាន​បង្គាប់​យើង​ឲ្យ «ចេញ​ទៅ​បង្កើត​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»​ (ម៉ាថាយ ២៨:១៨-១៩) ។ 
យើង​ចាំ​បាច់​ត្រូវ​មាន​ទំនុកចិត្ត ក្នុង​ការប្រកាស​ព្រះរាជសារ​នេះ តែ​យើង​ក៏​ត្រូវ​បន្លឺ​សម្លេង​ប្រកាស​ដោយ​សេចក្តី​អាណិត​ផង​ដែរ ។ ព្រះ​យេស៊ូវ​បាន​យាង​មក ក្នុង​លក្ខណៈ​ជា​អ្នក​បម្រើ​ដែល​បន្ទាប​ខ្លួន ។ ព្រះ​អង្គ​ជិះ​សត្វ​លា​ដ៏​តូច​ទាប ហើយ​មាន​បន្ទូល​យ៉ាង​សុភាព និង​ការ​បន្ទាប​ព្រះ​កាយ ។ កាល​ព្រះ​អង្គ​ទត​ឃើញ​ហ្វូង​មនុស្ស ព្រះ​អង្គ​មាន​ការ​ប៉ះពាល់​ព្រះ​ទ័យ ដោយ​ក្តី​អាណិត ព្រោះ​ព្រះ​អង្គ​ទត​ឃើញ​ពួក​គេ ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ (ម៉ាថាយ ៩:៣៦) ។ ហើយ​ដោយ​ជំនួយ​ពី​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​អាច​បង្ហាញ​ចេញ​នូវ​ដួងចិត្ត​ដូច​នេះ​ដែរ ដោយ​នឹកចាំ​ថា កាល​ពី​មុន​យើង​ក៏ «ល្ងង់ខ្លៅ មិន​ស្តាប់​បង្គាប់» ហើយ «ក៏​វង្វេង​ដែរ» មុន​ពេល​ព្រះ​គ្រីស្ទ​បាន​រក​ឃើញ ហើយ​កែប្រែ​ជីវិត​យើង​ (ទីតុស ៣:៣) ។
ទុក្ខ​លំបាក​នៅ​ថ្ងៃ​នីមួយៗ ប្រហែល​ជា​បណ្តាល​ចិត្ត​មនុស្ស​នៅ​ជុំវិញ​អ្នក ឲ្យ​កាន់​តែ​មាន​ចិត្ត​ចង់​ជជែក​អំពី​បន្ទុក​ដ៏​ធ្ងន់ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ព្រួយបារម្ភ អំពី​ភាព​ប្រេះ​បែក​ក្នុង​លោកិយ​នេះ ។ ពេល​ដែល​មិន​ច្បាស់​លាស់ ប្រាកដ​ជា​បណ្តាល​ចិត្ត​យើង ឲ្យ​ត្រៀមខ្លួន​ឆក់​ឱកាស​ប្រកាស​ទៅ​កាន់​ក្រុម​គ្រួសារ និង​មិត្តភក្ដិ អំពី «ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង»​ (១​កូរិនថូស ២:២) ដោយ​ទុក​ចិត្ត​ថា ព្រះ​វិញ្ញាណ​របស់​ព្រះ​អាច​ប្រើការ​ប្រឹងប្រែង​របស់​យើង ឲ្យ​មាន​ប្រយោជន៍​អស់​កល្ប​ជា​និច្ច ។ ចូរ​ក្លាហាន ចូរ​មាន​ក្តី​ស្រឡាញ់ ចូរ​សកម្ម​ឡើង ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ។ មាន​តែ​នៅ​ក្នុង​ព្រះ​យេស៊ូវ​ទេ ដែល​ភាព​ងងឹត​អាច​ប្រែក្លាយ​ជា​ពន្លឺ​បាន ។ មាន​តែ​នៅ​ក្នុង​ព្រះ​យេស៊ូវ​ទេ ដែល​ការ​ចាប់​ផ្តើម​ជា​ថ្មី និង​អនាគត​ថ្មី​ស្រឡាង អាច​កើត​មាន​បាន ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ១​ពេត្រុស ៣:១៤-១៧
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យេរេមា ២៧-២៩ និង ម៉ាថាយ ២៥:៣១-៤៦
 

ប្រភេទ