
ទៅរកព្រះបន្ទូល
ដោយAlistair Begg
June 21, 2026
«ចូរទៅបើកគម្ពីរបញ្ញត្ត នឹងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ» ។ អេសាយ ៨:២០
យើងកំពុងរស់នៅ ក្នុងយុគសម័យដែលមានលក្ខណៈពិសេស តាមរបៀបជាច្រើន ។ យើងមានបច្ចេកវិទ្យា ដែលយើងអាចប្រើម្រាមដៃចុចនៅពេលណាក៏បាន ដែលផ្តល់ឲ្យយើងនូវលទ្ធភាពទទួលព័ត៌មាន ដែលគេមិនអាចទទួលបាន កាលប៉ុន្មានទសវត្សរ៍មុន ។ យើងអាចបន្តទំនាក់ទំនងជាមួយមិត្តភក្ដិនៅជុំវិញពិភពលោក យើងអាចចែករំលែកគំនិតយោបល់របស់យើងតាមបណ្ដាញសង្គម តាមទំនើងចិត្ត ហើយយើងមិនចាំបាច់ត្រូវរង់ចាំដល់ពេលថ្ងៃស្អែក ដើម្បីទទួលព័ត៌មានដែលគេកំពុងផ្សព្វផ្សាយនោះឡើយ ។
ប៉ុន្តែ យើងយល់ច្រឡំហើយ បើសិនជាយើងសន្និដ្ឋានថា អ្វីៗគ្រប់យ៉ាងក្នុងជីវិតយើង មានភាពខុសប្លែកទាំងស្រុងពីជីវិតមនុស្សសម័យមុន ក្នុងប្រវត្តិសាស្រ្ត ។ ប្រជាជនអ៊ីស្រាអែលដែលហោរាអេសាយបានថ្លែងទំនាយ កាលជាងពី២៥០០ឆ្នាំមុន មិនមានឱកាសទទួលព័ត៌មាន ក្នុងរយៈពេល២៤ម៉ោង ពេញមួយសប្តាហ៍នោះទេ ប៉ុន្តែ ពួកគេក៏ជួបការល្បួង ដោយសារសម្លេងរំខាន ឲ្យបែកអារម្មណ៍ចេញពីសេចក្តីពិត មិនខុសពីយើងឡើយ ។ ហោរាអេសាយបានរៀបរាប់ថា មានពួកសាសន៍អ៊ីស្រាអែលខ្លះចង់ «រកពួកគ្រូខាប នឹងគ្រូគាថា» ហើយខ្លះទៀត «រកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់» (អេសាយ ៨:១៩) ។
យើងក៏មានលក្ខណៈដូចនេះ មិនខុសពីពួកអ៊ីស្រាអែលឡើយ ។ យើងប្រហែលមិនរកគ្រូទាយ និងគ្រូបញ្ជាន់ខ្មោចនោះទេ (ទោះអំពើទាំងអស់នេះនៅតែមានការពេញនិយម ក្នុងសម័យវិទ្យាសាស្រ្តជឿនលឿនក៏ដោយ) ប៉ុន្តែ យើងក៏មិនខ្វះប្រភពនៃ «សេចក្តីពិត» នៅជុំវិញយើងដែរ ។ បញ្ហាចម្បងមិនស្ថិតនៅត្រង់ថា យើងខ្វះព័ត៌មានល្អៗ និងការប្រឹក្សាប្រកបដោយប្រាជ្ញា គឺមិនខុសសម័យមុនទេ ។ ប៉ុន្តែ បញ្ហាស្ថិតនៅត្រង់ថា យើងបានបែរត្រចៀក និងចិត្តយើង ទៅរកការកុហក ។
ហេតុនេះហើយ ហោរាអេសាយបានឆ្លើយតប ចំពោះអ្នកស្តាប់របស់គាត់ ក៏ដូចជាចំពោះយើងថា ព្រះអម្ចាស់បានមានបន្ទូល «ជាសេចក្តីបង្រៀន និងសេចក្តីបន្ទាល់» ហើយព្រះបន្ទូលទ្រង់គួរតែជាសម្លេងដែលគ្រប់គ្រងជីវិតយើង និងគួរតែមានឥទ្ធិពលជាមូលដ្ឋានមកលើរបៀបដែលយើងគិត និងប្រព្រឹត្ត ។ បើយើងចុះចូលឥទ្ធិពលរបស់ព័ត៌មាន និងដំណឹងរបស់លោកិយឥតឈប់ឈរ នោះវាមិនចម្លែកទេ នៅពេលដែលយើងមានការថប់បារម្ភកាន់តែខ្លាំងនោះ ។ បើយើងចំណាយពេលច្រើនសន្ធឹក ក្នុងបណ្ដាញសង្គម នោះវាក៏មិនចម្លែកដែរ នៅពេលដែលយើងមានអារម្មណ៍ឯកោកាន់តែខ្លាំង ។ បើយើងស្វែងរកគំនិតយោបល់ពីគ្រូរបស់លោកិយ នោះយើងនឹងវង្វេងចេញពីសេចក្តីពិតមិនខាន គឺគ្មានអ្វីចម្លែកទេ ។
តើអ្នកបានចាត់ទុកព្រះសូរសៀងរបស់ព្រះ ជាសំខាន់ជាងគេឬទេ? តើអ្នកបានចាត់ទុកព្រះបន្ទូលព្រះអង្គ ជាសំខាន់ជាងសម្លេងផ្សេងទៀតដែលអ្នកកំពុងស្តាប់ឮឬទេ? ឬអ្នកថ្វាយពេលដល់ព្រះអង្គ តែមួយម៉ោង នៅថ្ងៃអាទិត្យ ដោយគិតស្មានថា ពេលមួយម៉ោងនេះនឹងគ្រប់គ្រាន់សម្រាប់អ្នក ពេញមួយសប្តាហ៍ឬ? ព្រះអាទិករត្រាស់ហៅរាស្រ្តទ្រង់ ឲ្យកែប្រែគំនិត ដោយការផ្លាស់ប្រែ ដោយព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គ និងដោយជញ្ជឹងគិតព្រះបន្ទូលព្រះអង្គទាំងយប់ថ្ងៃ (រ៉ូម ១២:២) ។ មនុស្សមានពរមិនមែនជាអ្នកដែលដឹងព័ត៌មាន និងរឿងថ្មីៗគ្រប់យ៉ាង ឬដឹងអំពីរឿងវិបត្តិនៃវប្បធម៌នោះទេ តែជាអ្នកដែល «ត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ» (ទំនុកដំកើង ១:២) ។
តើអ្នកកំពុងអាន ស្តាប់ ឬជាប់ចិត្តនឹងអ្វីខ្លាំងជាងគេ? ប្រហែលពេលនេះគឺជាពេលប្ដេជ្ញាចិត្តជាថ្មី ចំពោះ «សេចក្តីបង្រៀន» ដោយអាន ជញ្ជឹងគិត និងទន្ទេញព្រះបន្ទូលព្រះអង្គ ដើម្បីជាប្រយោជន៍ និងដើម្បីភាពនឹងនរនៃវិញ្ញាណរបស់អ្នក ។
ខគម្ពីរជញ្ជឹងគិត៖ លូកា ៩:២៨-៣៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៤៣-៤៥ និង ម៉ាថាយ ២៧:៥១-៦៦