នំម៉ាណាប្រចាំថ្ងៃ
ការផ្លាស់ប្ដូរ​ដ៏​ធំ

ការផ្លាស់ប្ដូរ​ដ៏​ធំ

ដោយAlistair Begg

June 17, 2026

«ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ» ។ កិច្ចការ ១៦:៣១
ព្រះ​គម្ពីរ​ប៊ីប​ប្រើ​ពាក្យ «ជឿ» មិន​​គ្រាន់​តែ​សំដៅ​ទៅ​លើ​ការ​យល់​ដឹង​ផ្លូវ​បញ្ញា​ប៉ុណ្ណោះ​ទេ ។ 
ការ​ជឿ គឺ​មិន​គ្រាន់​តែ​ជា​យល់​ស្រប​ចំពោះ​មតិ គំនិត ឬ​គោល​លទ្ធិ​អ្វី​មួយ​ប៉ុណ្ណោះ​ទេ ។ តាម​​ន័យ​ព្រះ​គម្ពីរ​ប៊ីប សេចក្តី​ជំនឿ​មិន​គ្រាន់​តែ​រាប់បញ្ចូល​ការ​ផ្លាស់​ប្តូរ​ជំនឿ​លើ​ខ្លួន​ឯង ទៅ​ជា​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​ទេ ។ គឺ​ប្រៀប​ដូច​ជា​យើង​ដក​ទ្រព្យសម្បត្តិ​ទាំង​អស់​ដែល​យើង​សន្សំ​ទុក​ក្នុង​ធនាគារ​អាត្មា​ខ្លួន​ឯង ហើយ​យក​ទៅ​ដាក់​នៅ​ក្នុង​ធនាគារ​របស់​ព្រះ​គ្រីស្ទ​វិញ ។
មាន​ពេល​ញឹកញាប់​ពេក​ហើយ​ ដែល​យើង​ឮ​គេ​និយាយ​ (ឬ​យើង​ធ្លាប់​គិត​ខ្លួន​ឯង)​ថា «ខ្ញុំ​បាន​រស់​នៅ​ធ្វើ​ជា​មនុស្ស​ល្អ ។ ខ្ញុំ​ជឿជាក់​ថា ព្រះ​នឹង​មាន​សេចក្តី​មេត្តា​ចំពោះ​ខ្ញុំ ហើយ​បំពេញ​ចំណុច​ខ្វះខាត​របស់​ខ្ញុំ ។ ខ្ញុំ​នឹង​មិន​ធ្លាក់​នរក​ទេ» ។ យើង​រាល់​គ្នា​ជួប​ការ​ល្បួង​ឲ្យ​គិត​​ថា បើ​យើង​ធ្វើ​អ្វី​មួយ ហើយ​ជៀសវាង​ការ​ធ្វើ​អ្វី​ផ្សេង​ទៀត នោះ​ព្រះ​ទ្រង់​នឹង​ធ្វើ​នៅ​ក្នុង​ផ្នែក​របស់​ទ្រង់​ដើម្បី​យើង ។ ប៉ុន្តែ ការ​យល់​ឃើញ​ដូច​នេះ បាន​បង្ហាញ​អំពី​ការ​ពឹងផ្អែក​លើ​ខ្លួន​ឯង ហើយ​ទោះ​ក្នុង​ផ្លូវ​សាសនា ឬ​អត់ គឺ​មិន​បាន​សម​ស្រប​​នឹង​ព្រះ​គម្ពីរ​ប៊ីប​ទេ ។ 
ព្រះ​គម្ពីរ​ប៊ីប​បាន​បង្រៀន​ថា ជំនឿ​ពិត​គឺ​មាន​តែ​ការ​ពឹងផ្អែក​លើ​ព្រះ​គ្រីស្ទ និង​ទុក​ចិត្ត​ព្រះ​អង្គ​ប៉ុណ្ណោះ ។ គឺ​ដូច​ដែល​សាវ័ក ​ប៉ុល​បាន​ពិពណ៌នា​ម្តង​ហើយ​ម្តង​ទៀត អំពី​សេចក្តី​ជំនឿ ។ គាត់​ចង់​ឲ្យ​គេ​បាន​ឃើញ​គាត់​នៅ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​សុចរិត​ដែល​មក​ពី​សេចក្ដី​ជំនឿ​ដល់​ព្រះ​គ្រីស្ទ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​គាត់ ដែល​មក​ពី​ក្រិត្យ​វិន័យ​នោះ​ទេ «គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សេចក្ដី​ជំនឿ​វិញ»​ (ភីលីព ៣:៩) ។ 
លោកគ្រូ មា​ទីន លូ​ស័រ (Martin Luther) ជា​អ្នក​កំណែ​ទម្រង់​ដ៏​ល្បីល្បាញ ដែល​ទីបំផុត គាត់​បាន​ដឹង​ថា សេចក្តី​ជំនឿ គឺ​ជា​ការ​ទទួល​ជឿ​ព្រះ​គ្រីស្ទ​តែ​ម្យ៉ាង ដើម្បី​ទទួល​បាន​សេចក្តី​សុចរិត គឺ​ដូច​ដែល​គាត់​បាន​លើក​ឡើង​ថា «នៅ​ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ហាក់​ដូច​ជា​បាន​កើត​ជា​ថ្មី ហើយ​បាន​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌ តាម​ទ្វារ​ចំហ​ភ្លាមៗ ។49 ទ្វារ​នោះ​បើក​ចំហ​​សម្រាប់​តែ​អ្នក​ដែល​បាន​ងាក​មក​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ គឺ​ដូច​កណ្ឌ​គម្ពីរ​វិវរណៈ​បាន​ចែង​ថា «មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ»​ (វិវរណៈ ២២:១៤) ។ មនុស្ស​ដែល​មាន​ពរ​នោះ​មិន​ទាន់​បាន​លាង​សម្អាត​ខ្លួន​ឯង​ទេ តែ​បាន «បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម»​ (៧:១៤) ។ 
ព្រះ​ទ្រង់​ទទួល​យក​អ្នក​ដែល​ថ្វាយ​ជីវិត​ទាំង​ស្រុង​ដល់​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌ ។ បើ​អ្នក​ជឿ​ព្រះ​គ្រីស្ទ​ក្នុង​ពេល​សព្វ​ថ្ងៃ នោះ​អ្នក​ក៏​នឹង​បាន​ទទួល «ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ​រាជបុត្រា​នោះ ដោយ​សារ​ព្រះ​លោហិត​ទ្រង់»​ (អេភេសូរ ១:៧) ។ បើ​អ្នក​បាន​ដាក់​ជំនឿ និង​ក្តី​សង្ឃឹម​ទាំង​អស់​​លើ​​ព្រះ​យេស៊ូវ និយាយរួម បើ​អ្នក​ជឿ​ព្រះ​អង្គ នោះ​ជីវិត និង​ក្តី​អំណរ​ដ៏​អស់​កល្ប ដែល​ជា​ទ្រព្យ​ដ៏​ស្ថិតស្ថេរ​កំពុង​រង់​ចាំ​អ្នក​ហើយ ។ ចូរ​ប្រាកដ​ថា អ្នក​បាន​ថ្វាយ​អ្វី​ទាំង​អស់​ដល់​ព្រះ​អង្គ ហើយ​មិន​ឲ្យ​ទៅ​​អ្វី​មួយ ឬ​នរណា​ផ្សេង​ទៀត​ឡើយ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ រ៉ូម ៣:២១-៣១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យេរេមា ៣២-៣៣ និង ម៉ាថាយ ២៦:២៦-៤៦

ប្រភេទ