នំម៉ាណាប្រចាំថ្ងៃ
ពឹងផ្អែក​លើ​ព្រះ​បន្ទូល​ព្រះ​អង្គ

ពឹងផ្អែក​លើ​ព្រះ​បន្ទូល​ព្រះ​អង្គ

ដោយAlistair Begg

June 19, 2026

«ទាំង​លះចោល​អស់​ទាំង​សេចក្ដី​ស្មោកគ្រោក​ចេញ នឹង​សេចក្ដី​គំរក់​ដ៏​មាន​ច្រើន​ម្ល៉េះ​ចេញ​ផង ដ្បិត​ព្រះ​បន្ទូល​នោះ​អាច​នឹង​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា​បាន» ។ យ៉ាកុប ១:២១
ជា​ញឹកញាប់ គេ​សួរ​ខ្ញុំ​ថា «តើ​អ្នក​បាន​​ផ្អែក​ទៅ​លើ​អ្វី?» ពេល​ដែល​ខ្ញុំ​មើល​អាវ​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ដឹង​ច្បាស់​ថា មាន​ស្នាម​ប្រឡាក់​នៅ​លើ​អាវ​របស់​ខ្ញុំ ដោយ​សារ​ខ្ញុំ​បាន​ផ្អែក​ទៅ​លើ​អ្វី​មួយ ដែល​ធ្វើ​ឲ្យ​អាវ​ប្រឡាក់ ។ នៅ​ពេល​នោះ ខ្ញុំ​តាំងចិត្ត​ថា ខ្ញុំ​នឹង​មាន​ការប្រុងប្រយ័ត្ន​ជាង​មុន ពេល​ខ្ញុំ​ផ្អែក​ទៅ​លើ​អ្វី​មួយ ។
តាម​ន័យ​ខាង​វិញ្ញាណ យើង​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​អ្វី​ដែល​យើង​ផ្អែក​ពី​លើ​ផង​ដែរ ។ ដែល​យើង​ងាយ​នឹង​ប្រឡាក់​អាវ ដោយ​សារ​យើង​ផ្អែក​ទៅ​លើ​ក្តារ​ខៀន​ដែល​គេ​សរសេរ​នឹង​ដីស​ជា​យ៉ាង​ណា នោះ​យើង​ក៏​ងាយ​នឹង​មាន​ការ​ប្រឡាក់​ខាង​វិញ្ញាណ ដោយ​សារ​យើង​ផ្អែក​ទៅ​លើ​បាប​ផង​ដែរ ។ យើង​មិន​គួរ​ព្រងើយកន្តើយ ចំពោះ​ការ​អាក្រក់​ដែល​កំពុង​កើនឡើង​នៅ​ជុំវិញ និង​នៅ​ក្នុង​យើង​នោះ​ទេ ។ យើង​ពិត​ជា​ងាយ​នឹង​ប្រព្រឹត្ត​អំពើ​បាប តាម​រយៈ​ភ្នែក និង​គំនិត​របស់​យើង តែ​ទំរាំ​យើង​ដឹងខ្លួន បាប​បាន​បន្សល់ទុក​ស្លាកស្នាម​របស់​វា​ហើយ ។
អាកប្បកិរិយា​ដែល​យើង​មាន​ចំពោះ​បាប ក្នុង​សប្តាហ៍​បន្ទាប់ នឹង​មាន​ផល​ប៉ះពាល់​មក​លើ​របៀប​ដែល​យើង​ស្តាប់​ព្រះ​បន្ទូល​ព្រះ ដែល​បាន​ចែកចាយ​មក​កាន់​យើង នៅ​ថ្ងៃ​អាទិត្យ ។ ស្នាម​ប្រឡាក់​ខាង​វិញ្ញាណ គឺ​ជា​ឧបសគ្គ​រារាំង​មិន​ឲ្យ​យើង​ស្តាប់ និង​ទទួល​ប្រយោជន៍​ពី​ព្រះ​គម្ពីរ​ប៊ីប ។ សណ្ឋាន​នៃ​ចិត្ត​របស់​យើង ក្នុង​ការផ្សាយ​ព្រះ​បន្ទូល​ព្រះ ក៏​សំខាន់​ណាស់​ដែរ ។ អ្នក​ខ្លះ​ចូល​មក​រក​ព្រះ​បន្ទូល​ព្រះ ដោយ​មាន​ស្នាម​ប្រឡាក់​នៃ​ការ​បត់បែន​តាម​លោកិយ ដែល​មាន​ការ​អាក្រក់ និង​ភាព​ស្មោកគ្រោក ឬ​មាន​ស្នាម​សំ​ឡាក​នៃ​ការ​មិន​ស្តាប់​បង្គាប់ ។ យើង​មិន​អាច​ប្រព្រឹត្ត ដោយ​ភាព​មិន​នឹងនរ​យ៉ាង​ដូច​នេះ ហើយ​រំពឹង​ថា យើង​នឹង​ទទួល​បាន​អ្វី​មួយ​ពី​ព្រះ​អម្ចាស់​នោះ​ឡើយ​ (យ៉ាកុប ១:៧-៨) ។ នៅ​ពេល​ដែល​គ្រូគង្វាល​អធិប្បាយ​ព្រះ​បន្ទូល​ ពី​ថ្ងៃ​អាទិត្យ​មួយ​ទៅ​ថ្ងៃ​អាទិត្យ​មួយ​ទៀត ហើយ​អ្នក​ខ្លះ ក្នុង​ពួកជំនុំ​រីក​លូតលាស់ ហើយ​មាន​ភាព​ពេញ​វ័យ តែ​អ្នក​ដទៃ​ទៀត​មិន​បាន​លូតលាស់ គឺ​បណ្តាល​មក​ពី​ចិត្ត​ដែល​ជា​ដី មិន​មែន​ដោយ​សារ​ព្រះ​បន្ទូល​ដែល​ជា​គ្រាប់ពូជ​នោះ​ទេ ។ 
