នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាព​មាន​ប្រយោជន៍

គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាព​មាន​ប្រយោជន៍

ដោយAlistair Begg

June 15, 2026

«ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិន​សូវ​មាន​អ្នកប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច នឹង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ» ។ ១​កូរិនថូស ១:២៦
រឿង​ភាគ​របស់​ប្រទេស​អង់គ្លេស មាន​ចំណង​ជើង​ថា កងទ័ព​របស់​ឪពុក និយាយ​អំពី​តួ​អង្គ​ដែល​មិន​គ្រប់​លក្ខណៈ​មួយ​ក្រុម ដែល​បាន​រួចផុត​ពី​ការ​ចូល​បម្រើ​ទ័ព ដោយ​សារ​កត្តា​អាយុ និង​កត្តា​ផ្សេង​ទៀត ។ ពួក​គេ​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​សម​ភូមិ​ក្នុង​ប្រទេស​របស់​ពួក​គេ នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ។ ក្រុម​ដែល​ខុស​ទំនង​នេះ​កំពុង​ត្រៀមខ្លួន​ទប់ទល់​ការឈ្លានពាន​របស់​កងទ័ព​អាឡឺម៉ង់ ដោយ​ប្រើ​កាំភ្លើង​ចាស់ៗ​មួយ​ចំនួន និង​អំបោស និង​កំទេច​កំទី​ផ្សេងៗ ។ ការ​នេះ​គួរ​តែ​បាន​លើកទឹកចិត្ត​សហគមន៍​របស់​ពួក​គេ​ ឲ្យ​មាន​ទំនុក​ចិត្ត ។
រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកចាំ​អំពី​អ្នក​ជឿ​ព្រះ នៅ​ទីក្រុង​កូរិនថូស ទីក្រុង​ស្មី​ណា និង​ទីក្រុង​ភីឡាដិលភា ដែល​មាន​លក្ខណៈ​មិន​ខុស​ពី​មនុស្ស​មិន​គ្រប់​លក្ខណៈ​មួយ​ក្រុម​នេះ​ឡើយ ។ មនុស្ស​នៅ​ជិតខាង​ពួក​គេ​គ្រាន់​តែ​បាន​ដឹង​ថា ពួក​គេ​ជា​មនុស្ស​ដែល​មាន​ភាព​ក្រីក្រ ភាព​កម្សោយ និង​ទុក្ខ​លំបាក ដោយ​សារ​រដ្ឋអំណាច​ (វិវរណៈ ២:៩ ៣:៨) ។
យើង​ប្រហែល​ជា​ច្រើនតែ​គិត​ថា មនុស្ស ឬ​ទី​កន្លែង​ដូច​នេះ មិន​ទំនង​ជា​អាច​ធ្វើ​អ្វី​បាន​ច្រើន​ថ្វាយ​ព្រះ​ទេ ។ ជា​ការ​ពិត​ណាស់ ពួកជំនុំ​នៅ​ទីក្រុង​កូរិនថូស​ចង់​គិត​ដូច​នេះ​ឯង បាន​ជា​ពួក​គេ​ស្វែង​រក​ប្រាជ្ញា និង​អំណាច​ពី​លោកិយ ។ ប៉ុន្តែ មូល​ហេតុ​គឺ​ដោយ​សារ​យើង​គិត​អំពី​ព្រះ​តិច​ពេក ។ ព្រះ​អង្គ​មិន​ស្វែង​មនុស្ស​ដែល​ខ្លាំង មាន​អំណាច និង​អស្ចារ្យ ធ្វើ​មើល​តែ​ព្រះ​អង្គ​ត្រូវ​ការ​ពួក​គេ ឲ្យ​នៅ​ក្បែរ​ព្រះ​អង្គ ដើម្បី​សម្រេច​គោល​បំណង​របស់​ព្រះ​អង្គ​ក្នុង​លោកិយ​នោះ​ឡើយ ។ ទេ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​កំពុង​ស្វែង​រក​មនុស្ស​ខ្សោយ ដើម្បី​ទ្រង់​អាច​បង្ហាញ​ព្រះចេស្តា​របស់​ទ្រង់ តាម​រយៈ​ពួក​គេ ។ 