ចូរ​យើង​កត់សំគាល់​ថា លោក ​យ៉ាកុប​មិន​បាន​ប្រាប់​យើង ឲ្យ​គ្រាន់​តែ​អធិស្ឋាន អំពី​​ស្នាម​ប្រឡាក់​នោះ​ទេ តែ​ក៏​បាន​ប្រាប់​យើង​ឲ្យ​លប់​បំបាត់​វា​ផង​ដែរ ។ តើ​ដោយ​របៀប​ណា? គឺ​ដោយ​ជំនួយ​ពី​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់ ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទគម្ពីរ​ទំនុកដំកើង​បាន​ពោល​ថា «មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ​សារ​អ្វី គឺ​ដោយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​នៃ​ទ្រង់»​ (ទំនុកដំកើង ១១៩:៩) ។ ព្រះ​គម្ពីរ​ប៊ីប​មាន​តួនាទី​ប្រៀប​ដូច​ជា​ឧបករណ៍​ចម្រោះ​ទឹក ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ត្រូវ​ប្ដេជ្ញា​ចិត្ត​ដើរ​ចេញ​ពី​បាប ដែល​យើង​បាន​ផ្អែក​ទៅ​លើ​ជា​ញឹកញាប់​ពេក ហើយ​យើង​ត្រូវ «បន្ទាប​ខ្លួន​ទទួល​ព្រះ​បន្ទូល​ចាក់​ឬ​ស​នៅ​ក្នុង​ចិត្ត​យើង» ។ យើង​ប្រហែល​មិន​យល់​អំពី​អ្វីៗ​ទាំង​អស់​ទេ តែ​យើង​ទទួល​យក និង​អនុវត្ត​តាម​អ្វី​ដែល​យើង​យល់ ដោយ​ការ​បន្ទាប​ខ្លួន ។ 
នៅ​ពេល​ដែល​អ្នក​ទទួល​ព្រះ​បន្ទូល​ព្រះ ដោយ​ការ​បន្ទាប​ខ្លួន អ្នក​ក៏​ទទួល​បាន​សេចក្តី​សង្គ្រោះ នៅ​ថ្ងៃ​នេះ ថ្ងៃស្អែក និង​អស់​កល្ប​ជា​និច្ច ។ ព្រះ​បន្ទូល​ទ្រង់​សង្គ្រោះ​អ្នក ឲ្យ​រួច​ពី​ការ​មាន​ពុត ដែល​ជា​ឃាតករ​លាក់មុខ ខាង​វិញ្ញាណ ។ ព្រះ​បន្ទូល​ទ្រង់​ក្រើន​រំឭក​អ្នក​ថា ព្រះ​អង្គ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​ទោស​របស់​បាប តាម​រយៈ​ការ​សុគត​របស់​ព្រះ​រាជ​បុត្រា​ទ្រង់ ។ ព្រះ​បន្ទូល​ព្រះ​អង្គ​ធានា​ដល់​អ្នក​ថា អ្នក​បាន​រួច​ពី​អំណាច​របស់​បាប និង​អាច​ជ្រើសរើស​យក​សេចក្តី​សុចរិត​វិញ ។ តើ​អ្នក​កំពុង​ផ្អែក​ទៅ​លើ​អ្វី? តើ​មាន​បាប​ដែល​លោកិយ​កំពុង​ទទួល​យក និង​លើក​ដំកើង តែ​អ្នកចាំ​បាច់​ត្រូវ​ដើរ​ចេញ​ពី​វា​ដែរ​ឬ​ទេ? ចូរ​ចូល​មក​នៅ​ចំពោះ​ព្រះ​បន្ទូល​ព្រះ​អង្គ​នៅ​ថ្ងៃ​នេះ ។ ចូរ​ពឹងផ្អែក​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ដើម្បី​ឲ្យ​បាន​ស្អាង​ឡើង​វិញ និង​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី ។ ចូរ​ទទួល​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​អរសប្បាយ ចំពោះ​ព្រះ​បន្ទូល​ទ្រង់ ដែល​មាន​អំណាច​លាង​សម្អាត!


ខគម្ពីរ​ជញ្ជឹង​គិត៖ ម៉ាកុស ៩:៤២-៥០
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យេរេមា ៣៧-៣៩ និង ម៉ាថាយ ២៧:១-២៦
 

ប្រភេទ