គឺ​ដូច​នៅ​ទី​ក្រុង​ស្ម៊ីណា ទីក្រុង​ភីឡាដិលភា និង​ទីក្រុង​កូរិនថូស និង​នៅ​ទូទាំង​ពិភព​លោក ព្រះ​អង្គ​បាន​ជ្រើសរើស «ពួក​ល្ងង់​ល្ងើ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នកប្រាជ្ញ​មាន​សេចក្ដី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កម្សោយ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំងពូកែ​មាន​សេចក្ដី​ខ្មាស»​ (១​កូរិនថូស ១:២៧) ។ ហើយ​ព្រះ​អង្គ​បាន​ប្រទាន​យើង នូវ​ព្រះរាជសារ​ដែល​ហាក់​ដូច​ជា​ល្ងង់​ខ្លៅ ចំពោះ​លោកិយ​ (ខ.១៨) ដើម្បី​កាល​ណា មនុស្ស​បាន​ទទួល ហើយ​បាន​ផ្លាស់ប្រែ​ដោយ​ព្រះរាជសារ​នោះ សេចក្តី​ជំនឿ​របស់​ពួក​គេ​មិន​ផ្អែក​ទៅ​លើ​សំនួន​វោហារ​របស់​មនុស្ស​នោះ​ទេ តែ​ផ្អែក​ទៅ​លើ​ព្រះចេស្តា​របស់​ព្រះ​អង្គ​វិញ ។
យើង​ច្រើនតែ​ជួប​ការ​ល្បួង​ឲ្យ​បង្ហាញ​សមត្ថភាព លើស​ពី​សមត្ថភាព​ពិត​របស់​យើង ដោយ​គិត​ថា បើ​យើង​អាច​ធ្វើ​​ខ្លួន​ឲ្យ​បាន​ល្អ គេ​នឹង​ស្ងើចសរសើរ ហើយ​មាន​ចិត្ត​ចង់​ចូល​មក​ស្តាប់​យើង​មិន​ខាន ។ ប៉ុន្តែ អ្វី​ដែល​យើង​គួរ​តែ​ព្យាយាម​ធ្វើ​ច្រើន​បំផុត​នោះ គឺ​ព្យាយាម​នាំ​មនុស្ស​ឲ្យ​ចូល​មក​រក​ព្រះ​គ្រីស្ទ ហើយ​គ្មាន​អ្វី​ដែល​លើក​ដំកើង​ព្រះ​គ្រីស្ទ បាន​ច្រើន​ជាង​ការ​ធ្វើ​បន្ទាល់​ថា ព្រះ​គុណ​ព្រះ​មាន​ភាព​គ្រប់គ្រាន់ ហើយ «ព្រះចេស្តា​របស់​ព្រះ​អង្គ​ពេញ​ខ្នាត នៅ​ក្នុង​ភាព​កម្សោយ​របស់​យើង»​ (២​កូរិនថូស ១២:៩) ។
បើ​អ្នក​បាន​ស្គាល់​ភាព​ខ្វះចន្លោះ ឬ​ភាព​កម្សោយ​របស់​អ្នក នោះ​អ្នក​អាច​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​អរសប្បាយ​ជា​មួយ​សាវ័ក ​ប៉ុល ដែល​បាន​បង្រៀន​យើង​ថា «ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្ដី​កម្សោយ​របស់​ខ្ញុំ​ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ​ចេស្ដា​នៃ​ព្រះ​គ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ ។ ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរសប្បាយ ក្នុង​កាល​ដែល​មាន​សេចក្ដី​កម្សោយ ក្នុង​កាល​ដែល​គេ​ត្មះតិះដៀល ក្នុង​សេចក្ដី​លំបាក កាល​គេ​ធ្វើទុក្ខ​បៀតបៀន​ហើយ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀតចង្អល់ ដោយ​យល់​ដល់​ព្រះ​គ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ»​ (២​កូរិនថូស ១២:៩-១០) ។ តើ​អ្នក​បាន​គិត​អំពី​លទ្ធភាព​ដែល​ភាព​កម្សោយ​របស់​អ្នក អាច​ធ្វើ​ជា​គន្លឹះ​ដើម្បី​ឲ្យ​ខ្លួន​អ្នក​មាន​ប្រយោជន៍​ក្នុង​ព្រះហស្ត​របស់​ព្រះ​ទេ? ព្រះ​អង្គ​មិន​ត្រូវ​ការ​កម្លាំង​របស់​អ្នក ហើយ​ព្រះ​អង្គ​អាច​ធ្វើ​ការ​តាម​រយៈ​ភាព​កម្សោយ​របស់​អ្នក ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ កិច្ចការ ១៨:១-១១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យេរេមា ៣០-៣១ និង ម៉ាថាយ ២៦:១-២៥
 

ប្រភេទ